សួនឧទ្យានផលិតថាមពលពីពន្លឺព្រះអាទិត្យលើកដំបូងនៅកម្ពុជា – Kalib9 គំនិត | Kalib9
kalib9

សួនឧទ្យានផលិតថាមពលពីពន្លឺព្រះអាទិត្យលើកដំបូងនៅកម្ពុជា

កន្លងមកប្រទេសកម្ពុជា ពុំធ្លាប់មានសួនឧទ្យានថាមពលពីពន្លឺព្រះអាទិត្យនេះទេ  ទើបតែពេលនេះទេ ដែលប្រទេសកម្ពុជាបង្កើតឱ្យមានសួនឧទ្យានថាមពលពីពន្លឺព្រះអាទិត្យនេះ ដែលគេរំពឹងថា អាចជួយផ្គត់ផ្គង់ថាមពលអគ្គិសនីបានមួយផ្នែក  ។

ឯកឧត្តម កែវ រតនៈ ជាអគ្គនាយក អគ្គិសនីកម្ពុជា (EDC) បានមានប្រសាន៍ថា នេះជាឧទ្យានថាមពលពីពន្លឺព្រះអាទិត្យលើកទីមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានអនុភាពផលិតជាថាមពលអគ្គិសនីបាន  ១០ មេហ្កាវ៉ាត់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការផលិតថាមពលស្អាតប្រភេទនេះឱ្យកាន់តែច្រើននៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ដើម្បីផ្គុំជាមួយប្រភពដទៃទៀតដូចជាវារីអគ្គិសនីដើម្បីជម្រុញការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនទាន់មានប្រភពផលិតថាមពលអគ្គិសនី ដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់នៅឡើយទេ ។ ថាមពលអគ្គិសនី ដែលផ្គត់ផ្គង់ក្នុងស្រុករាល់ថ្ងៃនេះ គឺមួយផ្នែក កម្ពុជាបានតបណ្តាញមកពីបណ្តាប្រទេសជិតខាងមួយចំនួន ដូចជា ប្រទេសវៀតណាម និង ថៃ ជាដើម ។ បើប្រៀបធៀបជាមួយបណ្តាប្រទេស ដទៃទៀត នៅជិតខាងយើង តម្លៃភ្លើងនៅក្នុងប្រទេសកម្ពុជា នៅតែមានតម្លៃថ្លៃជាងបណ្តាប្រទេសទាំងនោះដដែល  ។ តែទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ដោយបានបង្កើតប្រភពផ្គត់ផ្គង់ ឬ ផលិតថាមពលអគ្គិសនី តាមរយៈការបង្កើតទំនប់វារីអគ្គិសនី និង ឧទ្យានថាមពលពីពន្លឺព្រះអាទិត្យនេះ ដើម្បីផលិតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ហើយគេសង្ឃឹមថា នៅថ្ងៃអនាគត តម្លៃថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា នឹងមានតម្លៃធូរថ្លៃ ជាងពេលបច្ចុប្បន្ននេះ ៕ ឧត្តម

ប្រភពពីគេហទំព័រ ប្រជាប្រិយ – សួនឧទ្យានផលិតថាមពលពីពន្លឺព្រះអាទិត្យលើកដំបូងនៅកម្ពុជា !​​

error: Content is protected !!