តើហេតុអ្វីបានជា​សូវៀត បញ្ជូនយានច្រើនគ្រឿងម្ល៉េះ ទៅលើភពសុក្រ? – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

តើហេតុអ្វីបានជា​សូវៀត បញ្ជូនយានច្រើនគ្រឿងម្ល៉េះ ទៅលើភពសុក្រ?

សហភាពសូវៀត (បច្ចុប្បន្ន គឺរុស្ស៊ី) បានបញ្ជូន​យានស៊េរី Venera រហូតដល់ទៅ​ ១៤គ្រឿង ទៅចុះចតលើភពសុក្រ ដោយភាគច្រើន​នៃយានទាំងនោះ ត្រូវបាន​ឆេះខ្ទេចខ្ទីរ ដោយមិនទាន់បាន​កំណត់ទិន្នន័យ​អ្វីមកផង ប៉ុន្តែក៏មានមួយ​ចំនួនដែរ​ ដែលអាចធ្វើការសិក្សា​និងបញ្ជូនទិន្នន័យខ្លះ​មកវិញ ដូចជា Venera-14 ដែលបានផ្តិតយករូបភាព​ច្បាស់ពីផ្ទៃ និងបរិយាកាស​​ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ​កាលពី​អំឡុងទសវត្សរ៍ ១៩៨០។

តើហេតុអ្វីបានជា​សូវៀត បញ្ជូនយានច្រើនគ្រឿងម្ល៉េះ ទៅលើភពសុក្រ?

ចម្លើយនោះ គឺយើងត្រូវ​បានតែផ្តោតទៅមើល​ឡើងវិញ នូវស្ថានការណ៍​កាលពីសម័យ​សង្គ្រាម​ត្រជាក់ ដែលជាពេល​បច្ចេកវិទ្យាយោធា និងអវកាស ចាប់ផ្តើមមាន​ការប្រកួតប្រជែង​​ខ្លាំង​បំផុត មិនធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រនោះ​ឡើយ។ វាមិនមែនមាន​ន័យថា អាមេរិកមិនចង់​ទៅភពសុក្រ ឬសូវៀត មិនចង់ទៅភពអង្គារ​នោះឡើយ ប៉ុន្តែវាជាការ​ពិតថា សមត្ថភាព​របស់​មហាអំណាច​ទាំងពីរនេះ​មានដែនកំណត់ និងលក្ខណៈពិសេសរៀងៗខ្លួន។

រុស្ស៊ីធ្លាប់​ទទួលបរាជ័យ ដោយសារបេសកកម្ម​បញ្ជូនយាន​ទៅភពអង្គារ​ជាច្រើនលើក ខណៈ​ដែល​សហរដ្ឋអាមេរិក (អង្គការ NASA) បានសម្រេច​ជោគជ័យ​ដំបូង តាំងតែពី​ឆ្នាំ១៩៥៧​មកម្ល៉េះ ក្នុងការបញ្ជូនយាន​ទៅថតរូបភពអង្គារ ហើយ​ចាប់​តាំងពីពេល​នោះមក NASA បានព្យាយាម​​អះអាងអំពីតម្លៃ​នៃភពអង្គារ និងសារៈសំខាន់ នៃការធ្វើអាណានិគម​​របស់មនុស្ស នៅលើភពក្រហម​នេះ​នាថ្ងៃអនាគត។

បន្ថែមពីនេះ អង្គការ NASA ក៏ហាក់មាន​ភាពបរាជ័យក្នុងបេសកកម្ម​ នៅភពពុធទៅវិញ ដោយអាមេរិក​ពុំទទួលបាន​ព័ត៌មានអ្វី ឬផលពីការស្រាវជ្រាវ​ លើភពដ៏ក្តៅនេះ​ឡើយ ហើយខ្លួនបែរ​ជាចាត់ទុកថា ភពសុក្រជាឋាននរក និងគ្មាន​អត្ថប្រយោជន៍ ព្រមទាំងសារៈសំខាន់​អ្វីដែលគួរឲ្យព្យាយាមសិក្សា ឬក៏មនុស្សត្រូវដាក់អាណានិគមន៍នៅទីនោះឡើយ។

ខុសពីប្រទេស​រុស្ស៊ី កាលណោះ​សហភាពសូវៀតបានធ្វើការបញ្ជូន​យានជាច្រើន​កុះករ​ទៅចុះចត​លើភពសុក្រ ហើយក៏បានទទួល​ព័ត៌មាន​ជាច្រើនពីផ្ទៃក្នុង ដែលយើង​មិនអាចដឹង បើគ្មានយាន​​ចុះទៅថតផ្ទាល់ ព្រមទាំងសារធាតុ​គីមីសំខាន់ៗ នៅលើភព​ដែលនៅជិតយើងបំផុត​នេះផងដែរ។ សហភាពសូវៀត​ហាក់ចង់បង្ហាញ​​ពិភពលោកថា ភពសុក្រ​ងាយ​ឲ្យមនុស្ស​ដាក់អាណានិគម​ជាងភពអង្គារ ដោយសារតែវា​នៅជិតហ្នឹងផែនដីខ្លាំងជាងគេ និងមិនត្រជាក់​ដូចភព​អង្គារ​នោះឡើយ ដូច្នេះទំនាក់ទំនង​រវាងភពសុក្រ (Venus) និងផែនដី គឺងាយជាងឆ្ងាយ​ណាស់។

ទោះបីជា​បែបនេះក្តី គ្រប់គ្នាដែលបានសិក្សា​ព័ត៌មាន និងតាមដាន​ឯកសាររបស់ NASA ហាក់ទោទន់ និងពេញចិត្តភពអង្គារ​ជាងភពសុក្រឆ្ងាយ។ មានអ្នកជំនាញ​មួយរូបនិយាយថា «ការកសាង​ទីក្រុងលើ​ពពកភពសុក្រ (ទីក្រុងអវកាស) គឺងាយជាង​ការកសាង​ទីក្រុង​នៅលើដីភព​អង្គារឆ្ងាយណាស់ ហើយក៏មិនចាំបាច់​ត្រូវការខែល​ការពារខ្លាំង ឬមួយ​ការដឹកជញ្ជូន​ផ្លូវឆ្ងាយ និងត្រូវធ្វើការចុះចត​យានម្តងៗ​ ដោយព្រលឹងចុងសក់នោះ​ឡើយ»។ ចំពោះគំនិតនេះ ក៏ត្រូវបាន NASA ចាប់អារម្មណ៍ខ្លាំងដែរ។

ដូច្នេះ​សរុបសេចក្តីមក ការបញ្ជូនយាន​របស់​សូវៀត គឺជាការប្រកួតប្រជែង​ផ្នែកការស្រាវជ្រាវ​អវកាសប៉ុណ្ណោះ ដោយចង់បង្ហាញថា ភពសុក្រ​មានសារៈសំខាន់​ជាងភពអង្គារ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជ័យជម្នះគឺបានទៅលើ NASA រួចហើយ។ យ៉ាងនេះក្តី បងប្អូននៅតែ​អាចថ្លឹងថ្លែង​ដោយខ្លួនឯងថា មួយណា​សំខាន់ជាង ព្រោះបងប្អូន​ក៏អាចមានគំនិត និងការយល់​ឃើញល្អៗ អំពីវិស័យអវកាសនេះ​ផងដែរ ដោយមិនចាំបាច់ត្រូវ​ជឿលើអ្នកជំនាញ ដែលតែងតែការពារ​ផល​ប្រយោជន៍ជាតិ​គេរៀងៗខ្លួននោះ​ឡើយ៕

ប្រភព៖ Wikipedia