ក្រុមហ៊ុនរថយន្តជប៉ុន Honda Motor គ្រោងផលិតឡានអគ្គីសនីសាកអាគុយ ១៥ នាទីពេញ ជិះបាន ២៤០ គីឡូម៉ែត្រនៅឆ្នាំ ២០២០ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ក្រុមហ៊ុនរថយន្តជប៉ុន Honda Motor គ្រោងផលិតឡានអគ្គីសនីសាកអាគុយ ១៥ នាទីពេញ ជិះបាន ២៤០ គីឡូម៉ែត្រនៅឆ្នាំ ២០២០

នេះបើតាមសេចក្តីរាយការណ៍ពី​ Nikkei Asian Review ។

ឡានអគ្គីសនីដែលគ្រោងបញ្ចេញនៅឆ្នាំ ២០២០ នេះជារថយន្តដែលប្រើតែអគ្គីសនីសុទ្ធសាធ (fully electric) និងមានសមត្ថភាពអាចរត់បាន ២៤០ គីឡូម៉ែត្ររាល់ពេលសាកអាគុយពេញម្តងៗ ខណៈដែលឡានសព្វថ្ងៃ ភាគច្រើនប្រើប្រាស់ថាមពលលើសពី២ប្រភេទ អាចជាហ្កាស សាំង ឬប្រើហ្កាសផង អគ្គីសនីផង ។

គម្រោងអភិវឌ្ឍន៍ឡាននេះ ក្រុមហ៊ុន Honda ផ្តោតសំខាន់លើការបន្ថែមកាប៉ាស៊ីតេអាគុយឲ្យខ្ពស់ ដើម្បីសាកភ្លើងឲ្យបានលឿន ចំណែកប្រភពអាគុយអាចត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុន Panasonic និងក្រុមហ៊ុនមួយចំនួនទៀត ប៉ុន្តែការជ្រើសរើសដៃគូផ្គត់ផ្គង់អាគុយពិតប្រាកដសម្រាប់រថយន្តនេះអាចត្រូវសម្រេចចិត្តតាមក្រោយ ។

គួរបញ្ជាក់ថា សព្វថ្ងៃស្ថានីយ៍ក៏ដូចជាកន្លែងសាកអាគុយលឿនបំផុតនៅជប៉ុន អាចផ្តល់ថាមពលបាន ច្រើនបំផុតត្រឹមតែ ១៥០ គីឡូវ៉ាត់តែប៉ុណ្ណោះ ប៉ុន្តែគេគ្រោងនឹងដំឡើងវាដល់ ៣៥០ គីឡូវ៉ាត់នៅឆ្នាំ ២០២០ ។ ចំណែកឯប៉ែកអ៊ឺរ៉ុបឯណោះវិញ គេគ្រោងនឹងបង្កើតឲ្យបាន២ទៅ៣ ពាន់ស្ថានីយ៍សាកអាគុយកម្លាំង ៣៥០ គីឡូវ៉ាត់នៅឆ្នាំជាមួយគ្នានេះ ។ បើងាកមកកម្ពុជាវិញ ដោយសារបច្ចេកវិទ្យានៅដើរក្រោយគេប្រហែលរថយន្តនេះមិនទាន់អំណោយផលដល់កម្ពុជានៅឆ្នាំជាមួយគ្នានេះទេ ប៉ុន្តែយើងសង្ឃឹមថា កម្ពុជានឹងវិវត្តន៍ទៅរកទំនោររថយន្តអគ្គីសនីក្រោយគេមិនយូរប៉ុន្មានទេ ។

ជាមួយគ្នានេះដែរ Nissan Leaf 2018 របស់ក្រុមហ៊ុន Nissan ក៏កំពុងតែវិវត្តន៍ទៅរកបច្ចេកវិទ្យាសាកថ្មលឿនផងដែរ វាអាចសាកថ្មលឿនជាងមុន ៣០% អាចរត់បាន ជាង ៥០០ គីឡូម៉ែត្ររាល់ពេលសាកថ្មពេញម្តង ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៦ មានរថយន្តអគ្គីសនី ៤៧ ០០០០ គ្រឿងលើពិភពលោក ហើយគេរំពឹងថាត្រឹមឆ្នាំ ២០៣៥ រថយន្តទាំងអស់នឹងវិវត្តន៍ទៅជាឡានអគ្គីសនីទាំងអស់ ។