ពិភពលោកនេះតែងតែមានឱកាសជានិច្ច ប៉ុន្តែឱកាសទាំងអស់នេះសម្រាប់តែមនុស្ស ដែលអាចមើលវាឃើញ និងចាប់វាបានតែប៉ុណ្ណោះ។ – Kalib9 គំនិត | Kalib9
kalib9

ពិភពលោកនេះតែងតែមានឱកាសជានិច្ច ប៉ុន្តែឱកាសទាំងអស់នេះសម្រាប់តែមនុស្ស ដែលអាចមើលវាឃើញ និងចាប់វាបានតែប៉ុណ្ណោះ។

ការជោគជ័យតម្រូវឱ្យយើងមានផ្នត់គំនិត រីកចម្រើនគ្រប់ពេល។ ដើម្បីបណ្តុះផ្នត់គំនិតរីកចម្រើន យើងត្រូវតែបង្ហាត់ខ្លួនឯង ឱ្យមើលឃើញចន្លោះខ្វះខាតក្នុងសមត្ថភាពរបស់ខ្លួន យើងថាជាកង្វះក្នុងការរៀនសូត្រ និងបទពិសោធន៍។ ប៉ុន្តែដោយសារមនុស្សគ្រប់គ្នា សុទ្ធតែអាចរៀន និងទទួលបានបទពិសោធន៍ថ្មីៗជានិច្ច យើងងាយនឹងបំពេញចន្លោះខ្វះខាតទាំងនេះណាស់។ ផ្លូវតែមួយគត់ដែលយើងអាចឈប់ជោគជ័យ គឺការជ្រើសរើសបិទចិត្តមិនទទួលយក ការផ្លាស់ប្តូរអ្វីទាំងអស់ មិនព្រមរៀនសូត្របន្ថែម និងអភិវឌ្ឍចំណេះដឹងឱ្យស៊ីជម្រៅជាងអ្វីដែលមានស្រាប់។ ដើម្បីរក្សាផ្នត់គំនិតរីកចម្រើនជានិច្ច អ្នកត្រូវអនុវត្តតាមវិធីទាំង៦យ៉ាងនេះគ្រប់ពេលទាំងអស់​៖

១. រៀនរហូត
យើងមិនចាំបាច់រង់ចាំអ្នកដទៃមកដាសតឿនរំឭក ឬយល់ព្រមឱ្យយើងរៀននោះទេ ប៉ុន្តែយើងត្រូវតែសម្លឹងរកអ្នកដទៃឱ្យជួយយើងអភិវឌ្ឍខ្លួន។ ប្រសិនបើយើងគេចវេសពីឧបសគ្គ យើងមិនអាចពង្រីកទេពកោសល្យ ឬអភិវឌ្ឍជំនាញថ្មីបានទេ។ ឧបសគ្គតែងតែផ្តល់ឱកាសឱ្យយើងរៀនជំនាញថ្មីជានិច្ច។ រៀនកាន់តែច្រើន យើងនឹងអភិវឌ្ឍចំណេះដឹងកាន់តែច្រើន ហើយបើមានជំនាញកាន់តែច្រើន យើងនឹងមានតម្លៃកាន់តែខ្ពស់ដើម្បីចូលរួមវិភាគទានក្នុងស្ថាប័នការងារ និងមជ្ឈដ្ឋានជុំវិញខ្លួន។

២. តស៊ូកុំឈប់
អារម្មណ៍រុញរាអាចនឹងរុញច្រានយើងឱ្យលះបង់ចោលការព្យាយាមនៅមុនពេលសម្រេចបានគោលដៅ។ យើងត្រូវតែបណ្តុះចិត្តកុំឱ្យផ្តោតតែលើរឿងដែលកើតឡើងចំពោះយើង ប៉ុន្តែត្រូវហាត់រៀនមើលឱ្យឃើញតែអ្វីដែលកើតឡើងសម្រាប់យើងវិញ។ យើងត្រូវតែដាក់កម្រិតខ្លួនឯងឱ្យរកមើលរឿងល្អៗដែលឧបសគ្គនាំមកឱ្យជាជាងសម្លឹងមើលតែអ្វីដែលឧបសគ្គនោះទាញយកពីយើង។ ដោយសារជីវិតមនុស្សយើងម្នាក់ៗសុទ្ធតែមានសមត្ថភាពក្នុងការបត់បែនទៅតាមស្ថានការណ៍ គ្មានឧបសគ្គណាមួយដែលធំហួសរហូតដល់យើងមិនអាចជម្នះបាននោះទេ។

៣. ទទួលយកឧបសគ្គ
គ្រប់កិច្ចការទាំងតូចទាំងធំ និងគ្រប់ដំណើរជីវិតសុទ្ធតែមានឧបសគ្គ។ តាមពិតទៅឧបសគ្គគឺជាផ្នែកមួយនៃការព្យាយាមទាំងអស់ ហេតុដូច្នេះហើយយើងត្រូវតែរៀនទទួលយកឧបសគ្គ។ ជាទូទៅ មនុស្សយើងអាចអភិវឌ្ឍអត្តចរិតបានកាន់តែជ្រៅនៅក្នុងពេលប្រឈមនឹងបញ្ហាលំបាកខ្លាំងក្នុងជីវិត។ ការហ៊ានប្រឈមនឹងបញ្ហាជួយឱ្យយើងបណ្តុះបានសមត្ថភាពដើម្បីប្រឈមបញ្ហាកាន់តែធំនៅក្នុងពេលអនាគត។

៤. ទទួលបរាជ័យ
មនុស្សម្នាក់ៗមិនអាចគេចផុតពីបរាជ័យទេ ហើយត្រូវតែមើលឱ្យឃើញបរាជ័យថាជាផ្លូវទៅរកជោគជ័យ។ នៅក្នុងដំណើរជីវិត គេស្ទើរតែមិនអាចទៅមុខបានដោយមិនឆ្លងកាត់បរាជ័យ។ មនុស្សយើងនឹងសម្រេចចិត្តខុសម្តងម្កាលដែលនាំទៅរកបរាជ័យ ប៉ុន្តែយើងត្រូវតែគិតដល់គ្រប់ឱកាសទាំងអស់ដែលយើងនឹងបាត់បង់ ប្រសិនបើយើងបណ្តោយឱ្យការភ័យខ្លាចចូលមកបង្អាក់ដំណើរជីវិត។ បរាជ័យជាគ្រូធំក្នុងជីវិត ពីព្រោះវាបង្រៀនយើងមេរៀនពិតក្នុងជីវិតដែលយើងមិនអាចរៀនបាននៅក្នុងស្ថានភាពផ្សេងក្រៅពីនេះ។

៥. បើកចិត្តទូលាយចំពោះការរិះគន់
ពេលយើងបើកចិត្តកាន់តែទូលាយដើម្បីទទួលយកការរិះគន់ យើងនឹងបង្កើនឱកាសកាន់តែធំដើម្បីទទួលយកជោគជ័យ។ ការរិះគន់ត្រូវចំណុចនិងទាន់ពេលគឺជាធាតុសំខាន់ចំពោះជោគជ័យរបស់យើង។ ការរិះគន់ប្រភេទនេះជួយបំភ្លឺដល់ដំណើររីកចម្រើនទៅមុខរបស់យើង ហើយការរិះគន់ប្រភេទនេះជួយយើងក្នុងការសម្រេចចិត្តក្នុងការកំណត់ចំណុចដែលត្រូវអភិវឌ្ឍបន្ថែមទៀត និងស្គាល់ច្បាស់ថាយើងមានចំណុចខ្លាំងអ្វីខ្លះ។ គ្មានអ្វីដែលមានប្រសិទ្ធភាពជាងការស្គាល់ថាធ្វើបែបណាជួយឱ្យយើងសម្រេចបានគោលដៅឆាប់បំផុត និងធ្វើបែបណានាំយើងទៅរកបរាជ័យរហ័សបំផុតនោះទេ។

៦. សាទរចំពោះអ្នកដទៃ
ដើម្បីឡើងជណ្តើរជោគជ័យឱ្យកាន់តែរីករាយ យើងមិនអាចរស់ក្នុងជីវិតដែលពោរពេញដោយចិត្តច្រណែនចំពោះជោគជ័យអ្នកដទៃទេ។ យើងត្រូវតែប្តេជ្ញាចិត្តរីករាយចំពោះជោគជ័យដែលអ្នកដទៃបានទទួល។ មានតែការប្តេជ្ញាចិត្តបែបនេះទេទើបយើងអាចព្យាយាមជំងឺច្រណែននៅក្នុងចិត្ត ដែលជាថ្នាំពុលបំផ្លាញដល់ជោគជ័យរបស់យើងវិញ។ មនុស្សដែលមានចិត្តចង្អៀតចង្អល់គ្មានចំណុចអ្វីគួរឱ្យទាក់ទាញនោះទេ។ របៀបដែលយើងប្រតិកម្មតបចំពោះជោគជ័យអ្នកដទៃគឺជាការឆ្លុះបញ្ចាំងនូវភាពចាស់ទុំនិងជំនឿចិត្តក្នុងខ្លួនយើង។

error: Content is protected !!