អាថ៌កំបាំង​ដែលធ្វើអោយជីវិតគូស្រករមានភាពរីករាយជា​និរន្ត​រ៍ – Kalib9 គំនិត សង្គម & ជិវិត | Kalib9
kalib9

អាថ៌កំបាំង​ដែលធ្វើអោយជីវិតគូស្រករមានភាពរីករាយជា​និរន្ត​រ៍

គូស្វាមីភរិយា៖ នៅក្នុង​ពិភពលោក គេកត់សម្គាល់​ឃើញថាមាន​គូស្វាមីភរិយា​៤០%​ដែល​បញ្ចប់​ជិវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដោយការ​លែង​លះគ្នា។ ពិតណាស់ ភាពស្និទ្ធស្នាលក្នុងរឿងស្នេហា​​មិន​មែន​ចេះ​តែ​បន្តដោយ​គ្មាន​ទីបញ្ចប់​ឡើយ​​ នៅពេល​ដែល​មាន​កត្តារំខាន​ផ្សេងៗ​ចូល​មក​ដូចជា បញ្ហា​ការងារ សម្ពាធ​ក្នុង​​គ្រួសារ​ដូចជា​ ការងារ​​ផ្ទះ បញ្ហា​ជីវភាព​​គ្រួសារ បញ្ហា​​សុខភាព​កូន​ចៅ​ជាដើម។

ទោះ​ជាមាន​ឧបសគ្គ​យ៉ាង​ណា​ក៏ជីវិតអាពាហ៍​ពិពាហ៍​របស់​គូស្រករមួយ​ចំនួន​ធំ​ទទួល​បាន​ជោគជ័យ​ដែរ ដែល​ពួកគេ​បាន​ចូលរួម​ចំណែក្នុង​ការ​ចែក​រំលែក​ពី​បទ​ពិសោធទាំង​នេះ​សំរាប់​ជា​បច្ច័យ​ក្នុងការ​ថែ​រក្សា​ចំណងស្នេហ៍​អោយ​មាន​ភាព​រឹងមាំជា​និច្ច​និរន្ត​រ៍។

១. ប្រើពាក្យសំដី​ផ្អែមល្ហែម​ដាក់គ្នា​ទៅ​វិញ​ទៅមក ពិតណាស់ អ្នក​ច្បាស់​ជា​យល់ថា​ស្តាប់​ទៅ​ដូចជា​រងាន់​ដល់​ហើយ​!! ការ​ដែល​លឺប្តីប្រពន្ធ​គេ​និយាយ​ផ្អែមល្ហែម​ដាក់គ្នា​ពេក មើល​តែ​និយាយជាមួយ​ក្មេង​អាយុ​២ឆ្នាំ…

ប៉ុន្តែ​សូម​អ្នក​ចង​ចាំ​ថា​នោះ​ជា​សញ្ញា​ដែលបង្ហាញពី​ភាព​រឹងមាំនៃ​ស្នេហា​របស់​គេ។ ភាពស្និទ្ធស្នាល​ហាក់​បន្ថែម​ឡើង​នៅពេល​ដែល​អ្នក​និយាយដោយ​បញ្ចេញ​សូរសំលេង​ពិសេស​ទៅ​រកគ្នា ដោយ​ជួនកាល​លាយ​ឡំនឹង​ពាក្យ​កំប្លែង​ ឬ​ជួនកាល​អ្នក​ដាក់​ឈ្មោះ​អោយ​ស្វាមី ឬ​ភរិយា​ខ្លួន​ជា​ពិសេស​ដែល​ឈ្មោះនោះ​មាន​តែ​អ្នក​២នាក់​ប៉ុណ្ណោះដែល​ដឹង។ ​ការ​លេង​​សើច​​កំប្លុកកំប្លែង​ជាមួយ​គ្នា​បែប​នេះ​ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​រីករាយ​ចំពោះគ្នាទៅវិញ​ទៅមក។

២. ធ្វើកិច្ចការ​ជាមួយ​គ្នា ការងារ​រួមគ្នា​របស់​ប្តី​ប្រពន្ធមិន​មែន​មាន​តែ​នៅ​លើ​គ្រែ​ទេ! មាន​កិច្ច​ការ​ជា​ច្រើន​ដែល​អ្នក​ទាំង​២​អាច​ធ្វើ​រួម​គ្នា​បាន​ដូចជា​កិច្ច​ការ​ផ្ទះដែល​មាន​ដូច​ជា​ធ្វើ​ម្ហូប លាងចាន…

ក្រៅពី​នេះ​មាន​ដូចជាហាត់​ប្រាណ លេង​ជាមួយ​កូនជាដើម។ ដែល​វិធី​នេះ​នឹង​ធ្វើ​អោយ​អ្នក​ទាំង​២​កាន់​តែ​ជិតស្និទ្ធ​នឹងគ្នា​ឡើងថែម​ទៀត។

៣. ពេល​មាន​បញ្ហា​ ដាច់​ខាត​មិន​ត្រូវ​ទូរស័ព្ទ​ទៅ​ឪពុកម្តាយឡើយ ភារកិច្ច​ដំបូង​របស់​គូស្វាមី​ភរិយា​ថ្មីថ្មោង​គឺ​ការ​ផ្តាច់​ខ្លួន​ពី​ក្រុមគ្រួសាររៀងៗខ្លួន​។ នេះ​មិនមែន​មានន័យ​ថា​អោយ​អ្នក​ផ្តាច់​ទំនាក់​ទំនង​ពី​ឪពុកម្តាយ​និង​បងប្អូន​នោះ​ទេ។

ក៏​ប៉ុន្តែ​ក្រោយពី​មាន​ប្តីមាន​ប្រពន្ធ​ហើយ ឧទាហរណ៍​ដូចជា​មាន​បញ្ហា​ថា​អ្នក​មិន​អាច​មាន​កូន​​ម្នាក់​ទៀតបាន ប្តូរការងារ បញ្ហាសុខភាព ជាដើម នោះ​គឺស្វាមីភរិយា​ជាអ្នក​ពិភាក្សា​គ្នា​ពី​បញ្ហានេះ មិនមែន​ម្តាយអ្នក​ទៀត​ឡើយ​។ អ្នក​ប្រហែល​​ជា​មិន​ជឿ​ទេ​ដែល​ថា អ្នក​ដែល​លែង​លះ​គ្នាភាគ​ច្រើន​និយាយ​ថា “មានការណ៍​អី​ក៏​ម៉ែដែរ ចុះ​ខ្ញុំវិញ ទុក​ខ្ញុំ​ជា​ស្អី​ទៅ!?”។

៤. ទាក់ទង​ទៅ​ឪពុកម្តាយនិងសាច់ញាតិជារឿយៗ ចំនុច​នេះ​មិន​មែន​ផ្ទុយនឹង​ចំនុច​ទី​៣​ទេ។ អ្នក​អាច​ប្រាស្រ័យ​ទាក់ទង​ឪពុកម្តាយ សាច់​ញាតិជា​រឿយៗ​ឬ​ជា​រៀង​រាល់​ថ្ងៃ​ក៏​បាន ប៉ុន្តែ​អ្នក​ត្រូវ​ចែក​អោយ​ច្បាស់​ថា ​ឪពុកម្តាយ សាច់​ញាតិជា​ជើង​ក្រោយ ប្តី​ឬ​ប្រពន្ធរបស់​អ្នក​គឺ​នៅ​លេខរៀងទី​១។ ការមាន​ទំនាក់​ទំនង​ជាមួយ ឪពុកម្តាយ និង​សាច់​ញាតិទាំង​សង​ខាង​ជា​បច្ច័យ​ល្អ​សំរាប់​គូស្រករ​ ព្រោះ​វា​បាន​ផ្តល់នូវភាព​ផ្សារភ្ជាប់​គ្នា​រវាង​ក្រុម​គ្រួសាររ​ទាំង​សង​ខាង​ ដែល​ផ្តល់​ភាព​ពេញ​ចិត្ត​ដល់​ដៃគូ​របស់​ខ្លួន។

៥. មិន​ក្រិត​ចែក​ការងារ​គ្នា​ ស្ទើរ​តែ​១០០%ហើយ​ដែល​ស្ត្រី​ជា​ភរិយា​ទទួល​បន្ទុក​ថែរក្សា​កូន​ចៅ និង​ការងារ​ផ្ទះ​សម្បែង​ច្រើន​ជាង​បុរសជា​ស្វាមី។ ​ នៅពេល​បញ្ចាំ​គ្នា មើល​បំណាំគ្នា ការងារ​ឯង​ ការងារ​អញ​នេះ​…បញ្ហាប្រាកដជា​នឹង​កើត​មាន​ឡើងជា​មិនខាន។ គូស្រករ​ភាគច្រើន​គិត​ថា​គេ​គួរចែកការងារ​គ្នា​៥០-៥០ ពោល​គឺ​ពាក់កណ្តាល​ម្នាក់​។ តែ​តាម​ពិត​ទៅ​អ្នក​ទាំង​២ គួរ​តែ​មានគំនិតថា​ត្រូវផ្តល់​អោយគ្នា​១៥០%​វិញ​ទើប​ត្រូវ។​ ប្តីប្រពន្ធ​គួរ​តែ​ចេះ​ជួយ​រំលែកការ​ងារ​គ្នា​ និង​គោរព​ការ​ផ្តល់​អោយរបស់​ដៃគូ ដោយ​មិន​ចាំ​បាច់​ក្រិត​ចែកគ្នា​ឡើយ។

6. កុំឈ្លោះគ្នាអោយ​ខាត​ នៅពេល​ដែល​ឈ្លោះ​ប្រកែក​គ្នា ប្តីប្រពន្ធ​ដែល​ស្រែកគំហក​ដាក់​គ្នា រួច​បោក​ចាន​បោកឆ្នាំងនោះច្បាស់​ជាពិបាកនឹងជានា​គ្នា​វិញ​ណាស់។ បើ​ទោះ​បី​ជា​ត្រូវ​រ៉ូវគ្នា​វិញ​ហើយ ក៏​ដោយ​មិន​យូរ​ទេ​ច្បាស់​ជា​មាន​អ្នក​រអ៊ូរទាំ​ស្តាយ​របស់​ដែល​បែក​បាក់​ទៅ និង​ស្តាយ​ថវិកាដែល​ចំណាយ​ទៅ​ទិញ​របស់​នោះមក​វិញ​​ដែល​នឹងបង្កអោយ​ក្នក់​ចិត្ត​ឡើង​វិញ​មិន​ខាន។

៧. ជូនអំណោយគ្នាទោវិញ​ទៅមក មិន​ថា​អ្នក​ណា​ទេ​នៅពេល​ដែលទទួល​បានអំណោយប្រាកដជាមានអាម្មណ៍រីករាយ ចុះទំរាំ​បើអំណោយ​នោះអ្នកទទួលបាន​ពី​មនុស្សដែល​អ្នក​ស្រលាញ់វិញ​ តើអ្នក​នឹង​សប្បាយ​ចិត្តខ្លាំង​យ៉ាង​ណាទៅ!? នេះ​ជា​ចំនុចមួយ​ដែល​អ្នក​មិន​គួរ​មើលរំលង​ឡើយ៕