Google Pixel 2 និង 2 XL ចេញ​ជា​ផ្លូវ​ការ ជាមួយ​កម្លាំង​ម៉ាស៊ីន និង​កាមេរ៉ាខ្លាំងកប់! – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Google Pixel 2 និង 2 XL ចេញ​ជា​ផ្លូវ​ការ ជាមួយ​កម្លាំង​ម៉ាស៊ីន និង​កាមេរ៉ាខ្លាំងកប់!

បន្ទាប់ពី​បាន​ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ត្រកូល Pixel ថ្មី​ទាំង​ពីរ​ម៉ូដែល ពេល​នេះ ក្រុមហ៊ុន Google ​បាន​បញ្ជាក់​ពី​តម្លៃ នឹង​កាលបរិច្ឆេទ​នឹង​ដាក់​លក់​ Pixel 2/ Pixel 2 XL ​ហើយ។ ពេល​នេះ អតិថិជន​អាច​បញ្ជា​ទិញ Pixel 2 និង 2 XL បាន​ហើយ នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ដូច​ជា អាមេរិក, កាណាដា, អង់គ្លេស, អាល្លឺម៉ង់, ឥណ្ឌា និង​អូស្ត្រាលី។ Pixel 2 នឹង​មាន​លក់​នៅ​ថ្ងៃ​ទី១៧ តុលា​ខាង​មុខ ចំណែក Pixel 2 XL នឹង​មាន​លក់​ចាប់ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។

សម្រាប់​ទីផ្សារ​អាមេរិក អ្នក​អាច​បញ្ជា​ទិញ​ពី Google Store នូវ​ម៉ូដែល unlocked ​ឬ​ជាប់​កុងត្រា​ជាមួយ​ដៃគូ​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់ Google ​ដែល​មាន Verizion ជាដើម។ បន្ទាប់​មក នឹង​ទៅ​ដល់​ទីផ្សារ​អ៊ីតាលី អេស្ប៉ាញ និង​សិង្ហបុរី ដែល​នឹង​បាន​ឃើញ​វត្តមាន​ស្មាតហ្វូន Pixel 2 ថ្មី​នេះ។

យ៉ាងហោច សម្រាប់​ទីផ្សារ​អាមេរិក អ្នក​នឹង​ទទួល​បាន​ឧបករណ៍​បំពង​សំឡេង Home Mini smart speaker ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ការ​ជាវ Google Pixel 2 ​(ចំនួន​មាន​កំណត់)។ ហាង Google Store និង​ក្រុមហ៊ុន Best Buy នឹង​ចូលរួម​កម្មវិធី​លក់​ថែម​កា​ដូរ​ពិសេស​នេះ។ យ៉ាងណា ប្រិយមិត្ត​ចាំ​ក្នុង​ចិត្ត​ណា​ថា សម្រាប់​ម៉ូដែល Pixel ​ជំនាន់​ទី១ ក្រុមហ៊ុន​ដាក់​លក់​បញ្ចុះ​តម្លៃ​ដល់ ១០០ដុល្លារ​ឯណោះ។ ដូច្នេះ​ សម្រាប់​ប្រិយមិត្ត​ដែល​មាន​ថវិកា​សម​ល្មម​អាច​ពិចារណា​ម៉ូដែល Pixel ​ជំនាន់​ដំបូង​បាន។

ការរចនារបស់ Pixel 2៖

Pixel 2 និង Pixel 2 XL បានផ្លាស់ប្ដូររូបរាងរចនាបថថ្មីទាំងស្រុង ដោយស្មាតហ្វូន​ទាំង 2​ ស្រោបខ្លួនដោយលោហៈ និងផ្ទៃខាងលើ នៃផ្នែកខាងក្រោយ​ក្រាលដោយកញ្ចក់ ដែលធ្វើឲ្យ Pixel ទាំងពីរកាន់តែ​មានភាពទាក់ទាញ​ជាងមុន ពិសេសភ្លឺចាំង​ពេលត្រូវ​ទៅនឹងពន្លឺ។

ជាមួយរូបរាងថ្មីនេះ Google បានរក្សាទំហំ Pixel 2 និង Pixel 2 XL ដូចទៅនឹង Pixel 1 និង Pixel XL 1 ផងដែរ តែអ្វីដែលបាន​កែប្រែកាន់តែប្រសើរ​នោះគឺ ការកែប្រែ​ប៊ូតុង Power ដោយរំលេចមក​ជាមួយនឹង​ពណ៌ទឹកក្រូច ធ្វើឲ្យម្ចាស់របស់វា​ដឹងច្បាស់ថា​វាគឺជាប៊ូតុងសម្រាប់​ចុចបិទបើក (មានតែនៅលើ Pixel 2 XL ពណ៌ស លាយខ្មៅប៉ុណ្ណោះ) ក៏ដូចជាពណ៌​បៃតងនៅលើ Pixel 2 ពណ៌ទឹកសមុទ្រ។

អេក្រង់៖

Google Pixel 2 ទើប​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​ទំហំ ៥អ៊ីញ​ប្រភេទ AMOLED ​អម​ដោយ​មុខងារ Always On ​កម្រិត Full HD 1920x1080px ក្រាល​ដោយ​កញ្ចក់​ការពារ Gorilla Glass 5 រឹងមាំ​ធន់​នឹង​សំណឹក និង​ការ​ប្រេះ​បែក។

ចំណែក Pixel 2 XL ​ភ្ជាប់​អេក្រង់ ៦អ៊ីញ pOLED ​កម្រិត 2880x1440px និង​ក្រាល​ដោយ​កញ្ចក់ 3D glass ​មាន​មុខងារ Always On ដូច​គ្នា និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 538ppi ​នៅ​លើ Pixel 2 XL។

ប្រព័ន្ធប្រតិបត្តិការណ៍ និងកម្លាំងម៉ាស៊ីន៖

ក្រុមហ៊ុន Google អាច​នឹង​មាន​មោទនភាព​ចំពោះ ស្មាតហ្វូន​ស៊េរី​ខ្ពស់ Pixel 2 / 2 XL របស់​ខ្លួន ជាមួយ​ការ​បន្ថែម​លក្ខណៈ​សម្បត្តិ​រឹតតែ​ខ្ពស់។ ស្មាតហ្វូន​ទាំង​ពីរ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo អម​ជាមួយ​ផ្ទៃ​កម្មវិធី Pixel Launcher ​បំពាក់​ឈីប Qualcomm Snapdragon 835 ​និង​មាន RAM 4GB រីឯ​អង្គ​ចងចាំ​ពីរ​ជម្រើស​គឺ 64GB និង 128GB។

វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង ផ្ដល់​នូវ​ការ​សាកថ្ម​កម្រិត 18W ​មាន​មុខងារ​ស្កេន​ក្រយៅដៃ Pixel Imprint, ស្តង់ដារ​មិន​ជ្រាប​ទឹក IP67 មាន​រន្ធ USB-C, Bluetooth 5.0។

កាមេរ៉ា៖

កាមេរ៉ា​នៅ​លើ Pixel 2 និង Pixel 2 XL ​គឺ​មាន​សមត្ថភាព​ដូច​គ្នា។ កាមេរ៉ា​មុខ មាន​ទំហំ 8MP ​សម្រាប់​ថត selife និង​អាច​ថត​វីដេអូ Full HD ក្នុង​កម្រិត 1080p។ រីឯ​កាមេរ៉ា​ក្រោយ​វិញ មាន​ទំហំ 12.2MP ​អាច​ថត​រូប និង​វីដេអូ​បាន​កម្រិត 4K នៅ 30fps និង​មាន​ f/1.8 aperture, OIS និង​មាន​មុខងារ Portraits ទាំង​នៅ​កាមេរ៉ា​មុខ និង​ក្រោយ។

តម្លៃ និងថ្ងៃចេញលក់៖

ឆ្នាំនេះ Google មិនបញ្ចេញស្មាតហ្វូនលក់នៅពេលព្រមគ្នានោះទេ​ដោយយើងអាចធ្វើការ​កម្មង់ទុកមុនចាប់ពីថ្ងៃ​នេះតទៅ ហើយនឹងចេញលក់​ដូចតទៅ៖

Pixel 2 ទំហំ 64GB តម្លៃ 650$
Pixel 2 ទំហំ 128GB តម្លៃ 750$
ត្រៀមចេញលក់ជាផ្លូវការនៅថ្ងៃទី 19 ខែ តុលា ខាងមុខនេះ

Pixel 2 XL ទំហំ 64GB តម្លៃ 850$
Pixel 2 XL ទំហំ 128GB តម្លៃ 950$
ត្រៀមចេញលក់នៅថ្ងៃទី 15 ខែវិច្ឆិកា ត្រូវនឹងខែក្រោយ៕


ប្រភពដើម៖ https://store.google.com/us/product/pixel_2

error: Content is protected !!