រឿង បងថ្លៃ និង​ប្អូនថ្លៃ​ – Kalib9 គំនិត | Kalib9
kalib9

រឿង បងថ្លៃ និង​ប្អូនថ្លៃ​

មាន​មនុស្ស​ពីរ​នាក់ ជា​បងថ្លៃ ប្អូនថ្លៃ​នឹង​គ្នា បងថ្លៃ​ជា​អ្នកក្រ ប្អូនថ្លៃ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ។ ថ្ងៃមួយ​ឪពុកក្មេក​មាន​កិច្ច​រវល់​ត្រូវប្រាប់​ប្អូនថ្លៃ កូនចៅ​ទៅ​ស៊ីផឹក​នៅ​ផ្ទះ​គាត់ ប្អូនថ្លៃ​នោះ​បាន​មក​ជួប​នឹង​បង បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុកកេ្មក បងថ្លៃ​និយាយប្រាប់​តាម​ត្រង់​ថា “​មិន​ហ៊ាន​ទៅ​ស៊ី​ទេ ព្រោះ​ខ្លួន​ជា​អ្នកក្រ មិន​ធ្លាប់​ស៊ី​ម្ហូបចំណី​ល្អ ក្រែង​មិនត្រូវ​បែបបទ​ខ្មាស​គេ​”

ប្អូនថ្លៃ​នោះ​ជា​មនុស្ស​ចិត្តសប្បុរស​នឹង​បង ក៏​ប្រាប់​ទៅ​វិញ​ថា “​មិន​អី​ទេ​ទៅ​ពិសា​ចុះ បើ​មិន​ដឹង​ឲ្យមើល​តែ​តាម​ខ្ញុំៗ​ស៊ី​អី​ស៊ី​ហ្នឹង​ទៅ មិន​ក្រ​ប៉ុន្មាន​ទេ បង​ទៅ​ជាមួយ​ខ្ញុំ​ចុះ​” ។ បង​ក៏​ព្រមទៅ លុះ​ទៅ​បរិភោគ​នៅ​ទីនោះ​បបួលគ្នា​ស៊ី​តាម​ធម្មតា​ទៅ ដល់​គេ​លើក​សម្ល​ខ្ចៅ​មក ប្អូន​ក៏​យក​ចង្កឹះ​មក​ចាប់​មួយ​មក​ពម​រួច​ជញ្ជក់​អស់ ខ្ជាក់​សំបក​ខ្មៅ​នោះ​ដាក់​នឹង​កន្សែង ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។​

​ ​ឯ​បង​នោះ​មិន​ដឹង​ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ ក៏​ខំ​ជញ្ជក់​ខំ​ទំពារ​សំបក​ខ្ចៅ​នោះ​ទាល់តែ​ល្អិត​ខំ​លេប​ទៅ ។ ប្អូន​ឃើញ​ដូច្នេះ​ក៏​លែង​ស៊ី​ខ្ចី​នោះ ទៅ​ចាប់​យក​ឯ​អំពៅ ដែល​គេ​ឡៅ​ទុក​នៅ​ចាន​នោះមក​ស៊ីៗ​រួច​គេ​យក​កន្សែង​ខ្ជាក់​ដាក់ ហើយ​ចោល​ទៅ ។

បង​ឃើញ​គេ​ស៊ី​អំពៅ​ទាល់តែ​ល្អិត​កាក​លេប​ទៅទៀត ប្អូន​លែង​ស៊ី​អំពៅ វា​ទៅ​ស៊ី​សម្ល​មីសួ​ទៀត ទើបតែ​ពម​ក្នុង​មាត់​នឹកឃើញ​បង​ស៊ី​អំពៅ​ទាំង​កាក​នោះ ហើយ​អស់សំណើច​ទប់​មិន​ឈ្នះ ក៏​ចេញ​សំឡេង​ឮ​តែ​ឃឹកៗ ដោយហេតុខ្ស​ល់​ឃឹ​កនោះ មីសួរ​វា​ក៏​ស្ទុះ​ដោយ​អំណាច​ខ្យល់​នោះ​ឡើង​ទៅ​ចូល​ឯ​រន្ធ​ច្រមុះ​ទាំងពីរ ចេញ​មីសួ​មក​ក្រៅ ។ បងថ្លៃ​ឃើញ​ដូច្នេះ ក៏​ចោល​ចង្កឹះ​ទៅក្នុង​ថា​ស “​ទេ​! លែង​ស៊ី​ហើយ ស៊ី​ឯទៀត​ធ្វើ​តាម​បាន សូម្បី​ខ្ចៅ និង​អំពៅ​ទាំង​សំបក ទាំង​កាក​ក៏​ស៊ី​បាន​ទាំងអស់ ដល់​ស្ល​មីសួ​ខ្ទុះ​នឹង​ចម្រុះ​ដូច្នេះ​ធ្វើ​មិន​បាន​ទេ ប្អូនឯង​ស៊ី​តែ​ឯង​ចុះ បង​លែង​ស៊ី​ហើយ ស៊ី​តទៅ​ទៀត​មិន​កើត​ទេ​” ៕