​សួនច្បារ​បង្កើន​ហុងស៊ុយ​ដល់​ផ្ទះសម្បែង​ – Kalib9 សង្គម & ជិវិត ហុងស៊ុយ | Kalib9
kalib9

​សួនច្បារ​បង្កើន​ហុងស៊ុយ​ដល់​ផ្ទះសម្បែង​

ការរៀបចំ​ឱ្យមាន​សួនច្បារ​នៅក្នុង​បរិវេណ​ផ្ទះសម្បែង​ចាត់ទុកថា ជា​កត្តា​មួយ​សំខាន់​បំផុត​នៅក្នុង​យុគសម័យនេះ ព្រោះ​សួន​បាន​ក្លាយទៅជា​ចំណុច​សំខាន់​មួយ​ដោយសារ ជា​មុខជា​មាត់​ដល់​គេហដ្ឋាន ។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជាការបំពេញ​បន្ថែម​ហុងស៊ុយ​បាន​យ៉ាង​ល្អ​ទៀតផង ។​

​ ​១-​ទីតាំង​សួង​ច្បារ​គួរ​ស្ថិត​នៅ​ទិស​ខាងកើត​
​ការកំណត់​ផ្ទៃ​សម្រាប់​រៀបចំ​សួនច្បារ​នៅក្នុង​បរិវេណ​ផ្ទះ​ចាត់ទុកថា ជា​កត្តា​ដំបូង​គេ​ដែល​ត្រូវ​លើក​មក​ពិចារណា ។ នៅក្នុង​តម្រា​ហុងស៊ុយ​មិនបាន​និយាយថា គួរ​ធ្វើ​នៅ​ទិស​ខាងកើត ព្រោះ​មាន​ហេតុផល​ថា ទិស​នេះ​ជា​ភព​ដែល​ព្រះអាទិត្យ​រះឡើង ។ ពន្លឺ​ថ្ងៃ​នា​ពេល​ព្រឹក​វា​ជួយ​ជំរុញ​ឱ្យ​រុក្ខជាតិ​ដុះ​លូតលាស់​ល្អ​មាន​ពណ៌​ខៀវស្រងាត់ ព្រោះ​មាន​កម្តៅ​មិន​ក្តៅ​ពេក​។​

​ ​២-​សួនច្បារ​ត្រូវ​រៀបចំ​ឱ្យមាន​ធាតុ​ទាំង​៥ គឺ​ទឹក ឈើ ភ្លើង ដី និង​មាស
​សួនច្បារ​ដែល​ចាត់ទុកថា មាន​លក្ខណៈ​ល្អ​គួរ​មាន​ផ្សំ​ទៅដោយ​ដើមឈើ​(​ធាតុ​ឈើ​) ទឹកធ្លាក់​ទឹកផុស អាង​ឈូក ស្រះ​ត្រី (​ធាតុ​ទឹក​) ពន្លឺ​ថ្ងៃ​ជះ​ដល់​(​ធាតុ​ភ្លើង​) មាន​ដី​សម្បូរ​ជីវជាតិ (​ធាតុ​ដី​) និង​ចំណុច​ដែល​សំខាន់​ត្រូវមាន​ការតុបតែង​សួន​ឱ្យ ស្រស់ត្រកាល ​(ធាតុ​មាស​) មិនមែន​បណ្តោយ​ឱ្យ​ស្តុក​មើល​មិនយល់​ក្លាយទៅជា​ព្រៃ​នោះ​ទេ ។​

​ ​៣-​ចំណុច​ទឹកធ្លាក់​ត្រូវ​បែរមុខ​រក​ផ្ទះ​ជា​និច្ច​
​ការតុបតែង​សួនច្បារ​ដោយ​មាន​ទឹក​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ក្បួនហុងស៊ុយ​បាន​កត់ត្រា​ទុក​ថា ឱ្យមាន​ការប្រុងប្រយ័ត្ន​ពិសេសបំផុត​នោះ គឺ​ករណី​មុខ​ទឹកធ្លាក់​គួរតែ​មាន​មុខ​បែរ​ចូល​ទៅ​រក​ផ្ទះ ហាម​បែរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ មាន​ន័យ​ទៅ​ដល់​រឿង​លុយកាក់​ មាស​ប្រាក់​ហូរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​យ៉ាង​ដូច្នេះ​ដែរ ។​
​ ​កត្កា​សំខាន់​ទឹក​ត្រូវ​បាន​គេ​ចាត់ទុ​ក​ថា ជា​តំណាងឱ្យ​លាភ​សំណាង​លុយកាក់​នោះ​ឯង ។ នេះ​ជា​ច្បាប់​មួយ​ដែលគួរ​ចងចាំ​ទុក​មុនពេល​ធ្វើ​សួន​ក្នុង​បរិវេណ​ផ្ទះសម្បែង ។​

​ ​៤-​ស្រះ ឬ​អណ្តូងទឹក​តោង​មាន​រូបភាព​មិនអាក្រក់​
​ការជីក​ស្រះ​ឬ​អណ្តូងទឹក​នៅក្នុង​សួនច្បារ​អ្វីដែល​គួរពិចារណា​មុនគេ​នោះ គឺ​រូបរាង​ទ្រង់ ទ្រាយ​របស់​វា ។ នៅក្នុងក្បួន​ហុងស៊ុយ​គេ​កំណត់​ឱ្យធ្វើ​បែបណា​កុំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់អ្នករស់នៅ​ក្នុង​ផ្ទះ​ដូចជា​មាន​រូបរាង​ជ្រុង​រូបរាង​ប៉ោង​ទួល ឬបី​ជ្រុង​ជាដើម ។ ក៏​ប៉ុន្តែ​គេ​ណែនាំ​ឱ្យ​បើ​រូបរាង​កោង​មូល​ឬជា​រង្វង់​មូល​តែ​ម្តង​ទើប​ល្អ​បំផុត ។​

​ ​៥-​ដុំថ្ម​ប្រសិនបើ​រៀប​ទុកដាក់​ខុស​នឹង​ក្លាយទៅជា​ឧបសគ្គ​យ៉ាង​ធំ​
​ការប្រើ​ដុំថ្ម​មក​តុបតែង​លំអ​នៅក្នុង​សួន គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់បំផុត ជា ពិសេស​ដុំថ្ម​ធំៗ ព្រោះ​នៅក្នុង​ក្បួន ហុងស៊ុយ (ដុំថ្ម​) គឺ​តំណាង​ឱ្យ​ឧបសគ្គ ។ ដូច្នេះ​ការ ជ្រើសរើសដុំថ្ម​មកប្រើប្រាស់​គួរ​ជ្រើស​យក​ដុំ​ណា​ដែល​មាន​រាង​មូល​ទាល ហាម​ប្រើ​ដុំ​មាន​ជ្រុង​មុខស្រួច​ដាច់ខាត ។ ចំណែក​ដុំថ្ម​ដែល​មាន​រន្ធ​ក៏​ជា​លក្ខណៈ​មួយ​ត្រូវ​បាន​ហាម​ប្រើ​ដូចគ្នា ។ សម្រាប់ទីតាំង​ដែល​ត្រូវដាក់​ភាគច្រើន​គេ​រៀប​នៅ​បរិវេណ​មុខផ្ទះ ដោយ​ហាម​រៀប​ពីមុខ​នៅ​ចំ​ទ្វារផ្ទះ ។​

​ ​៦-​ផ្ទះ​តូច​ហាម​ដាំ​ដើមឈើ​ធំ​និង​ឈើ​មាន​បន្លា​
​សម្រាប់​ផ្ទះ​តូច​មាន​ផ្ទៃដី​កំណត់​ក្នុង​ការរៀបចំ​សួនច្បា​រហាម ដាំ​ដើមឈើ​ធំៗ ព្រោះ​វា​ហុច​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ ។ អ្វី​ដែល​គេ​អាច​មើលឃើញ​បាន​យ៉ាង​ច្បាស់​នោះ គឺ​ដើមឈើ​ធំ វា​បំផ្លាញ​គ្រឹះ​ផ្ទះ​ព្រមទាំង​មែក​របស់​វា​ក៏​បំផ្លាញ​តួ​ផ្ទះ​ទៀតផង​។​
​ ​ចំណែក​រឿង​ដើមឈើ​មាន​បន្លា​វិញ​ នៅក្នុង​ក្បួន​ហុងស៊ុយ​គេ​ហាម​ទុក​រួចជាស្រេច​ទៅហើយ ព្រោះ​លក្ខណៈ​បន្លាស្រួចៗ​បែប​នោះ​វា​ប៉ះពាល់​ទៅ​ដល់​មនុស្ស​រស់​នៅក្នុង​ផ្ទះ​បាន​។ ហេតុផល​ដែល​គេ​ហាមឃាត់ ក៏​ព្រោះ​បន្លា​ទាំងនោះ​វា​អាច ទាក់​មុត​មនុស្ស​ចេញ​ចូល​នៅក្នុង​ផ្ទះ​បាន ​ជា​ពិសេស​ក្មេង​តូចៗ​។ ម្យ៉ាងវិញទៀត​ពេល​វា​លូ​ល​លាស់​ធំ ក៏​ពិបាក​នឹង​កែកុន​ ឬ​ផ្លាស់ប្តូរ​ទីកន្លែង​ទៀតផង ៕