រឿង បុរស​កុហក ៤ នាក់​ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

រឿង បុរស​កុហក ៤ នាក់​

កាលពីព្រេងនាយ​មាន​បុរស​កុហក ៤ នាក់​មក​ជួបជុំ​ជំនុំ​គ្នា រួមគំនិត​គិត​ដើរ​ទៅ​រក​ឆបោក​បញ្ឆោត យក​ទ្រព្យសម្បត្តិ​គេ​នៅ​គេហដ្ឋាន​ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​នាំគ្នា​ដើរទៅ ទៅ​យូរ​បន្តិច​បាន​ជួបប្រទះ​នឹង​តា​ចាស់​ដូនចាស់ ២ នាក់ ធ្វើ​ចម្ការ​កប្បាស​នៅ​ក្បែរ​មាត់ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក ៤ នាក់ នោះ​ដឹង​ដំណឹង​ថា “​តា​ចាស់​ដូនចាស់​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​គ្រាន់បើ ក៏​គិត​គ្នា​ថា “​យើង​ត្រូវ​នាំគ្នា​ទៅ​ឈប់​នៅ​ទីនោះ​ដើម្បី​ភូតកុហក​យក​ទ្រព្យសម្បត្តិ​តា​ចាស់​ដូនចាស់​នោះ​ឲ្យបាន​” ។

ទៅ​ដល់​បុរស ៤ នាក់​សួរ​តា​ចាស់​ដូនចាស់​ថា “​ឱ​តា​អើយ ! យើងខ្ញុំ​ទាំង ៤ នាក់​នេះ​មកពី​ស្រុក​ឆ្ងាយ​ណាស់ ខ្ញុំ​ត្រេច​ដើរ​រក​អ្នកឯ​ណា​ដែល​ចេះដឹង​រឿងព្រេង​ពី​បុរាណ​នា​យមក ព្រោះ​យើងខ្ញុំ​ចង់ដឹង​ណាស់ តែ​វេលា​នេះ​បាន​មក​ជួប​នឹង​តា​យាយៗ ប្រហែល​ជា​ចេះដឹង​រឿងព្រេង​ពី​បុរាណ​មក​ខ្លះ​មិន​ខាន បើ​ដូច្នេះ​សូម​តា​យាយ​មេត្តា​និទាន​រឿងព្រេង​អ្វី​មួយ​ឲ្យ​ចៅ​ស្តាប់​បន្តិច​” ។ តា​ចាស់​យាយ​ចាស់​ក៏​ឆ្លើយតប​ទៅ​បុរស​ទាំង ៤ នាក់​វិញ​ថា “​ចៅ​អើយ​ចៅ​! តា​យាយ​គ្មាន​ចេះ​រឿងព្រេង​អ្វី​ទេ តាំងពីក្មេង​ដល់​ចំណាស់​ប៉ុណ្ណោះ​ហើយ សូម​ចៅ​ទៅរក​សួរ​អ្នក​ឯ​ទៀត​ចុះ​” ។

បុរស​ទាំង ៤ នាក់​ក៏​ជំរាប​តា​យាយ​វិញ​ថា “​ឱ​តា​យាយ​អើយ​! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿងព្រេង​នោះ តា​យាយ​ចង់​ស្តាប់​ឬទេ​?” ។ “​ឱ​ចៅ​អើយ​! តា​យាយ​ចង់​ស្តាប់​ណាស់ តែ​រក​អ្នក​ណា​ចេះ​គ្មាន​” ។ បុរស​ទាំង ៤ នាក់​ក៏​ជម្រាប​ទៅ​តា​យាយ​វិញ ដោយ​កិច្ចកល​ប៉ង​នឹង​បោក​យក​ទ្រព្យសម្បត្តិ​តា​ចាស់​ដូនចាស់​នោះ ឲ្យបាន​ដោយ​ងាយថា “​យើងខ្ញុំ​ទាំង ៤ នាក់​នេះ​ចេះ​ខ្លះ​ដែរ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ គាត់​និទាន​ប្រាប់​តែ​រឿង​នេះ​បើ​និយាយ​ទៅ​កាលណា តា​យាយ​ត្រូវ​តែ​ជឿ​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន​” ។ តា​យាយ​ក៏​យល់ព្រម​ឲ្យ​បុរស​ទាំង ៤ នាក់​និយាយ ។​

​ ​បុរស​ទី ១ ចាប់​អធិប្បាយ​រឿង​កុហក​ជាដំបូង​ឡើង​ថា ៖ កាល​ខ្ញុំ​នៅក្នុង​ផ្ទៃ​ម្តាយ​ខ្ញុំ​បាន​ចំនួន ៣ ខែ ម្តាយ​ខ្ញុំ​គាត់​ចង់​ពិសា​រផ្លែ​ធូរេន​នៅមុខ​ផ្ទះ​ខ្ញុំ​ដើម​វា​មាន​កំពស់​ប្រហែល ៨ ព្យាម ហើយ​មាន​ផ្លែ​តែមួយ​ផង​នោះ គាត់​មិនដឹង​ជា​គិត​ដូច​ម្តេចនឹងបាន​ផ្លែឈើ​នោះ​មក​ពិសារ ។ លុះ​ខ្ញុំ​បាន​ដឹង​គាត់​ថា គាត់​ចង់​ពិសា​រផ្លែ​នោះ ខ្ញុំ​ក៏​ចេញពី​ផ្ទៃ​គាត់​តាម​ទ្វារ​មាស ទៅ​ឡើង​បេះ​ធូ​រេន​នោះ​មក​ជូន​គាត់​ពិសា​ររួចស្រេច​ខ្ញុំ​ត្រឡប់​ចូល​ផ្ទៃ​គាត់​វិញ ។​

​ ​បុរស​ទី ២ ថា ៖ កាល​ខ្ញុំ​នៅ​ផ្ទៃ​ម្តាយ​ខ្ញុំ​បាន​ចំនួន ៦ ខែ ឃើញ​គាត់​នឿយហត់​លំបាក​នឹង​ធ្វើ​ស្រែ ចំការ ច្បារ​ដំណាំ​គេ ខ្ញុំ​ចេញពី​ផ្ទៃ​គាត់​មក​នៅ​ធ្វើស្រែ​ចំការ ឃ្វាលគោ​ក្របី ដណ្តាំបាយ​ដងទឹក​ជំនួស​គាត់​ពី​ព្រឹក​ព្រហាម លុះ​ដល់​ល្ងាច​អស់​ការធ្វើ ខ្ញុំ​ចូល​ទៅ​ផ្ទៃ​ម្តាយ​ខ្ញុំ​វិញ​ជា​រៀងដរាប​មក ។​
​ ​បុរស​ទី ៣ ថា ៖ ឱ​តា​យាយ​អើយ​! ខ្លួន​ខ្ញុំ​នេះ​ជា​ទេវបុត្រ​ច្យុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្តាយ​ខ្ញុំ​សព្វថ្ងៃនេះ ខ្ញុំ​ចេញពី​ទ្វារមាស​វេលា​ណា បាន​មក​នៅ​បំរើ​គាត់​សព្វសារពើ ដល់​ខ្ញុំ​ចាស់​រៀបនឹង​ស្លាប់ ខ្ញុំ​សុំ​ចូល​ទៅ​ផ្ទៃ​ម្តាយ​ខ្ញុំ​វិញ ដើម្បី​កុំឲ្យ​ស្លាប់ទាន់ ហើយ​កើត​មក​ម្តង​ទៀត​បាន​ជា​ក្មេង​ឡើងវិញ ។​

​ ​បុរស​ទី ៤ ថា ៖ ខ្លួន​ខ្ញុំ​នេះ​ចេញ​ពីផ្ទៃ​ម្តាយ​មក​កាលណា ខ្ញុំ​រក្សាសីល ៥ ចាំ​សីល ៨ សម្លាប់​ជីវិត​គេ​ក៏​បាន លុះ​ដល់​ខ្ញុំ​ស្លាប់ទៅៗ​កើត​ជា​ទេវតា​សោយ​សម្បត្តិ​នៅ​ឋានសួគ៌ ។​

​ ​បុរស​ទាំង ៤ នាក់​នោះ​និយាយ​ភូតកុហក​គ្រប់​គ្នា​ហើយ ក៏​សួរ​ទៅ​តា​ចាស់​យាយ​ចាស់​ថា “​រឿង​ខ្ញុំ​និទាន​ជម្រាប​ទាំង​ប៉ុន្មាន​នេះ តើ​តា​យាយ​ជឿ​ឬទេ​?” ។ តា​យាយ​ឆ្លើយតប​វិញ​ថា “​រឿង​នោះ​តា​យាយ​ជឿ​ហើយ​ចៅ​!” ។ តែ​ក្នុង​គំនិត​គាត់​ទាំង​ពីរ​នាក់​វិញ​គិត​ឃើញ​ថា “​បុរស​ទាំង ៤ នាក់​សុទ្ធតែ​និយាយ​កុហក​ទាំងអស់​” ។​

​ ​ដល់​បុរស​ទាំង ៤ នាក់​នោះ​ទាល់​ប្រាជ្ញ​ក៏​ឲ្យ​តា​យាយ​នោះ​និយាយ​រឿង​ប្រាប់​ម្តងវិញ ប៉ុន្តែ​តា​យាយ​នោះ​មុន​នឹង​និយាយ​រឿង គាត់​បាន​សន្យា​ដូច​បុរស​ទាំង ៤ នាក់​នោះ​ដែរ លុះ​ព្រមព្រៀង​ទាំងអស់​គ្នា​ទើប​តា​និយាយ ។​

​ ​តា​ថា “​ឱ​ចៅ​អើយ​! កាល​តា និង​យាយ​មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន ៥-៦ ឆ្នាំ មាន​ទ្រព្យសម្បត្តិ​ប្រាក់​មាស​ល្មម នឹង​ចិញ្ចឹម​ចៅ​ទាំង ៤ នាក់​នេះ​បាន តែ​ឆ្នាំ​មួយ​នោះ​កប្បាស​មិន​ផ្លែ​សោះ មិនដឹង​ជា​រឿងហេតុ​អ្វី​មាន​មួយថ្ងៃ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ឃើញ​មាន​ដើម​កប្បាស​មួយ​ដើម​ទំហំ​ប៉ុន​ដើមត្នោត មាន​ផ្លែ​មួយ​ធំ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ ដល់​តា​និង​យាយ​នាំគ្នា​មក​មើល ឃើញ​មាន​គ្រាប់ ៤ ក្នុង​មួយ​គ្រាប់ៗ​មាន​កុមារៗ​គ្រប់​ទាំង ៤ គ្រាប់ តា​បាន​ឲ្យ​យាយ​បំ​បៅ​បីបាច់​ថែរក្សា លុះ​ដល់​កុមារ​ទាំង ៤ នាក់​នោះ​ធំ​វេលា​ណា​ឡើង ក៏​នាំគ្នា​រត់​ចោល​តា និង​យាយ​អស់​ទៅ ឥឡូវ​តា​ឃើញ​ចៅ​ទាំង ៤ នាក់​នេះ​ត្រលប់​មក​វិញ​ហើយ​” ។​
​ ​បុរស​ទាំង ៤ នាក់​ភិតភ័យ​ខ្លាំង​ក៏​នាំគ្នា​ឆ្លើយ​ស្រែក​ទៅនឹង​តា​ចាស់​ដូនចាស់​វិញ​ថា “​មិនមែន​ទេ​” ។ តា​យាយ​សួរ​ទៅវិញ​ថា “​ហេតុអ្វី​ក៏​ចៅ​ថា​មិនមែន បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាងនេះ នោះ​ឃើញ​ថា​ទាស់​ខុស​នឹង​កិច្ចសន្យា​ហើយ បើ​ដូច្នេះ​ត្រូវ​ចៅ​ទាំង ៤ នាក់​មក​នៅ​បំរើ​តា​ទើបត្រូវ​នឹង​ពាក្យសន្យា​” ។ បុរស​កុហក​ទាំង ៤ នាក់​គេច​មិន​រួច​ក៏​នៅ​បំរើ​តា​យាយ​ទៅ ៕