ទូក​ឆ្លាក់​រូប​សត្វ “​ម្ករ​” របស់​ខ្មែរ​មាន​ឥទ្ធិពល​លើ​វប្បធម៌​ថៃ តើ​សត្វ “​ម្ករ​” ជា​អ្វី​បាន​លេប​សត្វ​នាគ​,​គ្រុឌ ឬ ទេព​ផ្សេងៗ មាន​ប្រភព​មកពីណា ? – Kalib9 គំនិត | Kalib9
kalib9

ទូក​ឆ្លាក់​រូប​សត្វ “​ម្ករ​” របស់​ខ្មែរ​មាន​ឥទ្ធិពល​លើ​វប្បធម៌​ថៃ តើ​សត្វ “​ម្ករ​” ជា​អ្វី​បាន​លេប​សត្វ​នាគ​,​គ្រុឌ ឬ ទេព​ផ្សេងៗ មាន​ប្រភព​មកពីណា ?

​ខ្មែរ​យើង​មាន​វប្បធម៌​នៃ​ការប្រើប្រាស់​ទូក​នេះ​យូរអង្វែង​ណាស់​មកហើយ គឺ​មុន​ពួក​ឥណ្ឌា​ចូល​ស្រុក​មកទៀត គឺ​តាមរយៈ​ទឹកដី​ភូមិសាស្ត្រ ​ដែល​សំបូរ​ទៅដោយ​ព្រែក

ស្ទឹង បឹង ទន្លេ សមុទ្រ នេះ ​ដែល​តម្រូវ​ឲ្យ​ខ្មែរ​ចេះ​ប្រើប្រាស់​ទូក​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ ​រហូតមកដល់​ពេលបច្ចុប្បន្ន​ក៏​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​នៅតែមាន​​សារៈសំខាន់​សម្រាប់​ប្រើ​នៅក្នុង​ការនេសាទ និង​ការធ្វើដំណើរ​របស់​អ្នកស្រុក​នៅតាម​មាត់​ស្ទឹង​ទន្លេ ឬ​អ្នក​នៅលើ​ភូមិ​បណ្តែត​ទឹក ។​

​ប្រសិនបើ​យើង​ងាក​ទៅ​មើល​ភស្តុតាង​អំពី​ការប្រើប្រាស់​ទូក យើង​ឃើញ​មាន​ចម្លាក់​ទូកវែង​នៅលើ​ស្គរ​មហោរធឹក នៅក្នុង​សិល្បៈ​​សម័យ​ដុង​សឺ​ន ដែលមាន​អាយុកាល ពីរ ទៅ​បី សតវត្ស មុន​គ្រឹ​ស្ត​សករាជ ទូក​នោះ​មាន​ចំណុះ​ទូក ឬ​ដៃ​ចង្វារ​ប្រហែល ១០ នាក់ ​ដែល​នៅលើ​ក្បាលទូក​ក៏មាន​ការតុបតែង​ដូចជា​រូប​សត្វ​អ្វីមួយ ។

​ផុតពី​រូបនោះ ទាល់តែ​ចូលមក​ដល់​សម័យ​សិល្បៈ​រចនាប័ទ្ម​បាពួន ​ទើប​យើង​ឃើញ​មាន​វត្តមាន​ទូកវែង​មួយទៀត នៅលើ​ផ្តែរ​ប្រាសាទភ្នំ​រូង ​នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ចូល​មកដល់​រចនាប័ទ្ម​អង្គរ យើង​ឃើញ​មាន​ចម្លាក់​ទូក​មួយចំនួន​តូច ក្នុងនោះ​ក៏មាន​រូប​ទូក​ធំ​ពីរ ​ដែល​អ្នកប្រវត្តិសាស្ត្រ​សន្និដ្ឋានថា​ជា​រូប​ទូក​ក្នុង​សិល្បៈ​មន​ភូមា ​មិនមែន​សិល្បៈ​ខ្មែរ​ទេ ។

មកដល់​សម័យ​បាយ័ន មាន​ចម្លាក់​ជាច្រើន​​បង្ហាញ​ពី​រូប​ទូក ទាំង​ក្នុង​ទម្រង់​សាសនា និង​ប្រើប្រាស់​ក្នុង​​សង្គ្រាម​ជើង​ទឹក​រវាង​ខ្មែរ ចាម ដែល​នៅក្នុង​ចម្លាក់​ប្រាសាទបាយ័ន ​ប្រសិនបើ​យើង​រាប់​ដៃ​ចង្វារ​តែ​ម្ខាងៗ យើង​ឃើញថា​ទូក​ចាម មាន​ដៃ​ចង្វារ​មួយ​ចំហៀង​ប្រហែល ១៥ នាក់ ដូច្នេះ​ទូក​ចាម​​គួរ​មាន​ប្រវែង​ប្រហែល​ពី ១២ ទៅ ១៥ ម៉ែត្រ ដោយឡែក​ទូក​ខ្មែរ

ឃើញ​មាន​ចំនួន​ដៃ​ចង្វារ​មួយ​ចំហៀងៗ​ខុសៗ​គ្នា​គឺ​ចាប់ពី ១០, ១២, ១៤, ១៥, ១៨ និង​រហូត​ទៅដល់ ២២ ដែល​មានន័យថា ​ទូក​ខ្មែរ​មាន​ប្រវែង​ប្រហែល​ពី ១០ ម៉ែត្រ ទៅ​ជាង ២០​ម៉ែត្រ ​គឺមាន​ប្រវែង​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ទូកង​. ទូក​មួង សម័យ​បច្ចុប្បន្ន ដែលមាន​ចំណុះ​ទូក​ពី​ជាង ២០​នាក់ ទៅ ៤០​នាក់​នោះទេ ឯកសារ​មួយ​បកស្រាយ​ដោយ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ក៏បាន​លើកឡើង​ដែរ​ថា​ទូក​ខ្មែរ​សម័យ​បាយ័ន​មាន​ប្រវែង​ជាង ២០​ម៉ែត្រ និង​មាន​ទទឹង​ធំ​បំផុត​ជាង ១​ម៉ែត្រ ។

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅក្នុង​សិល្បៈ​ឆ្លា​ក់លើ​តួ​ទូ​កនៅ​​សម័យ​បាយ័ន គឺ​ទូក​ភាគច្រើន​មាន​រូប​ម្ករ អាចជា​រូប​ម្ករ​ខ្ជាក់​គ្រុឌ ​ខ្ជាក់​នា​គក​ល្យៈ ដោយមាន​រូប​ព្រះ​ក្រឹ​ស្ណៈ​ចាប់​ហែក​នា​គក​ល្យៈ​ជាដើម ​ឬ​មាន​ទូក​មួយចំនួន​ដែលមាន​តែ​រូប​ម្ករ​តែប៉ុណ្ណោះ ។

វត្ត​មាននៃ​​ទូក​រូប​ម្ករ​នេះ យើង​ឃើញ​មាននៅ​ក្នុង​រូបថត​សម័យ​បារាំង​មួយ​សន្លឹក ​ដែល​ប្រហែលជា​ថត​នៅក្នុង​ពិធី​បណ្តែត​ព្រះ​អង្គា​រ៍ (​សំណល់​ពី​ការ​​បូជាព្រះសព​) របស់​ព្រះបាទ​នរោត្តម ឬក៏​ព្រះបាទ​ស៊ីសុវត្ថិ ​ហើយ​នៅក្រោយ​ពិធី​បូជាព្រះសព​របស់​អតីត​មហាក្សត្រ​នរោត្តម ​សីហនុ ក៏មាន​ការរៀបចំ​ជា​រូប​ទូក​ម្ករ ខ្ជាក់​នាគ សម្រាប់​ពិធី​​បណ្តែត​ព្រះ​អង្គា​រ៍​នេះដែរ ។

​ប្រសិនបើ​យើង​ងាក​នៅ​មើល​ប្រទេសជិតខាង គឺ​ប្រទេស​ថៃ នៅក្នុង​ក្បួន​ទូក​ព្រះទីនាំង នៃ​ក្បួន​ព្យូហ​យាត្រា​ជលមគ្គ ​ដែលមាន​ទូក​អុំ ជាច្រើន នៅក្នុង​នោះ​មាន​ទូក​មួយគូ ​មានឈ្មោះ​ចាប់ផ្តើម​ដោយ​ពាក្យ​ថា ឯក​ជ័យ (เอกชัย) ​

ដែល​ទូក​នេះ​មាន​ចំណុះ​ដៃ​ចង្វារ​ប្រហែល ៤០​នាក់ ​នៅពេល​ខ្លះ​ទូក​មួយគូ​នេះ​មាន​តួនាទី​ជួយ​អូស​ព្រះទីនាំង​សំខាន់ (​ប្រហែលជា​ព្រះទីនាំង​សុវណ្ណ​ហង្ស​) ។ រូបរាង​របស់​ទូក​ព្រះរាជ​ទ្រព្យ របស់​មហាក្សត្រ​ថៃ​នេះ មាន​រូបរាង​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ទូក​ខ្មែរ មួយចំនួន​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន ។

ខ្ញុំ​ធ្លាប់​អាន​សៀវភៅ ​និរាស​នគរវត្ត របស់​សម្តេច​តម្រង់​រាជានុភាព ជា​បុត្រា​របស់​ស្តេច​ម​កុ​ដ្ឋ ​រាមា​ទី ៤ នឹង​ត្រូវបាន​ជនជាតិ​ថៃ ចាត់ទុកជា​បិតា​នៃ​ប្រវត្តិសាស្ត្រ​ថៃ ទ្រង់​បានមក​ទស្សនា​ប្រទេស​ខ្មែរ ពីរ​ទៅ​បី​ដង តាំងពី​សម័យ​​ព្រះបាទ​ស៊ីសុវត្ថិ ដោយ​នៅក្នុង​សៀវភៅ​និរាស​នគរវត្ត​នោះ មានការ​បរិយាយ​ថា​ទ្រង់​បាន​សង្កេតឃើញថា​ទូក​របស់​ខ្មែរ

ទោះ​ជាធំ ឬ​តូច​យ៉ាងម៉េច​ក៏ដោយ ក៏​ទូក​នោះ​មាន​ការបិត​ទូក ដូចគ្នា​ទៅនឹង ទូក​ព្រះទីនាំង​នៅ​ប្រទេស​ថៃ ហើយ​ទ្រង់​សន្និដ្ឋានថា​ទូក​ព្រះទីនាំង​ថៃ គួរតែ​ទទួល​ឥទ្ធិពល​ពី​ខ្មែរ ព្រោះថា​ទូក​ថៃ តូចៗ មាន​លក្ខណៈ នៃ​ការបិត​ទូក​ខុសពី​ខ្មែរ ។

ទូក​ថៃ​តូចៗ មានការ​បិត​ដោយ​យក​បន្ទះក្តារ នៅ​ពីក្រោម​រាង​បួន​ជ្រុង​ទ្រវែង ហើយ​ទើប​មានការ​បិត​ក្តារ​បញ្ឆាក​​ពី​ចំហៀង និង​ពី​ក្បាល ពី​កន្សៃ ដោយឡែក​ទូក​ខ្មែរ​ទាំង​តូច ទាំង​ធំ ​ទាំង​វែង ទាំង​ខ្លី មានការ​និយម​បិត​ជា​ទម្រង់​ខ្នង​ក្រពើ គឺ​កោង​ហើយ​​ទ្រវែង គឺមាន​ជម្រៅ​ជ្រៅ​ជាង​ទូក​ថៃ​តូចៗ ដោយមាន​ការបិត​ក្តារ​ជា​មុំ​ទេរ​​តាម​ឆ្អឹង​ទូក ដោយ​ដាក់​បន្ទះក្តារ​ឲ្យ​ស៊ីគ្នា ហើយ​និយម​ធ្វើ​ឲ្យ​មាន​ក្បាលទូក និង​កន្សៃទូក ។​​សូម​បន្ថែម​បន្តិច​អំពី​ម្ករ ម្ករ​គឺជា​សត្វ​នៅក្នុង​ទេវ​កថា​

ព្រហ្មញ្ញសាសនា
​សម្រាប់​ភាសា​ហិ​ណ្ឌី​បច្ចុប្បន្ន​ពាក្យ​ថា​ម្ករ គឺ​សត្វ​ក្រពើ ខ្មែរ​ស្គាល់​ម្ករ​នេះ​​យូរ​មកហើយ ដែល​យើង​ឃើញ​វត្តមាន​របស់​ម្ករ​នេះ​នៅក្នុង​សិល្បៈ​ខ្មែរ​​តាំងពី​សម័យមុន​អង្គរ រហូតមកដល់​សិល្បៈ​ប្រពៃណី​យ៍​សម័យ​​បច្ចុប្បន្ន​ក៏​នៅតែមាន​វត្តមាន ។

 

រឿងតំណាល​ថា​ម្ករ គឺ​កើតចេញពី​សក់ខ្មៅ ១ ស​សៃ​របស់​ព្រះ​នាង​គង្គា ដែល​បាន​ធ្លាក់​មកលើ​ផែនដី កើត​បានជា​ម្ករ ​ពេល​ម្ករ​កើតមក វា​បាន​លេប​សត្វ និង​ទេព ទាំងឡាយ​នៅលើ​ផែនដី ​រហូតដល់​ព្រះ​សិវៈ​ចុះមក​បង្ក្រាប ហើយ​ទើប​បង្គាប់​ម្ករ​ខ្ជាក់​សត្វ ​និង​ទេពនិករ​ទាំងឡាយ​ចេញមក​វិញ ដោយ​ក្នុងនោះ​នៅក្នុង​សិល្បៈ​ខ្មែរ ​ឃើញ​មាន​រូប​ម្ករ​ខ្ជាក់​នាគ ខ្ជាក់​គ្រុឌ ខ្ជាក់​គោ ចំណែក​សិល្បៈ​ឥណ្ឌូនេស៊ី និង​ឡាន​ណា​នៅ​ភាគ​ខាងជើង​ថៃ ឃើញ​មាន​រូប​ម្ករ​ខ្ជាក់​​ទេពប្រណម្យ​ទៀត ។​

error: Content is protected !!