ការរីកចម្រើនផ្នែកបច្ចេកវិទ្យាទាំង៥នេះនឹងផ្លាស់ប្តូរពិភពលោកយើងក្នុងពេលកន្លះសតវត្សទៀត – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ការរីកចម្រើនផ្នែកបច្ចេកវិទ្យាទាំង៥នេះនឹងផ្លាស់ប្តូរពិភពលោកយើងក្នុងពេលកន្លះសតវត្សទៀត

បច្ចេកវិទ្យាបច្ចុប្បន្នហាក់នៅមិនទាន់ដូចអ្វីដែលឃើញនៅក្នុងភាពយន្តវិទ្យាសាស្រ្ត ប៉ុន្តែអ្វីទាំងនោះនឹងអាចឈានទៅក្លាយជាការពិតនៅក្នុងពេល៥០ឆ្នាំទៀត។ បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ក្រុមអ្នកប្រមើលមើលពីអនាគតបានប្រកាសពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលនឹងផ្លាស់ប្តូរការរស់នៅរបស់មនុស្សទាំងស្រុង។

លោក Ian Pearson អ្នកប្រមើលមើលពីអនាគតជនជាតិអង់គ្លេសដ៏ល្បីល្បាញ ដែលបានដឹកនាំការស្រាវជ្រាវបានលើកឡើងថា ដំណើរការរីកចម្រើនផ្នែកបច្ចេកវិទ្យានឹងមិនបញ្ឈប់នោះទេ ហើយមនុស្សនឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដើម្បីបំពេញក្តីស្រម៉ៃរបស់បុព្វបុរស។ ត្រង់ចំណុចនេះ ខាងក្រោមនេះជាការបង្កើតថ្មីខាងបច្ចេកវិទ្យាដែលមនុស្សជាតិនឹងរីករាយប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃក្នុងពេលប្រហែលកន្លះសតវត្សទៀត ហើយវានឹងផ្លាស់ប្តូរជីវិតរបស់មនុស្សលើពិភពលោកផងដែរ។
ការដាក់បញ្ចូលឧបករណ៍បច្ចេកវិទ្យាក្នុងរាងកាយដើម្បីគ្រប់គ្រងសុខភាព

ឧបករណ៍វ័យឆ្លាតតូចៗត្រូវបានដាក់បញ្ចូលទៅក្នុងស្បែករបស់មនុស្សដើម្បីធ្វើការវិនិច្ឆ័យសមាសភាពគីមីនៅក្នុងឈាម និងសញ្ញាសរសៃប្រសាទរបស់អ្នកជំងឺបានទាន់ពេលភ្លាមៗ ហើយផ្តល់នូវការគ្រប់គ្រងស្ថានភាពសុខភាពរបស់មនុស្ស ព្រមទាំងមានសមត្ថភាពរកឃើញនូវការប្រែប្រួល ការខូចខាត ឬជម្ងឺដែលបានឲ្យសញ្ញា។
រថយន្តអាចហោះ

រថយន្តអាចហោះជាផ្នែកមួយសំខាន់នៅក្នុងភាពយន្តបែបវិទ្យាសាស្រ្ត ប៉ុន្តែក្រុមអ្នកប្រមើលមើលពីអនាគតខាងលើបានប្រកាសថា រថយន្តអាចហោះបាននឹងមានពិតនៅក្នុងទសវត្សខាងមុខ ហើយមិនត្រឹមតែរថយន្តប៉ុណ្ណោះទេ តែក៏មានយានជំនិះផ្សេងទៀតផងដែរដែលអាចហោះបាន។

ទេសចរណ៍លំហអាកាស

នរណាដែលគ្មានក្តីស្រម៉ៃចង់ហោះទៅឋានព្រះចន្ទ ហើយដើរនៅលើផ្ទៃព្រះចន្ទនោះ? សម្រាប់បច្ចុប្បន្ន វាហាក់ដូចជាគំនិតរវើរវាយនៅឆ្ងាយ ប៉ុន្តែក្នុងពេល៥០ឆ្នាំទៀត វានឹងក្លាយជារឿងធម្មតា។ បច្ចេកវិទ្យានឹងអាចឲ្យមនុស្សរីករាយថ្ងៃសម្រាករបស់ខ្លួននៅក្នុងលំហអាកាសហើយត្រឡប់មកកាន់ផែនដីវិញដោយគ្មានការពិបាក។

មនុស្សមានថាមពលពិសេស

ធ្លាប់មើល Iron Man ទេ ?
អ្នកប្រមើលមើលពីអនាគតបានទស្សន៍ទាយថា ក្នុងពេលអនាគតដ៏ខ្លី មនុស្សនឹងនឹងផ្សំជាមួយនឹងគ្រឿងយន្ត ដោយមានអាវក្រោះដែលបំពាក់ដោយឧបករណ៍អេឡិចត្រូនិចដែលអាចប្រែក្លាយមនុស្សឲ្យក្លាយជាកំពូលមនុស្សមានកម្លាំងរាងកាយខ្លាំងនិងថាមពលដែលមិនធ្លាប់គិតដល់ពីមុនមក។


រថភ្លើងក្រោមទឹកដែលមានល្បឿនលឿនជាងសម្លេង

វាពិតជាអស្ចារ្យប្លែក ប្រសិនបើអ្នកអាចធ្វើដំណើរតាមរថភ្លើងដែលមានល្បឿនលឿនជាងសម្លេងនៅក្រោមទឹក។ តាមអ្នកប្រមើលមើលពីអនាគត វានឹងក្លាយជាការពិតនៅក្នុងអនាគតដ៏ខ្លីខាងមុខ។ មធ្យោបាយធ្វើដំណើរថ្មីនេះនឹងរួមបញ្ចូលនូវទ្វីបនានាដោយសារតែល្បឿនដ៏លឿនរបស់វា គឺលឿនជាងយន្តហោះបច្ចុប្បន្ន ពោលគឺវាអាចធ្វើដំណើរបានចម្ងាយជាង1,200គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចេកវិទ្យានឹងធ្វើឲ្យរថភ្លើងក្រោមទឹកអាចធ្វើដំណើរបានយ៉ាងលឿន។
ប្រភព៖ Ancient-code