តើមហាសេដ្ឋីពិភពលោករូបណាដែលគេជេរច្រើនជាងគេ? – Kalib9 គំនិត | Kalib9
kalib9

តើមហាសេដ្ឋីពិភពលោករូបណាដែលគេជេរច្រើនជាងគេ?

សួស្តីមិត្តអ្នកអានទាំងអស់ជាទីមេត្រី! នៅពេលនេះគេហទំព័រយើងខ្ញុំសូមលើកយកនូវអត្ថបទដ៏ក្តៅកគុកមួយមកធ្វើការបរិយាយ ដែលនឹងបកស្រាយនូវសំនួរដ៏សែនចម្លែកមួយថា តើមហាសេដ្ឋីពិភពលោកមួយណាដែលមានគេជេរច្រើនជាងគេ?

តាមពិតទៅមនុស្សគ្រប់គ្នាតែងតែមានអ្នកស្រឡាញ់ និងស្អប់គឺជារឿងធម្មតាទៅហើយ ទោះបីជាអ្នកក្រ ឬអ្នកមានកម្រិតណាក៏ដោយ។ ពេលខ្លះអ្នកមានទ្រព្យសម្បត្តិច្រើនមែន តែបានមកដោយសារអំពើមិនល្អ ចឹងក៏គ្មានអ្នកសរសើរ និងគោរពផងដែរ។ ចឹងពេលនេះ ខ្ញុំសូមលើកយកមហាសេដ្ឋីពិភពលោកម្នាក់ ដែលកំពុងតែល្បីខ្លាំង និងមានលុយច្រើនទៀតផង មកពន្យល់ពីហេតុផលខ្លះៗដែលធ្វើឲ្យមនុស្សមួយចំនួនបានស្អប់ និងខឹងគាត់ច្រើនជាងគេ។

មហាសេដ្ឋីរួបនោះគឺជាលោក Mark Zuckerberg ដែលជាស្ថាបនិករបស់ក្រុមហ៊ុនហ្វេសបុកនេះឯង។ តើហេតុអ្វីបានជាគេស្អប់ និងខឹងគាត់បែបនេះ? បើយោងតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ និងការទទួលបានព័ត៌មានពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកនេះ បានឲ្យដឹងថាមានហេតុផលសំខាន់ៗ ដូចខាងក្រោម ដែលធ្វើឲ្យពួកគេហ៊ានជេរម្ចាស់ក្រុមហ៊ុនហ្វេសបុករូបនេះ៖

១. អ្នករកស៊ីតាមអនឡាញមួយចំនួនត្រូវខាតបង់ពេលវេលា និងលុយកាក់យ៉ាងច្រើនដោយសារតែហ្វេសបុកធ្វើឲ្យខូចអាខោន ដាច់ផេច និងបាត់គ្រូប។ អ្នកត្រូវដឹងថាទំរាំបានផេចធំមួយៗមិនងាយទេ គឺត្រូវការពេលវេលាច្រើនណាស់ និងត្រូវចំណាយលុយច្រើនដើម្បីមានគេចុចឡាច តែពេលខ្លះអត់ដឹងហេតុផលអីផង ហ្វេសបុកស៊ីដាច់បាត់ ឬធ្វើឲ្យខូចបាត់ឈឹងតែម្តង។

 

២.​ អ្នករកស៊ីលក់ផលិតផល ឬផ្តល់សេវាតាមហ្វេសបុក ត្រូវបានខាតបង់លុយដោយសារតែក្រុមហ៊ុនហ្វេសបុកស៊ីលុយសាហាវដូចរន្ទះចឹង។ ពេលខ្លះពួកគាត់និយាយប្រាប់ខ្ញុំទាំងទឹកភ្នែកថា គាត់បញ្ចូលលុយ១០០ដុល្លាទៅក្នុងកាតដើម្បី Boost Post ឬ Promote Page ក្នុងគោលបំណងបង្កើនការលក់ និងបង្កើនអ្នកឡាចផេចរបស់គាត់ តែចុងក្រោយគឺចប់។ ពេលខ្លះ១០០ដុល្លាប្រើបានតែ៣ថ្ងៃ ឬ៥ថ្ងៃប៉ុណ្ណោះ គឺហ្វេសបុកបានស៊ីលុយខ្ទេចតែម្តង និងថែមទាំងផ្ញើសារមកប្រាប់ទៀតថា គាត់នៅជំនាក់លុយក្រុមហ៊ុនចំនួនប៉ុណ្ណេះៗៗទៀត។

៣. ពេលខ្លះហ្វេសបុកធ្វើឲ្យអ្នកលេងដាច់បាយ ដាច់ទឹក មិនបានដេកពួនសោះឡើយ។ អ្នកខ្លះត្រូវបានបែកបាក់ប្តីប្រពន្ធដោយសារតែស្នេហាតាមហ្វេសបុក និងឆាតទៅវិញទៅមក និយាយទៅគឺស្នេហាអូនបងនាពេលរាត្រីស្ងាត់។ រីឯអ្នកខ្លះទៀតអត់ដឹងអីហង តែត្រូវបានគេជេរហុយដីពេញហ្វេសបុកដោយសារតែការយល់ច្រឡំ និងផុសព័ត៌មានមិនពិត។

នេះគ្រាន់តែជាគំនិតមួយជ្រុងតូចរបស់ខ្ញុំបាទតែប៉ុណ្ណោះ ប្រសិនបើមានការខុសឆ្គង ឬលើសលួសត្រង់ណា​ សូមេត្តាខន្តីផងចុះ។ ប្រសិនបើលោកអ្នកមានគំនិត និងយោបល់អ្វីផ្សេងទៀត ឬចង់ចែករំលែកពីបទពិសោធន៍អំពីហ្វេសបុក គឺអាចខំមិន និងបរិយាយបន្ថែមទៀតបាន។ យើងខ្ញុំរងចាំទទួលការរិះគន់ដើម្បីស្ថាបនាគ្រប់ពេល​ ដើម្បីទុកជាបទពិសោធន៍ និងជាមេរៀនសម្រាប់ជីវិតបន្តទៀត។ តែហាមជេរ ព្រោះនេះគ្រាន់តែការបញ្ចេញមតិតែប៉ុណ្ណោះ!!!