ក្រុមហ៊ុនទាំង៥នៅកម្ពុជា ដែលបានចុះបញ្ជីបោះលក់ភាគហ៊ុន… – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ក្រុមហ៊ុនទាំង៥នៅកម្ពុជា ដែលបានចុះបញ្ជីបោះលក់ភាគហ៊ុន…

ក្រុមហ៊ុនទាំង៥នៅកម្ពុជា ដែលបានចុះបញ្ជីបោះលក់ភាគហ៊ុនជាមួយផ្សារមូលបត្រកម្ពុជា (CSX)

ផ្សារមូលបត្រកម្ពុជា បានចាប់កំណើតឡើងនៅក្នុងឆ្នាំ ២០១១ ដោយមានការចូលរួមពី ក្រុមហ៊ុនផ្សារ​មូលបត្រកូរ៉េ (Korea Exchange) បោះទុនវិនិយោគចំនួន ៤៥ភាគរយ និង ទុន៥៥ភាគរយទៀត ជារបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្សារមូលបត្រកម្ពុជា មានភាគហ៊ុនជួញដូរដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ គឺក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលជាក្រុមហ៊ុនរដ្ឋក្នុងវិស័យផលិត និងចែកចាយទឹក ដោយថ្លៃបោះផ្សាយលក់ដំបូង (IPO) ស្មើនឹង ៦,៣០០រៀល។

ក្រោយមកក្រុមហ៊ុនចំនួន ៤ផ្សេងទៀត ក៏បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាមួយផ្សារមូលបត្រកម្ពុជា (CSX) ជាបន្តបន្ទាប់ ដែលរួមមាន៖ ក្រុមហ៊ុនហ្គ្រេនធ្វីន អ៊ិនធើណេសិននល (ខេមបូឌា) ភីអិលស៊ី (GTI) ដែលជាក្រុមហ៊ុនឯកជននៅក្នុងវិស័យ វាយនភណ្ឌសំលៀកបំពាក់។ ក្រុមហ៊ុននេះ បានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ ជាមួយនឹងថ្លៃបោះផ្សាយលក់ដំបូង(IPO) ស្មើនឹង ៩,៦៤០រៀល។

ក្រុមហ៊ុនទី ៣ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ជាក្រុមហ៊ុនរដ្ឋនៅក្នុងវិស័យសេវាផែ។ ក្រុមហ៊ុននេះបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៥ ជាមួយនឹងថ្លៃបោះផ្សាយលក់ដំបូង (IPO) ស្មើនឹង ៥,១២០រៀល។

ក្រុមហ៊ុនទី ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) ជាក្រុមហ៊ុនឯកជននៅក្នុងវិស័យអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស បានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៦ ជាមួយនឹងថ្លៃបោះផ្សាយលក់ដំបូង (IPO) ស្មើនឹង ២,៨៦០រៀល។

ក្រុមហ៊ុនកូនពៅដែលទើបតែនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧ ជាមួយនឹងថ្លៃបោះផ្សាយលក់ដំបូង (IPO) ស្មើនឹង ៥,០៤០រៀលនោះគឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS) ដែលជាក្រុមហ៊ុនរដ្ឋនៅក្នុងវិស័យសេវាផែ។

គួរជម្រាបផងដែរថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹកទាក់ទងនឹងផ្សារហ៊ុន និងការជួញដូរភាគហ៊ុន ផ្សារមូលបត្រកម្ពុជា បានបើកការប្រកួតជួញដូរភាគហ៊ុនដោយសេរី ដោយចាប់ផ្តើមពីដើមទុនវិនិយោគដំបូងតែ​ ៤០ម៉ឺនរៀល ឫស្មើនឹង ១០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងករណីជួញដូរខាត ផ្សារមូលបត្រកម្ពុជា នឹងសងប្រាក់ដែលខាតជូនវិញដោយធៀបនឹងប្រាក់៤០ម៉ឺនរៀល ប្រសិនបើចំណេញ ប្រាក់ចំណេញទាំងនោះគឺជារបស់អ្នក។

កម្មវិធីប្រកួតជួញដូរភាគហ៊ុននេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ ដើម្បីជ្រើសរើសជើងខ្លាំងដែលជួញដូរបានចំណេញច្រើនជាងគេ៣រូប ឲ្យទទួលរង្វាន់ ដោយជ័យលេភីលេខ១ នឹងទទួលបានទឹកប្រាក់ ៨លានរៀល ជ័យលេភីលេខ២ ទទួលបានប្រាក់រង្វាន់ ៥លានរៀល និងជ័យលេភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ៣លានរៀល៕

ប្រភព៖ business-cambodia