ល្អាង​ប្រាក់​ជា​ទស្សនីយ​ភាព​ព្រេង​និទាន​ឋាន​សួគ៌​នៅ​ចិន​ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ល្អាង​ប្រាក់​ជា​ទស្សនីយ​ភាព​ព្រេង​និទាន​ឋាន​សួគ៌​នៅ​ចិន​

ក្រុងហ្គីលីន: ល្អាង​ប្រាក់ ស្ថិត​នៅក្នុង​បុរី​ម៉ាលីង សង្កាត់​លីពូ ចម្ងាយ​ប្រមាណ ៨៥ គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ហ្គីលីន​ និង ១៨ គីឡូ​ម៉ែត្រ​ពីទីក្រុង​យ៉ាងស៊ូ​។

វាជា​ល្អាង​ថ្មកាស​ធំ​បំផុត​ក្នុងក្រុង​ហ្គីលីន និង​បាន​បង្ហាញ​រូបឆោម​ដ៏​ស្រស់​ស្អាតនៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ចម្រឹង​ស្ដាឡាក់​ទិត​គ្រី​ស្ដាល់​ដ៏​ច្រើន​សន្ធឹក​បាន​ដុះធ្លាក់​សំយាក​ពី​ពិតានហាក់​បីដូចជា​តារាក្នុង​កញ្ចុំ​កាឡាក់​ស៊ី។គ្រីស្ដាល់​បានបង្ហាញ​ពន្លឺ​ព្រិចៗ​ដូចជា​ប្រាក់​ និង​ពេជ្រ​ក្រោម​ភ្លើងពណ៌​នាំឲ្យ​ល្អាង​នេះ​មាន​ឈ្មោះ​ថា ល្អាង​ប្រាក់។

ស្ថិត​នៅរយៈ​កម្ពស់​ ២ ពាន់​ម៉ែត្រ​ក្រោម​កំពូល​ចំនួន ១២ នេះគឺជា​ល្អាងមួយ​ដែល​មាន​កម្ពស់​រហូតដល់ ១៦ ជាន់​។ វាអាច​ត្រូវ​បាន​បែង​ចែកជា ៣ ផ្នែក​ គឺបាត​ល្អាង សាល​ធំ និង​ល្អាង​ខាងលើ។

ឆ្លង​កាត់តាម​ផ្លូវ​តូច​ចង្អៀត​ មាន​ចម្រូងថ្ម​សណ្ឋាន​ប្លែកៗ ជា​ទស្សនីយភាព​ធម្មជាតិ​ដ៏​អស្ចារ្យ។

ចម្រឹង​ថ្មមាន​រូបរាង​សសរ ប៉ម ទឹក​ធ្លាក់ វាំង​នន និង​រូបរាង​មនុស្ស​ជាដើម​។ ល្អាង​ប្រាក់​បាន​ផ្ដល់​ទស្សនីយភា​ព​ ២៨ ប្រភេទ​សម្រាប់​អន្ទង​ចិត្ដភ្ញៀវ​ទេសចរ​ រួមទាំង «អច្ឆរិយ ៣» និង «​រតន​សម្បត្ដិ​ ៣»។

អច្ឆរិយ​ ៣ ដែលល្អ​ផ្ដាច់គេ គឺជា​ទឹកជ្រោះ​ហោះ​នៃភ្នំ​ព្រឹល អេក្រង់​ថ្មតន្ដ្រី និង​រមណីយដ្ឋាន​ក្នុង​ព្រេង​កថាល្អាង​ថ្មយុគ។

ភ្ញៀវអាច​គយគន់​ពន្លឺ​រឹមៗ​នៃល្អាង​ ពីព្រោះ​ជញ្ជាំង​ល្អាង​ទាំង​អស់​គ្រប​ដណ្ដប់​ដោយ​ព្រឹល​សក្បុស។ ថ្មតន្ដ្រី ដែលមាន​កម្ពស់ និង​កម្រាល​ខុសៗគ្នា​អាច​បញ្ចេញ​សំឡេង​យ៉ាង​គ្រលួច​ពេល​យើ​ងគោះវា។

ភ្ញៀវ​ទេសចរ​ថត​រូបអនុស្សាវរីយ៍​នៅ​ក្នុង​ល្អាង​ប្រាក់ ក្រុង​ហ្គីលីន​​។
នៅ​រមណីយ​ដ្ឋាន​ព្រេង​កថាល្អាង​ថ្មយុគ ភ្ញៀវ​អាចមាន​អារម្មណ៍​ងឿង​ឆ្ងល់​ថាតើ​ទឹកពិត​ជា​ពណ៌​ចម្រុះ​មែនឬ​យ៉ាង​ណា​? តាមពិត ចំណាំង​ផ្លាត​ក្នុងផ្ទៃ​បឹង​តែងតែ​ផ្លាស់ប្ដូរ​ដោយ​សារតែ​ការ​ប្រែ​ប្រួល​ពន្លឺ​ភ្លើង​អំពូល​បំពាក់​ក្នុងល្អាង​។

រតន​សម្បត្ដិ ៣ គឺជា​ព្រះពុទ្ធ​សម្ដែង​ធម៌​ទេសនា​ ឆត្រ​គជ់​ហ៊ុនយួន និង​សសរ​ស្ដម្ភ​ឯក។ចម្រឹង​ព្រះពុទ្ធ​សម្ដែង​ធម៌​ទេសនា រំលេច​រូបភាព​ដូច​ព្រះពុទ្ធ​អង្គ​គង់​ព្រះភ្នែន​។ ឆត្រ​គជ់​ហ៊ុនយួន គឺជា​ចម្រឹង​ថ្មសណ្ឋាន​ជា​ឆត្រ​វេទមន្ដ​ក្នុងរឿង​ព្រេង​និទាន ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​បួងសួង​សុំទឹក​ភ្លៀង​ និង​បង្ក្រាប​បិសាច​។

សសរ​ស្ដម្ភ​ឯកដុះ​ត្រង់ឆ្កុយ​ពី​ពិតាន​ធ្លាក់​ដល់បាត​ល្អាង​ ខណៈ​មែកធាង​ជា​ច្រើន​ទៀតដុះ​ច្រូង​ច្រាង​ដូចជា​មែក​ឈើ។ ភ្ញៀវ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ធម្មជាតិ​បានផ្ដល់​អំណោយ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​នេះ៕

error: Content is protected !!