តើអ្នកនិងធ្វើដូចម្តេចបើសង្សាររបស់អ្នកកំពុងជិះម៉ូតូជាមួយប្រុសផ្សេង? – Kalib9 សង្គម & ជិវិត | Kalib9
kalib9

តើអ្នកនិងធ្វើដូចម្តេចបើសង្សាររបស់អ្នកកំពុងជិះម៉ូតូជាមួយប្រុសផ្សេង?

 

ការ​ប្រច័ណ្ឌ​ គឺ​ជា​រឿង​ជៀស​​មិន​ផុត​ទេ ក្នុង​ទំនាក់ទំនង​ស្នេហា។ បើ​​ការ​​ស្រឡាញ់​កាន់​តែ​ខ្លាំង ទំហំ​នៃ​ការ​ប្រច័ណ្ឌ​ក៏​កាន់​តែ​ខ្លាំងក្លា​​ដែរ រហូត​ធ្វើ​​ឲ្យ​មនុស្ស​ម្នាក់​ ជួន​កាល​ មិន​អាច​​ទប់​អារម្មណ៍​​របស់​ខ្លួន​​បាន។ ចុះ​បើ​ថ្ងៃ​ណា​មួយ​ អ្នក​ឃើញ​សង្សារ​​ជិះ​​ម៉ូតូ​ជាមួយ​ប្រុស​​ផ្សេង​ ភ្លាម​ៗ​នោះ ​តើ​អ្នក​នឹង​សម្រេច​ចិត្ត​​​​យ៉ាង​ម៉េច​​?

ខាង​ក្រោម​នេះ​ ជា​ទស្សនៈ​របស់​យុវជន​៤​​នាក់ ដែល​មាន​​ខ្លះ​ឆ្លើយ​ថា នឹង​ឃាត់​ម៉ូតូ​នោះ​ដើម្បី​សួរ​នាំ​ភ្លាម​តែ​ម្ដង ប៉ុន្តែ​ខ្លះ​ទៀត​ឆ្លើយ​ថា នឹង​តាមដាន​សិន​ ទើបចូល​ទៅ​សួរ​នាំ​​​តាម​ក្រោយ​។

យុវជន ឯក សុធា និស្សិត​ឆ្នាំ​ទី​១ ជំនាញ​ គណនេយ្យ នៅ​សាកលវិទ្យាល័យ​ ឯកទេស​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា៖ “​ខ្ញុំនឹង​សម្រេច​ចិត្ត​ឃាត់​ម៉ូតូ​​ដែល​ដុប​​សង្សារ​របស់​ខ្ញុំ​នោះ​ឲ្យ​ ឈប់ ហើយ​សួរនាំ​​ទៅ​​បុរស​​ម្នាក់​នោះ និង​ភាគី​ខាង​ស្រី ដើម្បី​ឲ្យ​ដឹង​គ្នា​ច្បាស់​លាស់​​ ថា​តើ​នាង​ជ្រើសរើស​យក​មួយ​ណា​ ហើយ​នៅ​ស្រឡាញ់​យើង​ទៀត​ដែរ​ ឬ​អត់ ដើម្បី​បញ្ចប់​​បញ្ហា​នោះ​តែ​ម្ដង​​”។

យុវជន ​ នៅ​ បូរ៉ា និស្សិត​ឆ្នាំ​ទី​១ ជំនាញ​វិស្វករ​អគ្គិសនី ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ដែល​​មាន​គំនិត​ស្រដៀង​គ្នា​​នឹង​យុវជន​ខាង​លើ​​ដែរ បាន​ឲ្យ​ដឹង​ថា៖ “​ពេល​នោះ​ ខ្ញុំ​ប្រហែល​ជា​សម្រេច​ចិត្ត ជិះ​តាម​ដាន​ពួកគេ​ពី​ក្រោយ​ ហើយ​ចាំ​មើល​សកម្មភាព​គេ​សិន។ បើ​គ្រាន់តែ​ជិះ​ធម្មតា​ មិន​ឱប​ចង្កេះ​​គ្នា​ពី​​ក្រោយ​ វា​មិន​អី​ទេ។ ជួន​កាល​ គេ​ទាំង​ពីរ​​អាច​ជា​មិត្តភ័ក្ដិ​នឹង​គ្នា។​ ប៉ុន្តែ​​បើ​មាន​សកម្មភាព​ចាក់​ក្រឡេច លេង​​​សើច​សប្បាយ​ក្នុង​ន័យ​ស្នេហា​ ច្បាស់​ជា​ឃាត់​សិន​ហើយ​ ដើម្បី​សួរ​នាំ​រក​ការ​ពិត​​ឲ្យ​ច្បាស់​តែ​ម្ដង​”។

​យុវជន​ មាស សុខ និស្សិត​ឆ្នាំ​ទី​២ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ដែល​មាន​ភាព​អត់ធ្មត់​ខ្ពស់​ ច្រើន​​ បាន​ឲ្យ​ដឹង៖ “​ខ្ញុំ​​នឹង​ជិះ​តាម​ពី​ក្រោយ​ មើល​ស្ថាន​ភាព​សិន។ ជួនកាល​បុរស​ម្នាក់​នោះ​​អាច​ជា​អ្នក​រត់​ម៉ូតូ​ឌុប ក៏​យើង​មិន​ដឹង។ ដូច្នេះ​​មាន​តែ​ជិះ​តាម​ពី​ក្រោយ​ រហូត​​ដឹង​ថា​ គេ​ទាំង​ពី​រ​នាក់​ទៅ​ណា​សិន​ ហើយ​ចាំ​ណាត់​នាងជួប​​គ្នាពេល​ក្រោយ​ និយាយ​ជាមួយ​នាង​ឲ្យ​ច្បាស់​ពី​​ហេតុផល​”។

យុវជន​រូប​នេះ​បាន​បន្ថែម​ថា៖ “​ខ្ញុំ​ធ្វើ​បែប​នេះ ព្រោះ​ចង់​រក្សា​ចំណង​ស្នេហ៍​ ឲ្យ​នៅ​ដដែល។​ ទោះ​​ម្នាក់​នោះ​គឺ​ជា​អ្នក​ថ្មី​របស់​គេ ក៏​យើង​អាច​និយាយ​គ្នា​ឲ្យ​ច្បាស់លាស់។​ បើ​គេ​អស់​ចិត្ត​ពី​យើង​ហើយ​ ក៏​បែក​គ្នា​តែ​ម្ដង​ទៅ​”។

យុវជន អ៊ុយ ពិសិទ្ធិ​ និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​​​ធន​ធាន​មនុស្ស​ ដែល​​មាន​​គំនិត​ផ្ទុយ​ពី​​អ្នក​ទាំង​បី​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា៖ “មាន​តែ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ ដោយ​ធ្វើ​​មិន​ដឹង​​មិន​ឮ​​ រួច​ហើយ​​ចាំ​សួរនាំ​​នាង​នៅ​ពេល​ក្រោយ ជៀសវាង​ការ​បង្ក​អំពើ​ហិង្សា ព្រោះ​ពាក្យ​​ចាស់​លោក​​ថា ខឹង​ខូច​ ខឹង​ខុស​ ខឹង​ខាត។ បើ​ចិត្ត​គេ​ស្រឡាញ់​យើង​ គេ​ច្បាស់ជា​​ប្រាប់​យើង​ គេ​មិន​លាក់លៀម​ទេ។ ហើយ​បើ​គេ​អស់​ចិត្ត​ពី​​យើង គេ​​ខ្លាច​អី​​នឹង​បញ្ចប់​និស្ស័យ​​ជាមួយ​គ្នា​នោះ​ ព្រោះ​ជា​រឿង​មុន​ និង​ក្រោយ​ប៉ុណ្ណោះ​”។