សម្រាប់សព្វថ្ងៃមានកែវ​យឺត​អវកាស Kepler ដែល​បាន​ជួយ​ធ្វើការ​រុករក​ឃើញ​ភព​អេ​លៀន – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

សម្រាប់សព្វថ្ងៃមានកែវ​យឺត​អវកាស Kepler ដែល​បាន​ជួយ​ធ្វើការ​រុករក​ឃើញ​ភព​អេ​លៀន

(នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ) ចំនួន​ប្រមាណ ២,៣០០ភព​មកហើយ ក្នុងអំឡុងពេល​នៃ​ការបំពេញ​បេសកកម្ម តាម​ប្រមាញ់​ភព​មាន​ឈ្មោះថា K2 របស់ខ្លួន​នោះ ក៏បាន​បម្រើ​ជា​ប្រយោជន៍​យ៉ាងខ្លាំង ក្នុងការ​កំណត់​ភព​ធ្វើ​គោចរ​លឿន​ជាងគេ​បង្អស់ ដែល​ត្រូវបាន​រកឃើញ​មកទល់ពេលនេះ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

មួយថ្ងៃ​នៅលើ​ផែនដី ដែលជា​ពេល​សម្រាប់​ឲ្យ​ភព​របស់​យើង​វិល​ជុំវិញ​ខ្លួនឯង​នោះ គឺមាន​រយៈពេល ២៤ម៉ោង ហើយ​មួយឆ្នាំ​នៅលើ​ផែនដី​មាន​រយៈពេល ៣៦៥ថ្ងៃ ដែល​កំឡុង​ពេលនោះ ភពផែនដី​ធ្វើដំណើរ​ក្រឡឹង​ជុំវិញ​ព្រះអាទិត្យ។ ក្នុង​ចន្លោះពេលមួយឆ្នាំៗ ពួកយើង​តែមាន​រដូវប្រាំង រដូវវស្សា ថ្ងៃ​បុណ្យទាន-ឈប់សម្រាក និង​វេលាវិសេសដទៃៗទៀត។ តើ​វា​ពិតជា​រឿង​អស្ចារ្យ​ណាស់​មែន​ទេ?

យ៉ាងណាមិញ​អ្វី​ទាំងអស់នេះ ពុំ​អាច​កើតឡើង​នៅលើ​ភព​មួយ​ដែលមាន​ឈ្មោះថា EPIC 246393474b បានឡើយ ដោយនៅ​ទីនោះ​មួយ​ឆ្នាំមាន​រយៈពេល​ត្រឹមតែ​ប្រមាណ​ជា ០៧ម៉ោង​ប៉ុណ្ណោះ។ ពិតមែន​ហើយ ភព​នេះ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម្យ៉ាង​ទៀតថា C12_3474b នោះ គឺ​លឿន​ជាងគេ​បំផុត ក្នុងចំណោម​ភពដទៃៗទៀត ដែល​ត្រូវបាន​រកឃើញ​នាពេល​កន្លងមក ដោយ​វា​ចំណាយពេល​តែ ៦.៧ម៉ោង​ប៉ុណ្ណោះ ដើម្បី​វិលជុំ​វិញ​ផ្កាយ​របស់​វា។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ថែមទៀត​នោះ ភព​ល្បឿន​លឿន​ដែល​ទើប​រកឃើញ​ថ្មី​នេះ តាមពិត​មាន​ទំហំ​ធំ​ជាង​ផែនដី​ដល់ទី ០៣ដង និង​ធ្ងន់​ជាង​ដល់​ទៅ​ជាង ០៥ដង។ ភព​ខាងលើនេះ ធ្វើដំណើរ​ក្រឡឹង​ជុំវិញ​ផ្កាយ​មេ​រប​ស់វា តែត្រឹម​ចម្ងាយ ៦៥០,៦៩០គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ស្មើនឹង ០៣ដង​នៃ​រយៈ​ចម្ងាយ​រវាង​ផែនដី និង​ព្រះ​ច័ន្ទ។

គួរ​ជម្រាប​ថា នៅ​ចម្ងាយ​កៀក​យ៉ាងនេះ​នឹង​ផ្កាយ​របស់​វា សំណាង​ហើយ​ដែល​ភព​មួយ​នេះ ពុំ​ត្រូវបាន​រំលាយ​ឲ្យ​សាបសូន្យ​តែ​ម្តងនោះ៕

error: Content is protected !!