​​រឿង ចោរ​ចិត្តជា​ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

​​រឿង ចោរ​ចិត្តជា​

​កិ​រ ដូច​មាន​ឮ​តៗ​គ្នា​មក​ថា : កាលនោះ​មាន​ក្មេងប្រុស​ម្នាក់​នៅ​ស្រុក​មួយ អ្នកស្រុក​គេ​ហៅថា ចោរ​ចិត្តជា ។ លុះ​ក្មេក​នោះ​ចំរើន​ធំ​ឡើង អាពុក​ស្លាប់ទៅ​នៅ​តែ​ម្តាយ ។ ចៅ​នោះ​មិន​គិត​ធ្វើការ​រកស៊ី​អ្វី​សោះ តែ​វេលាយប់​កាលណា​ដើររក​លួច​ទ្រព្យសម្បត្តិ​ទាំងពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូច​ម្តេច​ក៏​មិន​ព្រម​ធ្វើ​តាម ទើប​មាតា​យក​ទៅឲ្យ​នៅ​វត្ត​រៀនអក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀនសូត្រ​ឡើយ ប្រព្រឹត្តិ​ដើរ​តែ​លួច​ទ្រព្យ​គេ​យក​មក​ចិញ្ចឹម​មាតា និង​អាត្មា ។ គ្រូ​រំលឹក​ប្រដៅ​ដូច​ម្តេច​ក៏​មិន​ព្រមស្តាប់ ។​


​ ​ថ្ងៃមួយ​ស្តេច​ក្នុង​នគរ​នោះ​ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជរោង ឲ្យ​សេនាបតី​នាហ្មឺន​សព្វ​មុខមន្ត្រី​ចូលគាល់ ទ្រង់​មាន​ព្រះ​ឱង្កា​រថា “​មាន​ខេត្ត​មួយ​នៅ​ទំនេរ ពុំទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា បើ​អ្នក​ណា​យក​ប្រាក់ ៤០ កហាបនៈ​មក​ដាក់​ឃ្លាំង យើង​នឹង​ឲ្យទៅ​ឈរ​ជា​ចៅហ្វាយស្រុក​រក្សា​ខេត្ត​នោះ​” ។ ស្តេច​ក៏​យាង​ចូល​ព្រះបរមរាជវាំង​វិញ ។​

​ ​គ្រា​នោះ​មន្ត្រី​តូច​ម្នាក់​វិល​មក​ផ្ទះ ដេក​កើតទុក្ខ​ចង់​ធ្វើ​ចៅហ្វាយស្រុក​ពន់ពេក ។ លុះដល់​វេលាយប់​ចូល​ដំណេក​និយាយ​នឹង​ភរិយា​ថា “​នាង​អើយ​! ឥឡូវ​នេះ​ស្តេច​មាន​ព្រះរាជឱង្ការ​ថា បើ​ឈ្មោះ​ណា​មាន​ប្រាក់ ៤០ កហាបនៈ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង ទ្រង់​ឲ្យធ្វើ​ចៅហ្វាយស្រុក​រក្សា​ខេត្ត​មួយ​ដែល​ទំនេរ​” ។ ភរិយា​ឆ្លើយថា “​អ្នក​អើយ​! ចិត្ត​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើ​ចៅហ្វាយស្រុក​ណាស់ តែ​សព្វថ្ងៃ​យើង​ក្រីក្រ​តោកយ៉ាក​ពេក នឹង​រក​ប្រាក់​ថ្វាយ​ស្តេច​ពុំ​បាន​ទេ​” និយាយ​ហើយ​បន់​ទេវតា​ថា “​សូម​ទេវតា​ជួយ​ខ្ញុំ​ឲ្យបាន​ប្រាក់ ៤០ កហាបនៈ ថ្វាយ​ស្តេច ប្តី​ខ្ញុំ​នឹង​បាន​ធ្វើ​ចៅហ្វាយស្រុក​គ្រានោះ​” ។

​ ​ពេល​នោះ​អា​ចោរចិត្តជា​វា​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោមផ្ទះ​មន្ត្រី​នោះ វា​បាន​ឮ​ដូច្នោះ មាន​ចិត្ត​អាណិត​ក៏​យក​ប្រាក់ ៤០ កហាបនៈ​ពី​ផ្ទះ​វា វេច​នឹង​កំណាត់សំពត់​ជាតី​មក លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឲ្យ​មន្ត្រី​នោះ រួច​ត្រឡប់​ទៅវិញ ។ លុះ​ភ្លឺ​ច្បាស់ មន្ត្រី​នោះ​ភ្ញាក់ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់ ក៏​ចាប់​លើក​ស្រាយ​មើលឃើញ​ប្រាក់ ៤០ កហាបនៈ អរ​ណាស់​ប្រាប់​ប្រពន្ធ​ថា “​យើង​បាន​ប្រាក់ ៤០ កហាបនៈ ហើយ​គឺ​ទេវតា​ឲ្យ​” ។ ប្រពន្ធ​ស្ទុះ​មក​ឃើញ​ច្បាស់ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។​

​ ​លុះដល់​ថ្ងៃ​រសៀល​មន្ត្រី​នោះ​យក​ប្រាក់ ៤០ កហាបនៈ ទៅ​ថ្វាយ​ស្តេច​ដាក់​ឃ្លាំង ។ ព្រះរាជា​ក៏​តាំង​មន្ត្រី​នោះ​ឲ្យធ្វើ​ជា​ចៅហ្វាយស្រុក​រក្សា​ខេត្ត​នោះ​តទៅ ។​

​ ​ឯ​អា​ចោរចិត្តជា កាលបើដឹងថា មន្ត្រី​នោះ​បា​ធ្វើ​ចៅហ្វាយស្រុក​ហើយ ក៏​ដើរ​ស្វែងរក​លួច​អ្នកស្រុក​ក្នុង​ខេត្ត​នោះ ធ្វើដំណើរ​ឲ្យគេ​ចាប់​វា​បាន ម្ចាស់ទ្រព្យ​នាំ​អា​ចោរចិត្តជា​នោះ​ទៅជូន​ចៅហ្វាយស្រុកៗ បង្គាប់​មេ​គុក​ឲ្យ​ដាក់​ច្រវាក់​ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អា​ចោរចិត្តជា និយាយ​តែ​ម្នាក់ឯង​ថា “​ឱ​ហេតុ​តែឯង​មាន​ចិត្ត​អាណិត​គេៗ​ចង់​ធ្វើ​ជា​ចៅហ្វាយស្រុក ខ្លួនឯង​ប្រឹង​យកប្រាក់ ៤០ កហាបនៈ​វេច​នឹង​កំណាត់​ជាតី​មកឲ្យ​គេ​ទាំងយប់ ឥឡូវ​គេ​បាន​ធ្វើ​ចៅហ្វាយស្រុក​ហើយ គេ​មិន​មេត្តាករុណា​ឯង​បនិ្ត​ច​សោះ គេ​ដាក់​ច្រវាក់​ឃុំ​ឯង​ទុក​ឲ្យ​វេទនា​” ។ អាចោរ​ចិត្ត​ជា​និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់ឯង​មិន​ឈប់ ។​

​ ​ឯ​ចៅហ្វាយស្រុក​នឹង​ប្រពន្ធ បានឮ​ចោរ​និយាយ​ដូច្នោះ​ក៏​ប្រឹក្សា​គ្នា​ថា “​ចោរ​វា​និយាយ​នេះ ត្រូវ​ដូច​រឿង​ខ្លួន​យើង គួរ​ឆ្ងល់​ណាស់​គួរតែ​យើង​ចុះ​ទៅ​សួរ​វាឲ្យ​ជាក់ច្បាស់​” ។ ទើប​ចៅហ្វាយស្រុក​ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ​នោះ​ថា “​យើង​ឮ​ឯង​និយាយ​រឿង​អី យើង​ស្តាប់​បាន​ខ្លះ ចូរ​ឯង​និយាយ​រឿង​នោះ​ឲ្យ​យើង​ស្តាប់​ក្នុង​វេលា​នេះ​តាមពិត​” ។ ទើប​អា​ចោរចិត្តជា​និយាយ​ខ្លួន​ខ្ញុំ​នេះ​ជា​មនុស្ស​ប្រព្រឹត្ត​ចោរកម្ម​ដើរ​តែ​លួច​ទ្រព្យ​របស់​គេ​រាល់​យប់​មក​ចិញ្ចឹម​ជីវិត កាលណា​នៅ​ជា​មន្ត្រី​តូច​ពុំទាន់​បាន​ធ្វើ​ចៅហ្វាយស្រុក វេលា​យប់​មួយ​នោះ ខ្ញុំ​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក ឮ​លោក​និយាយ​នឹង​ប្រពន្ធ​ថា “​យើង​បាន​ប្រាក់ ៤០ កហាបនៈ​មកពីណា​ថ្វាយ​ស្តេចៗ​ឲ្យធ្វើ​ចៅហ្វាយស្រុក​ខេត្តមួយ​” ។

ប្រពន្ធ​លោក​ថា “​យើង​ក្រីក្រ​ម្ល៉េះ​នឹង​បាន​ពី​ណា​?” ។ ខ្ញុំ​ឮ​ដូច្នេះ​មាន​ចិត្ត​អាណិត​លោក ក៏​ទៅ​យក​ប្រាក់ ៤០ កហាបនៈ​ពី​ផ្ទះ​វេច​នឹង​កំណាត់​ជាតី មក​ដាក់​ជិត​ក្បាល​ដំណេក ទុក​ជូន​លោក​ខ្ញុំ​ត្រឡប់​ទៅ​វិញ ថ្ងៃក្រោយ​ឮ​គេ​និយាយថា លោក​បាន​ធ្វើ​ចៅហ្វាយស្រុក​ខ្ញុំ​ក៏​មក​លួច​ក្នុង​ខេត្ត​នេះ គេ​ចាប់ខ្លួន​ខ្ញុំ​បាន នាំ​មក​ជូន​លោកៗ​ក៏​ធ្វើ​ទោស​ខ្ញុំ​មិន​ប្រណី​” ។​

​ ​ចៅហ្វាយស្រុក​បាន​ស្តាប់​ក៏​ជឿជាក់​ឥត​សង្ស័យ ហើយ​ថា “​ឱ​អាសំឡាញ់​អើយ​! ឯង​និយាយ​នេះ​ពិត​ប្រាកដ​មែន ដែល​អញ​បានធ្វើ​ចៅហ្វាយស្រុក​ពីព្រោះ​តែ​ឯង​ជួយ វេលា​នេះឯង​កុំ​ភ័យ​កុំ​តូចចិត្ត ព្រឹក​នេះ​អញ​នឹង​ដោះលែង​ឯង​ឲ្យ​រួច​ចេញពី​ទោស មួយទៀត​ឯង​និង​អញ​យកគ្នា​ជា​សំឡាញ់​ទៅ​” ។​

​ ​ចៅហ្វាយស្រុក​សួរថា “​ឯង​ឈ្មោះ​អ្វី​?” ។ បុរស​នោះ​ជំរាប​ថា “​ខ្ញុំ​ឈ្មោះ​អា​ចោរចិត្តជា​” ។ រួច​ចៅហ្វាយស្រុក​ក៏​ឡើង​លើផ្ទះ​វិញ ។
​ ​លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយស្រុក​បង្គាប់​មេ​គុក​ឲ្យ​ដោះ​អាចោរចិត្ត​ជារួច​ពី​ទោស ហើយ​គិត​ថា “​អា​សំឡាញ់ ឯង​នៅ​នឹង​អញ​ចុះ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃនេះ​តទៅ ឯង​កុំ​លួច​គេ​ទៀត​” ។ អា​ចោរចិត្តជា ឆ្លើយថា “​រឿង​លួច​នេះ​អញ​មិន​ឈប់​ទេ ដែល​អញ​លួច​ទ្រព្យ​គេ​នោះ​គ្រាន់​យក​ចិញ្ចឹម​មាតា​មេម៉ាយ​” ។ ចៅហ្វាយស្រុក​ក៏ឲ្យប្រាក់ ៣០ កហាបនៈ​យក​ទៅ​ឲ្យ​មាតា ។ អាចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅហ្វាយស្រុក​សួរថា “​ផ្ទះ​អាសំឡាញ់​ឯង​នៅ​ឯណា​? ចូរ​ឯង​ប្រាប់​អញ​ឲ្យ​ត្រង់​” ។ អា​ចោរចិត្តជា​ប្រាប់ថា “​អញ​នៅផ្ទះ​នោះ​” ហើយ​លា​ចៅហ្វាយស្រុក​ទៅផ្ទះ​វិញ ។​

​ ​គ្រា​នោះ​លោក​យមរាជ និង​មន្ត្រី​តូច​ម្នាក់​កើត​សេចក្តី​វិវាទ​ទាស់ទែង​គ្នា​ជា​យូរ​ខែ​ហើយ មន្ត្រី​តូច​នោះ​ពុំ​គិត​សម្លាប់​លោក​យមរាជ​នោះ​ឲ្យបាន ។ មន្ត្រី​តូច​នោះ​មាន​ស្រី​បំរើ​ម្នាក់​ជាទី​ទុកចិត្ត​ប្រើ​ដូច​ម្តេច​បាន​ទាំងអស់ ។ ស្រី​បំរើ​នោះ​ខំ​ផ្គាប់ផ្គន់​ចៅហ្វាយ​មិន​ឲ្យ​ទាស់ចិត្ត ។ វេលា​យប់​ស្ងាត់​មន្ត្រី​នោះ​និយាយ​នឹង​ស្រី​បំរើ​ថា “​វេលា​នេះ​ចូរ​ឯង​អាណិត​អញ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់ អញចង់​សម្លាប់ចោល តែ​មិន​ដឹង​រក​អ្នក​ឯ​ណា​ជួយ​រឿងនេះ សព្វថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា​”

ហើយ​មន្ត្រី​នោះ​បង្គាប់​ស្រី​បម្រើ​ថា “​ចូរ​ឯង​ចេញពី​អញ​ទៅ​រក​ប្រាក់​យោមរាជ​នៅ​នឹង​គេ​ចុះ រួច​ឯង​ខំ​ផ្គាប់ផ្គន់​គេ​ដូច​កាល​នៅ​នឹង​អញ បើ​ឯង​បំរើ​ខាងក្រៅ លោក​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធិស្នាល ឯង​ត្រូវ​ចូល​បំរើ​ខាងក្នុង​លុះ​បាន​ហើយ ឯង​ចាំមើល​រាល់​វេលា​យប់​ស្ងាត់​កាលណា​យមរាជ​នឹង​ស្លាប់​មិន​ខាន គ្មាន​អ្នកណា​ដឹង​ឡើយ បើ​ឯង​ធ្វើបាន​ដូច​គំនិត​នេះ អញ​នឹង​ចេញ​ប្រាក់​លួស​ឯង​យក​មក​វិញ​ឲ្យ​រួច​ពី​ខ្ញុំ​គេ​” ។ ស្រី​បំរើ​នេះ ទទួល​ការ​សព្វគ្រប់ ។​

​ ​វេលា​យប់​នោះ​អា​ចោរចិត្តជា​ដើរ​លួច​គេ​ហើយ វា​មក​អង្គុយ​ក្រោមផ្ទះ​មន្ត្រី​នោះ កាល​មន្ត្រី​នោះ​និយាយ​បង្គាប់​ស្រី​បំរើ​ឲ្យ​សម្លាប់​យមរាជ​ដូចម្តេច ក៏​វា​ស្តាប់​បាន​ការណ៍​ទាំងអស់ ។​
​ ​ថ្ងៃក្រោយ​ស្រី​បំរើ​នោះ​លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ​នៅ លោក​យមរាជ​ក៏​ទទួល​ចេញ​ប្រាក់​លួស​ឲ្យនៅ​បំរើ​រៀងមក ។ នាង​នោះ​ផ្គាប់ផ្គន់​ខំ​បំរើ​លោក​យមរាជ និង​លោកជំទាវ​មិន​ឲ្យ​ទាស់ចិត្ត ។ លោក​យមរាជ​លោកជំទាវ ក៏​ទុកចិត្ត​ស្និទ្ធស្នាល​ឲ្យចេញ​ចូល​ខាងក្នុង​បំរើ​ជិតដិត​រៀងមក ។ វេលា​មួយ​នោះ​ពេលយប់​ស្ងាត់​ស្រី​បំរើ​នោះ​វា​ដឹងថា លោក​យមរាជ និង​លោកជំទាវ​សំ​រាន​លក់​ហើយ វា​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ពុះ​ក្តៅ ហើយ​វា​លើក​សំណរ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជៗ ស្លាប់​ទៅ រួច​វា​ត្រឡប់​ទៅ​ដេក​តាម​កន្លែង​វិញ ។​

​ ​លុះ​ព្រឹក​ឡើង​លោកជំទាវ​ភ្ញាក់ បានដឹង​ថា​ប្តី​ស្លាប់​ក៏​ស្រែក​ទ្រហ៊ោ​យំ មនុស្ស​ផ្អើល​មក​មើល​ឃើញ​លោក​យមរាជ​ស្លាប់​មែន តែ​មិន​ដឹង​ជា​ស្លាប់​ពី​រោគ​អ្វី ដោយ​គ្មាន​ស្លាកស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ​ទៅ​ក្រាបបង្គំ​ទូល​ស្តេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះរាជា​ទ្រ​ង់​ក៏​ចាត់​មន្ត្រី​ឲ្យមក​មើល តែ​មិន​ដឹងស្លាប់​ពី​រឿង​អ្វី ព្រោះ​គ្មាន​ហេតុ​ស្លាកស្នាម​ក៏​ទៅ​ក្រាបបង្គំ​ទូល​តាម​រឿង ។

ព្រះរាជា​ទ្រង់​ឲ្យ​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​គួរ ។ ក្រោយ​នោះ​ជា​រដូវ​បុណ្យ​ទ្វារទសមាស នាហ្មឺន​សព្វ​មុខមន្ត្រី​ចូលគាល់​ព្រះមហាក្សត្រៗ​ទ្រង់មាន​ព្រះរាជឱង្ការ​ថា “​បើ​អ្នក​ឯណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​យមរាជ​បាន​ដឹង​ច្បាស់​ប្រាកដ យើង​ឲ្យធ្វើ​ទី​យមរាជ​” រួច​ទ្រង់​ស្តេច​យាង​ចូល​ខាងក្នុង​វិញ ។ សេនាបតី​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ក៏​ទៅ​ផ្ទះ​រៀងខ្លួន​វិញ ។ គ្រា​នោះ​ចៅហ្វាយស្រុក​ដែល​ជា​សំឡាញ់​អា​ចោរចិត្តជា ចង់​ធ្វើ​យមរាជ​ណាស់ បាន​ទៅ​រក​អា​ចោរចិត្តជាៗ​សួរថា “​អា​សំឡាញ់ ឯង​មក​រក​អ្វី​?” ។

ចៅហ្វាយស្រុក​ប្រាប់ថា “​អញ​មក​មាន​ការ​សួរ​ឯង​បន្តិច ដ្បិត​លោក​យមរាជ​ស្លាប់​ដោយ​ឥត​មាន​នរណា​ដឹង​ថា​ស្លាប់​ពី​រោគ​អ្វី ឥឡូវ​ស្តេច​មាន​ព្រះរាជឱង្ការ​ថា “​បើ​អ្នក​ឯណា​រក​ឈ្មោះ​មនុស្ស​ដែល​សំលាប់​យមរាជ​ឃើញ​ពិតប្រាកដ ទ្រង់​នឹង​ឲ្យធ្វើ​ទី​យមរាជ រឿង​នេះ​អាសំឡាញ់​ឯង​បា​ន​ដឹង​ទេ ដ្បិត​អញចង់​ធ្វើ​យមរាជ​ណាស់​” អាចោរ​ចិត្ត​ជា​ឆ្លើយ​ថា “​រឿង​នេះ​អញ​បាន​ដឹង​ច្បាស់ ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ អញ​ដើរ​លួច​គេ ហើយ​អញ​មក​អង្គុយ​ក្រោមផ្ទះ​មន្ត្រី​តូច​ម្នាក់​នៅ​ខាងជើង​ផ្ទះ​លោក​យមរាជ ឆ្ងាយ​ពី​គ្នា​បន្តិច មន្ត្រី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា

“​អញ​ស្អប់​លោក​យមរាជ​ពេក ចង់​សម្លាប់​ចោល ព្រោះ​ជា​សត្រូវ​នឹង​អញ ក្នុង​គ្រា​នេះ​ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ ដូច្នោះ​ត្រូវ​ឯង​ចេញពីផ្ទះ​អញ​ទៅរក​ផ្ទះ​លោក​យមរាជ​នៅ បើ​គេ​ព្រម​ទ​ទូល​ឲ្យនៅ​ត្រូវឯង​ខំ​បំរើ​គេ​ឲ្យ​ត្រូវ​ចិត្ត បើ​គេ​ទុកចិត្ត​ស្និទ្ធស្នាល​ប្រើ​ចេញចូល​នៅ​ខាងក្នុង​វេលា​ណា លុះដល់​យប់​ស្ងាត់ ឯង​ត្រូវ​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ពុះ​ក្តៅ ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ​កំពុង​ដេកលក់ គង់​ស្លាប់​មិន​ខាន អញ​ស្តាប់​បាន​ចាំ​ប្រាកដ សំឡាញ់​ឯង​ទៅ​ទូល​ស្តេច​តាម​រឿង​នេះ​ចុះ តែ​ឲ្យ​គាស់​ខ្មោច​លោក​យមរាជ​នោះ​មក​វះ​មើល បើ​ឃើញ​សំណ​នៅក្នុង​ពោះ​ខ្មោច​នោះ​មែន​អា​សំឡាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន​” ។ ចៅហ្វាយស្រុក​ស្តាប់​បានកា​រហើយ ត្រឡប់ទៅផ្ទះ​វិញ ។​

​ ​ថ្ងៃក្រោយ​ចៅហ្វាយស្រុក​ទៅ​ទូល​ស្តេច​តាម​រឿងៗ​ទ្រង់ឲ្យ​ភ្នាក់ងារ​ទៅ​ចាប់ម​ន្ត្រី​នោះ និង​មេ​ស្រី​នោះ​យក​មក​ឃុំ​ទុក ទ្រង់​ឲ្យ​គាស់​ខ្មោច​លោក​យមរាជ​មក​វះ​មើលឃើញ​សំណ​នៅក្នុង​ពោះ​មែន ទ្រង់​ឲ្យ​ជំនុំ​រឿង​នោះ មេ​នោះ​ឆ្លើយថា “​ខ្ញុំ​សំឡាប់​លោ​កយមរាជ​ពិតប្រាកដ​” ទ្រង់​ឲ្យ​ប្រហារជីវិ​តទាំង​ពីរ​នាក់​ចោល​ទៅ ទ្រង់​ក៏​តាំង​ចៅហ្វាយស្រុក​នោះ​ឲ្យធ្វើ​ទី​យមរាជ ។​

​ ​ឯ​ចៅហ្វាយស្រុក​កាល​បើ​ធ្វើ​ទី​យមរាជ​ហើយ ឲ្យ​បំរើ​ទៅ​ហៅ​អា​ចោរចិត្តជា​ជា​សំឡាញ់​មក លុះ​មកដល់​ប្រាប់ថា “​អាសំឡាញ់​អើយ​! ឯង​មាន​គុណ​នឹង​អញ​ច្រើនណាស់ ឥឡូវនេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ ដែល​អញ​បានធ្វើ​យមរាជ​នេះ គឺ​ដោយសា​រឯង​ជួយ​អញ ពី​ថ្ងៃនេះ​ទៅ​ឯង​កុំ​លួច​គេ​ទៀត អញ​ចិញ្ចឹម​មាតា​ឯង និង​សំឡាញ់​ឯង​លុះ​អស់​ជីវិត​” ។ អាចោរ​ចិត្ត​ជា​ឆ្លើយ​ថា “​អញ​សុំ​លួច​តែ​ម្តង​ទៀត​” រួច​ត្រឡប់​ទៅផ្ទះ​វិញ លុះ​យប់​អាចោរ​ចិត្ត​ជា​ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​នឹង​សំពត់​អាវ​ជាច្រើន​យកទៅ​ជូន​មាតា ។

លុះ​ព្រឹក​ឡើង​អាចោរ​ចិត្ត​ជា​មក​ប្រាប់​លោក​យមរាជ​ថា “​អាសំឡាញ់​យប់មិញ​អញ​ចូល​លួច​គេ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើនណាស់ ពី​ថ្ងៃនេះ​តទៅ​អញ​លះបង់​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ អា​សំឡាញ់​ឯង​ជឿ​ចុះ​” ។ លោក​យមរាជ​តប​ថា “​បើ​ឯង​ឈប់​រកស៊ី​លួច​គេ នោះ​អញ​អ​រណាស់ បើ​ខ្វះខាត​អ្វី​មក​រក​អញៗ​ឲ្យ​ឯង​កុំ​ទើសទាល់ អញ​ចិញ្ចឹម​លុះ​អស់​ជីវិត​” ។​

​ ​អា​ចោរចិត្តជា ក៏​លា​លោក​យមរាជ​ទៅផ្ទះ​វិញ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។​
​ ​លោក​យមរាជ និង​អា​ចោរចិត្តជា​ស្រឡាញ់​រាប់អាន​គ្នា ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត​ដូច​បាន​សន្យា​គ្នា​មក ៕

error: Content is protected !!