គ្រោះមហន្តរាយ​រញ្ជួយដី​សាហាវៗ ប្រហែលជា​អាចកើនឡើងក្នុងចំនួន​យ៉ាងខ្លាំង​ក្លា នៅក្នុងឆ្នាំ២០១៨​ខាងមុខ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

គ្រោះមហន្តរាយ​រញ្ជួយដី​សាហាវៗ ប្រហែលជា​អាចកើនឡើងក្នុងចំនួន​យ៉ាងខ្លាំង​ក្លា នៅក្នុងឆ្នាំ២០១៨​ខាងមុខ

ដោយ​សារតែ​ការបង្អង់ល្បឿន​ជានិច្ចកាល នៃរង្វិលជុំរបស់​ភពផែនដី។ នេះបើតាមការ​សិក្សាស្រាវជ្រាវ​ថ្មីមួយ ដក​ស្រង់​ដោយ​​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​ ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមការ​សិក្សាថ្មីៗខាងលើ បម្រែបម្រួល​នៃល្បឿនរង្វិលជុំ​របស់ផែនដី ទំនងជានឹង​បណ្តាល​​ឲ្យមានសកម្មភាព​រញ្ជួយដី យ៉ាង​សកម្ម​នា​ឆ្នាំក្រោយនេះ ជាពិសេសនោះ នៅតាម​តំបន់ត្រូពិច ដែលសម្បូរទៅដោយ​មនុស្សរស់នៅតែ​ម្តង។ ភពរបស់​យើង តែង​​តែឆ្លងកាត់ដំណាក់​កាល «ថយចុះ​ល្បឿននៃរង្វិលជុំ​របស់វា» ដែលអាច​ផ្លាស់ប្តូរ​ពេលវេលា បានមួយ​មីលីវិនាទី​ក្នុងមួយថ្ងៃ។ ហេតុ​​ការណ៍​​បែបនេះ ជារឿយៗកើតមានឡើង​ក្នុងរយៈពេល​រហូតដល់ ០៥ឆ្នាំ។

ដោយបានវិភាគ​ទៅលើកំណត់ហេតុ​ នៃសកម្មភាព​រញ្ជួយផែនដី ក្នុងកំឡុងពេល ​១០០ឆ្នាំ ចុងក្រោយនេះ ក្រុមអ្នក​ស្រាវជ្រាវ​មក​ពី​​សាកលវិទ្យាល័យ Colorado និង Montana សហរដ្ឋអាមេរិក បានរកឃើញ​ថា អំឡុងពេល​ដែលរង្វិលជុំ​ផែនដីបង្អង់​ល្បឿន តែង​តែ​កើត​មាន​​ឡើង​តាម​​ក្រោយ នូវ​អំឡុងពេល​ដែលសកម្មភាព​រញ្ជួយផែនដី​កម្រិតធ្ងន់ កើនឡើងខ្លាំង។

លោក Roger Bilham អ្នកវិទ្យាសាស្រ្ត​មួយរូប​នៃការសិក្សាខាងលើ បានលើក​ឡើងថា «ក្នុងអំឡុងពេល​បែបនេះ មានវត្តមានគ្រោះ​​រញ្ជួយដីចន្លោះពី ២៥ ទៅ ៣០លើក ក្នុងមួយឆ្នាំ ខណៈនៅ​ពេលផ្សេងៗ​ទៀត មាន​ហេតុ​ការណ៍​​រញ្ជួយ​ដី​ជា​មធ្យម ត្រឹម​ប្រហែល ​១៥​លើក​​​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ»។

គួរបញ្ជាក់ថា ឆ្នាំនេះគឺជា​ឆ្នាំចុងក្រោយ នៃការថយល្បឿន​មានរយៈពេល ០៥ឆ្នាំនេះ នៃរង្វិលជុំរបស់​ផែនដី ដូច្នេះហើយ​មានន័យថា​ គ្រោះរញ្ជួយផែនដី​កម្រិតធ្ងន់ខ្ទង់ ៧.០រ៉ិចទ័រជាច្រើន ឬក៏អាចខ្លាំងៗ​ជាងនេះទៀត​នោះ នឹងមកដល់​នាពេលឆាប់ៗ​ខាងមុខ។ ទោះ​ជា​បែប​​​នេះ​ក្តី លោក Bilham បាន​និយាយថា «យ៉ាងហោចណាស់​ផែនដី​ផ្តល់ដំណឹង​ឲ្យយើង​បានដឹងមុន​បាន ០៥ឆ្នាំ អំពីគ្រោះរញ្ជួយផែនដី​​​ធ្ងន់ៗ​នាពេលអនាគត ដែលជារឿង​ដ៏អស្ចារ្យ​មួយ»៕

Source:forbes

error: Content is protected !!