រឿង នាងព្រាយត្រកៀតបឹង ៚ ភាគទី៤ – Kalib9 គំនិត | Kalib9
kalib9

រឿង នាងព្រាយត្រកៀតបឹង ៚ ភាគទី៤

ថ្ងៃមួយ នាងស្រស់ជាប្រពន្ធបានបបួល ប្តីខ្លួនជាគ្រូអាគម ដោយ ឱ្យស្វាមីនាងស្លៀកពាក់ដូចជាអ្នកស្រុកធម្មតា ទៅលេងទឹក ឯកំពង់ផែ មានសាលាមួយសង់ជាប់មាត់ទឹក ក្រោមម្លប់ដើមជ្រៃក្រឹមដ៏ធំ ធ្វើឱ្យទឹកត្រជាក់ ស្រិប គួរឱ្យចង់ងូតកំសាន្ត ។
នាងស្រស់បានទុកកូនស្រីខ្លួន ឱ្យបាវ ស្រីៗជាអ្នកមើល ចំណែករូបនាង ក៏ដើរតម្រង់ទៅកំពង់ទឹក ហើយត្រាំជើងលេងក្នុងទឹកយ៉ាងសប្បាយ ។

គ្រូអាគមជាប្តី បានចុះទូក ហើយអ៊ុំក្បែរប្រពន្ធ រួចអោបជើងនាង ដែលកំពុងតែសំយុង ធាក់ទឹកខ្ចាយ ៗ ។ នាងជាប្រពន្ធមើលកែវភ្នែកប្តីដ៏ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្ងួតមករកនាង​ នាងក៏កើតនូវចម្ងល់ ដែលបានលាក់ទុក រួច នាងបានយកដៃដាក់នៅលើស្មាប្តីនាង អង្អែលថ្នមៗ ហើយសួរប្តីថា ៖

បង ខ្ញុំតែងតែសុបិនអាក្រក់ណាស់ ចាប់តាំងតែពីពេលដែលបង បានជួយព្យាបាល អូនមកម្លោះ ។
ប្តីក៏តបថា ៖ តើ នាងសុបិន ឃើញអ្វីដែរ ?
នាងប្រពន្ធឆ្លើយ ៖ ចាសបង អូនសុបិនឃើញ មនុស្សចាស់ រូបរាងអាក្រក់បំផុត មានស្បែកក្រហម ស្លៀកខ្មៅ មកតោងរូបកាយរបស់អូន ហើយបីអូន ថើប អង្អែលសព្វរាងកាយ ហើយស្រែកសប្បាយ អូនក្រោកឡើងតែងតែភ័យ ញ័រអស់សព្វខ្លួន តែអូនមិនហ៊ានប្រាប់បង ក្រែងនាំក្តីអំពល់ សៅហ្មង ដល់ ចិត្តរបស់បង ។

ប្តីក៏ចាប់ផ្តើម ធ្លាក់ទឹកមុខ ហើយមិនតប ។
នាងប្រពន្ធក៏និយាយបន្ថែមទៀតថា ៖ ថ្ងៃដែលបងបានជួយ ហៅព្រលឹងអូនមកវិញនោះ ក្នុងយល់សប្តិ របស់អូន ពុំបានឃើញបង ទេ គឺឃើញតែតាចាស់ គួរឱ្យខ្លាចម្នាក់នោះហើយ ។
ប្តីក៏អោបប្រពន្ធរួចនិយាយថា ៖ កុំខ្លាចអី អូន នោះប្រហែលអូនត្រូវពពួកព្រាយ ពាំនាំព្រលឹងចេញពីរាងកាយ បាត់បង់នូវស្មារតី តែប៉ុណ្ណោះ ។

នាងប្រពន្ធក៏ចាប់ដៃប្តីជាប់ហើយ និយាយថា ៖ បង បងសន្យា ជាមួយអូនបានទេ ឈប់បន្ត ចងព្រាយបីសាច ឈប់ធ្វើអំពើ ដាក់ស្នេហ៍ ឱមអាម ដាក់មនុស្សស្លូតត្រង់ទៀតទៅ អូនខ្លាចណាស់ គឺអូនខ្លាចកម្មពារ អាច ហុចផលទៅលើ កូនយើង នាងត្រកៀត ទៅថ្ងៃក្រោយណា បង ។ បងក៏ត្រូវឈប់ប្រើមន្តអាគម ឈប់ ស្នងរូបដេញអាបធ្មប់ មើលជំងឺ ឬផ្លុំមន្ត ទាំងអស់ យើងសាងជីវិត ថ្មី មករស់នៅ ធម្មតា​ ប្រកបរបរ ដូចគេដូចឯង ។ចំណែករឿងសំបួរទាយាទ បន្តវេន បំភ្លេចចោល កុំឱ្យត្រកៀតនាងដឹង នាងទទួល ។

ប្តីញញឹម ហើយ អោបប្រពន្ធម្តងទៀត រួចតបថា មិនអីទេ បងយល់ព្រម ។
ដោយក្តីស្រលាញ់ ប្រពន្ធ និងកូន គ្រូលឹមក៏បិទទ្វារ ផ្ទះតូចដែលសម្រាប់ធ្វើពិធីនោះចោល ប៉ុន្តែ គ្រូលឹមក៏នៅតែមិនអាចដើរចូលក្នុង ធ្លាវត្តបានដដែរ ព្រោះហាក់បីដូចជាមាន ភ្លើងកំពុងឆេះ លើគេនៅពេលគេឈានជើងចូលក្នុងធ្លាវត្ត អារាម ។

ថ្ងៃមួយលោកគ្រូលឹម និងនាងស្រស់ ធ្វើដំណើរមកពីលេងម្តាយឪពុកនាងស្រស់វិញ ស្រាប់តែ មាននាយពល ម្នាក់ជិះសេះយ៉ាងលឿន សំដៅ ទៅរកផ្ទះដង្ខៅម្នាក់នៅឯ ជាយរាជធានី បានធ្វើឱ្យប៉ះនាងស្រស់ ដួល ហើយថែមទាំងស្រែកជេរនាងស្រស់ ពីចម្ងាយថា មេ នាងឯង ដើរមិនចេះមើល ចឹងហ្អា ! នេះ សេះនាយពលហ្លួងណា ហ្អេ? ​ ម្តេចមិនជៀស មករំខានដំណើរយើងធ្វើអី ? លោកគ្រូមន្តដែលជាប្តី ពុំឆ្លើយឆ្លងទេ តែសម្លក់ មុខនាយពលនោះ នាយពលបំផាយ សេះ ទៅបាត់​ ។

លោកគ្រូលឹម ទៅបីត្រកងប្រពន្ធ ហើយឱ្យបាវ នាំយកទៅផ្ទះព្យាបាលរបួស ៕
លោកគ្រូមន្តបានអញ្ជើញពេទ្យហ្មបុរាណ មកព្យាបាលនាងស្រស់ ហើយឱ្យនាងសម្រាកលើផ្ទះធំ ដោយនិយាយទៅកាន់ពេទ្យហ្មថា ៖យ៉ាងមេចហើយ ហ្ម ប្រពន្ធខ្ញុំ?
ហ្មក៏និយាយបែបលេងសើចចំអកទៅវិញថា ៖ ក្រែងលោកគ្រូជាគ្រូ អាគម ម្តេចមិនព្យាបាលទៅ ហ្អាហ្អា ។

លោកគ្រូអាគម​ នៅស្ងៀម ហើយលោកគ្រូហ្មនិយាយបន្តទៀតថា ៖ នេះ ថ្នាំ យកទៅដាំ ចុះ ជាសះស្បើយហើយ ។
លោកគ្រូទទួលថ្នាំ រួច ក៏ឱ្យកូនសិស្សលោកគ្រូជូនលោកគ្រូហ្មទៅផ្ទះ លោគ្រូលឹម ឃើញសក់លោកគ្រូហ្មជ្រុះលើស្មាមួយសសៃ ហើយក៏ជួយ បេះចេញពីលើស្មា ដោយលោកគ្រូលឹមនិយាយថា ៖ លោកគ្រូហ្ម សក់ជាប់អាវពីអង្កាលមក ទេ មិនដឹងថាសក់លោកគ្រូហ្មពិត ឬសក់នារី រូបល្អណា ។ លោកគ្រូហ្មសើច ហើយនិយាយថា ជាសក់ខ្ញុំ មិនមែនសក់របស់នាងស្រស់ ប្រពន្ធរបស់លោកគ្រូលឹមទេ ។ លោកគ្រូលឹមក្តៅក្រហាយក្នុងចិត្តតែមិន ព្រមតប ព្រោះមិនចង់និយាយឱ្យមានរឿងច្រើន ។

ចំណែកកូនក្មេង ខាងមុខផ្ទះ ស្រាប់តែឃើញលោកគ្រូលឹមជូនដំណើរ លោកគ្រូហ្មភ្លាម ក៏ស្រែកច្រៀងថា​ គ្រូលឹម គ្រូខ្មោច គ្រូលឹម គ្រូខ្មោច ។ លោកគ្រូហ្មទាញ ឆ័ត្របាំងថ្ងៃ ហើយសើចចំអកបន្ថែម
លុះពេលយប់ឡើងដោយកំហឹងដុតរោលក្នុងខ្លួន គ្រូលឹមក៏ ផ្តាំបាវស្រីៗថា ៖ ​ចូរ ពួកអស់នាង មើល លោកស្រីឯង កុំឱ្យនាង ដើរទៅណា លឺទេ?
នាងបាវតប ៖ ចាស លោកម្ចាស់ !

លោកគ្រូក៏ផ្តាំផងដែរឱ្យកូនសិស្ស៣នាក់នៅយាមទ្វារផ្ទះធំ ។
ចំណែកលោកគ្រូលឹមក៏សំដៅ ទៅបើកទ្វារផ្ទះតូច ហើយចាប់ផ្តើមធ្វើពិធីដោយ បំពានសន្យាជាមួយប្រពន្ធ ។ លោកគ្រូក៏ចាប់ផ្តើមដុតទៀនធូបលើទីអាសនៈ ហើយសូត្រមន្តអាគម ភាវនាជាប់មាត់ រូបរបស់លោកគ្រូលឹមដែលស្រស់ស្អាតបានប្រែក្លាយជា តាចាស់ ម្នាក់គួរឱ្យខ្លាច មានស្បែកពណ៌ក្រហម ច្រាល ក្រចកវែង ភ្នែក ធំៗ អង្គុយពែនភ្នែន មុខទីអាសនៈនោះ ។

លោកគ្រូលឹមក៏ទាញ ឆ្នាំងដីដែលបិទ រុំដោយ អំបោះឆៅ ហើយបោះចេញទៅក្រៅ ពួកព្រាយក៏ចេញមក លោកគ្រូលឹមស្រែកថា ពួកមីអស់ឯង ទៅ ធ្វើឱ្យអាក្មេងអស់នោះវាឈឺ ភ្លាម ។
នាងព្រាយតប ៖ ចាសលោកម្ចាស់ ហាហា ។

ព្រាយក៏ទៅលងបន្លាចក្មេងៗ នោះ ។ ក្មេងៗដេកស្រែកថា អួយខ្ញុំ ឈប់ហើយ ម៉ែអើយជួយកូនផង ម្តាយឪពុកក្មេងចាប់អោបកូន ហើយដាស់កូន តែកូនមិនភ្ញាក់សោះ ។ ក្មេងក៏រមៀលចុះរមៀលឡើង ស្រែកពេញផ្ទះ ហើយស្រែកបន្តទៀតថា ខ្ញុំអត់ទៅទេ ខ្ញុំអត់ទៅទេ ។ មួយសន្ទុះក្រោយមកក្មេងៗនោះក៏ដាច់ខ្យល់ស្លាប់ទៅ​។

លោកគ្រូលឹមនៅមុខពិធី ស្រែកសប្បាយ ហើយក៏បន្ត ចាប់យករូមមនុស្សសូន ពីដីដំបូក បីដុំ ដែលលាយជាមួយដីឥដ្ឋ រួចលោកគ្រូភាវនាផ្លុំលើរូបដីឥដ្ឋនោះបន្ត ទៀត ។ លោកគ្រូយកសក់ មួយសសៃ របស់លោកគ្រូហ្ម ដោតនឹងរូបនោះ ហើយ យក ម្ជុល ដោតលើរូបដីឥដ្ឋនោះ ។ ចំណែកលោកគ្រូហ្មនៅឯផ្ទះ ចាប់ផ្តើមឈឺ ក្អួតឈាម ចុកពេញខ្លួន ប្រកាច់ស្លាប់បាត់ទៅ ។

លោកគ្រូលឹមសើចខ្លាំងម្តងទៀត ចំណែកនាងស្រស់ ក៏ភ្ញាក់ដឹងខ្លួនព្រោះយល់សប្តិអាក្រក់ ឃើញតាចាស់អាក្រក់នោះមកម្តងទៀត នាង ក៏ចេញក្រៅបន្ទប់ រកប្តីនាង តែពួកបាវស្រីៗឃាត់ ។ នាងស្រស់ដឹងថា ប្តីនាងមុខជា ទៅ លួចធ្វើពិធី គ្រូស្មិលទៀតហើយ ។
នាងស្រស់ក៏ផ្លោះតាមបង្អួច ហើយដើរសំដៅទៅផ្ទះតូច រួចក៏ លួចមើលតាមចន្លោះក្តារឃើញ រូបប្តីនាង ប្រែកាយជាអាក្រក់ ដូចក្នុងយល់សប្តិនាង បេះដាក់ នាងក៏យំហើយខ្ទប់មាត់ខ្លួនឯង ។

លោកគ្រូលឹមក៏ ក្បង់ យកម្ជុល ដែកគោ មួយដៃ ហើយសូត្រមន្តអាគម រួចក៏បាចលើអាកាស ម្ជុល ដែកគោ ក៏ហោះទៅ ជាសត្វ ឃ្មុំ កន្លង់ និង ឆ្កែញាំង ហើរសំដៅចេញពីបង្អួចទៅទីឆ្ងាយ ។
សត្វល្អិតទាំងនោះហោះទៅ រក លោកនាយពល ដែលកំពុងផឹកស៊ី ក្លែមក្នុង ផ្ទះ លោកដង្ខៅ ។ ស្រាប់តែពេលនោះសត្វទាំងនោះក៏ទំក្នុងអាហារ ប្រែក្លាយជាម្ហូបអាហារ បាយទឹក លោកនាយពលក៏ទទួលទាន ។ ចំនីប្រែក្លាយជាសត្វល្អិត ឃ្មុំ កន្លង់​ និងឆ្កែញាំង លោកនាយពលចាប់ផ្តើមឈឺពោះស្រែក ហើយសត្វល្អិតប្រែជាម្ជុល និង ដែកគោ មុតពោះលោកដង្ខៅ និងនាយពលស្លាប់ ចេញយាម តាមរន្ធ ពោះដែលមុតម្ជុលនិងដែកគោនោះ ​ ។ លោក គ្រូលឹមចាប់ផ្តើមសើចម្តងទៀត ហើយទាញ ចាន កែវ មកខាំឆី ធ្វើព្រងើយ ។

នាងស្រស់នៅក្រៅឯណ្ណោះវិញ លុះដឹងការពិតការយំ ហើយដើរមកផ្ទះធំវិញ ចំណែកកូនសិស្ស និងបាវ ដឹងថា ម្ចាស់ស្រីមកពីផ្ទះតូច ហើយនាងបាវនិយាយទៅកាន់កូនសិស្សលោកគ្រូថា​៖ បង ធ្វើយ៉ាងមេចទៅ ពេលនេះម្ចាស់ស្រី មក ផ្ទះតូចវិញហើយ មិនដឹងថាម្ចាស់ស្រី ចេញពីផ្ទះធំពីអង្កាល ទេ ក៏មិនដឹងចេញតាមណាបើយើងយាមជាប់អញ្ចឹងនោះ នេះបើលោកម្ចាស់ដឹង មុខជា ជេរពួកយើងស្លាប់ហើយ ។

កូនសិស្សតបទៅបាវថា ៖ មិនអីទេ ឯងឆាប់ទៅមើលម្ចាស់ស្រីទៅ ។ រឿងនេះ យើងកុំប្រាប់លោកម្ចាស់ បើហ៊ានជម្រាប លោកពេលនេះ លោកមុខជាខឹងព្រោះលោកកំពុងប្រារព្ធពិធី បើចូលរំខានដាច់ពិធីលោក លោករិតតែខឹងទៀត ហើយបើប្រាប់ពេលក្រោយ លោកមុខជាជេរយើង ខ្លះក៏មិនអីដែរ៕

នាងបាវក៏ស្ទុះគ្រា ម្ចាស់ស្រី ខ្លួន ដែលទន់ខ្លួន ហាក់បីដូចជាគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ ។
លុះនាងស្រស់ ចូលក្នុងបន្ទប់ នៃផ្ទះធំ នាងក៏អើតមើលនាងត្រកៀតដែលជាកូនស្រីនាង គេងយ៉ាងស្កប់ស្កល់ នាងក៏ភ័យព្រួយហើយគិតម្នាក់ឯងថា ៖
បើ អញ នៅតែ រួមរស់ជាមួយ លោកគ្រូលឹមទៀត កូនស្រីអញដែលគ្នាមិនដឹង អ្វី មុខជាទទួលនូវកម្មពារជាក់ជាមិនខាន ឬក៏អាចបន្តទាយាទ ដ៏ខ្មៅងងឹតនេះ ។

កំពុងតែគិត ស្រាប់តែប្តីនាងចូលក្នុងបន្ទប់ នាងក៏ស្លន់ស្លោរ ហើយបើកភ្នែកធំៗ
ប្តីនាងញញឹមហើយនិយាយថា ៖ អូនមានរឿងអ្វីហ្នឹង អូនគ្រាន់បើបន្តិចហើយមែនទេ បានអាចក្រោករួច មកមើលត្រកៀតបែបនេះ ។
នាងស្រស់តបទាំងញ័រថា ៖ ចាស បង បង ​បង មិនអីទេ អូន អូន អាច បាន​។
ប្តីក៏អោបនាង យ៉ាងស្អិត នាងក៏នឹកឃើញរូបភាពកាចសាហាវនៃប្តីរបស់នាង នាងក៏បេះដៃប្តីនាងចេញ រួចតបថា អូនចង់សម្រាកហើយ ។

លុះស្អែកឡើង នាងស្រស់ ក៏ ពរកូននាងចាកចេញពីប្តីរបស់នាង ទៅពួននៅវត្តមួយ ដែលម្តាយមីងរបស់នាង ជាដូនជី ស្នាក់នៅ ។
ចំណែកលោកគ្រូលឹម ដើររកសព្វទីកន្លែង ដោយដឹងថា នាងស្រស់ស្នាក់នៅវត្ត ក៏ដើរទៅមុខវត្តនោះ ហើយស្រែកពីចម្ងាយ ហៅនាងស្រស់ថា ៖
ស្រស់ ស្រស់អូន ត្រលប់ទៅផ្ទះយើង វិញ !

នាងស្រស់ ចេញមកហើយក៏រៀបរាប់រឿងរ៉ាវទាំងទឹកភ្នែកថា ៖ ឱ្យអូន សុំទោស អូនបានដឹង រឿងការពិតអស់ហើយ អូនមិនអាច ឱ្យកូនយើង ក្លាយខ្លួនជាទាយាទបីសាច បែបនេះទេ អូនចង់ការពារកូនយើង បងត្រលប់ទៅវិញចុះ ។
លោកគ្រូលឹម​ក៏ និយាយថា ៖បើនាងមិនត្រលប់ទៅវិញទេ យើងមិនមែនជាប្តីប្រពន្ធទៀតទេ ?
នាងស្រស់តប ៖ អូនមិនទៅវិញ ទេ បងចង់ធ្វើអ្វីអូនក៏បាន តែអូនសុំចិត្តអាណិតកូនយើងផង ។

លោកគ្រូលឹមត្រលប់ទៅផ្ទះខ្លួនវិញ ហើយ ជេរស្តីដេញកូនសិស្ស និងបាវចេញពីផ្ទះអស់ ។
លោកគ្រូលឹមក៏នៅបន្ត ប្រពៃណី មន្តអាគមដូនតារបស់ខ្លួនដដែរ ។
…..To be continue part 5