គោព្រៃកម្ពុជា ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-១ ក្នុងជំនួបមិត្តភាពយប់មិញនេះ – Kalib9 កីឡា | Kalib9
kalib9

គោព្រៃកម្ពុជា ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-១ ក្នុងជំនួបមិត្តភាពយប់មិញនេះ

កាលពីយប់ម្សិលមិញនេះម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានបើកទ្វារផ្ទះទទួលភ្ញៀវគោព្រៃកម្ពុជាក្នុងលទ្ធផល (ឥណ្ឌូនេស៊ី ៣-១ កម្ពុជា) នៅកីឡដ្ឋាន Patriot Candrabgha នាជំនួបមិត្តភាពអន្ដរជាតិ ដើម្បីត្រៀមប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខ ។

ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ បានទម្លាយសំណាញ់ទីគោព្រៃកម្ពុជា ២គ្រាប់នៅតង់ទី១ មុននឹងកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា វាយបកបាន ១គ្រាប់វិញ នៅដើមតង់ទី២ ប៉ុន្ដែមិនបាន ២នាទីស្រួលបួលផង ពោលគឺនៅនាទីទី៥០ កីឡាករឥណ្ឌូនេស៊ីបានបន្ថែម ១គ្រាប់ទៀត ដើម្បីនាំមុខក្រុមភ្ញៀវកម្ពុជា ៣-១ ជាថ្មី ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្ដង គ្មានការប្រែប្រួលឡើយ បើទោះបីកម្ពុជា ព្យាយាមវាយបកក៏ដោយ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបោះជំរុំហ្វឹកហាត់ ២ថ្ងៃលើទឹកដីឥណ្ឌូនេស៊ី មុនចេញដំណើរទៅប្រទេសវៀតណាមតែម្ដង នៅថ្ងៃទី០៧ ខែតុលា ដើម្បីត្រៀមការប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាដើមសប្ដាហ៍ក្រោយ ។

ចំណែកក្រុម U19កម្ពុជា ដែលទើបចាញ់ក្រុមម្ចាស់ផ្ទះ U19 ឥណ្ឌូនេស៊ីផងដែរនោះ នឹងត្រឡប់មកកម្ពុជាវិញ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០១៧នេះ៕

ប្រភពដើម៖ Fresh News