គន្លឹះ​ដើម្បី​ជួយ​រចនា​គេហទំព័រ​ពាណិជ្ជកម្មឲ្យមានគុណភាព – Kalib9 គំនិត បច្ចេកវិទ្យា​ | Kalib9
kalib9

គន្លឹះ​ដើម្បី​ជួយ​រចនា​គេហទំព័រ​ពាណិជ្ជកម្មឲ្យមានគុណភាព

នៅពេលអ្នកចង់ស្វែងរកពត៌មានអំពីពាណិជ្ជកម្មអ្វីមួយ កន្លែងដំបូងគេនិងងាយស្រួលជាងគេគឺគេហទំព័រ។ មនុស្សភាគច្រើនដឹងចំណុចនេះ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលចេះរបៀបទាក់ទាញអ្នកចូលមើលគេហទំព័ររបស់ខ្លួនឱ្យក្លាយជាអ្នកគាំទ្រពាណិជ្ជកម្មរបស់គេ។ ប្រើប្រាស់គន្លឹះទាំងនេះដើម្បីរចនាគេហទំព័ររបស់អ្នកក្នុងការទាក់ទាញអតិថិជនមករកពាណិជ្ជកម្មរបស់អ្នក៖

១. រចនាក្នុងរបៀបដែលគេចង់មើល
ប្រសិនបើអ្នកធ្វើការក្នុងផ្នែកទីផ្សារ ឬធ្វើពាណិជ្ជកម្មលើអ៊ីនថឺណិត អ្នកប្រហែលអាចយល់បានថាការយកចិត្តទុកដាក់ចំពោះអតិថិជនជារឿងដំបូងគេដែលត្រូវគិតគូរក្នុងពាណិជ្ជកម្ម។ ការយកចិត្តទុកដាក់ចំពោះអតិថិជនមានន័យថា៖
អ្នកមិនមែនគ្រាន់តែព្យាយាមបង្ហាញផលិតផល ឬអ្វីដែលអ្នកមាន ប៉ុន្តែអ្នកត្រូវគិតដល់បញ្ហារបស់គេ។
គេហទំព័ររបស់អ្នករចនាឡើងក្នុងរបៀបងាយស្រួលមើល។
ពាក្យពេចន៍ និងឃ្លាដែលសរសេរធ្វើឱ្យអ្នកអានពិបាកគិតច្រើន។

ការយកចិត្តទុកដាក់មុនគេចំពោះអតិថិជនគឺជាចំណុចចាប់ផ្តើមនៃគ្រប់ពាណិជ្ជកម្មអស្ចារ្យទាំងអស់។ តើអ្នកអាចធ្វើបែបនេះបានជាមួយគេហទំព័រដូចម្តេច? គឺតាមរយៈការស្តាប់។ ស្តាប់អតិថិជន ហើយស្វែងរកអ្វីដែលគេត្រូវការពីពាណិជ្ជកម្មរបស់អ្នក។

២. កំណត់អាទិភាពចំណុចជាក់លាក់ជាងទិដ្ឋភាពទូទៅ
អ្នកមិនមែនកំពុងតែនិយាយ ឬផ្តោតគោលដៅលើមនុស្សគ្រប់គ្នាទេនៅពេលអ្នកបញ្ចេញសារអ្វីមួយ។ ហេតុដូច្នេះហើយ ត្រូវបំព្រួញទីផ្សាររបស់អ្នកតាមរយៈការឆ្លុះបញ្ចាំងគេហទំព័ររបស់អ្នកសម្រាប់តែអតិថិជនគោលដៅជាមុន។ អ្នកត្រូវស្រាវជ្រាវឱ្យបានដឹងកាន់តែច្រើនដើម្បីរចនាគេហទំព័រឱ្យត្រូវចំគោលដៅ។ រកឱ្យឃើញថាក្រុមអតិថិជនគោលដៅរបស់អ្នកចូលចិត្តអ្វីខ្លះនិងមិនចូលចិត្តអ្វីខ្លះ បន្ទាប់មករៀបចំរចនាគហេទំព័រតម្រូវចិត្តអ្នកទាំងនោះ មិនមែនតម្រូវចិត្តខ្លួនឯងទេ។

៣. ប្រើប្រាស់រូបភាពឱ្យស៊ីគ្នានឹងខ្លឹមនិងគោលបំណង
ពាក្យបុរាណពោលថារូបភាពមួយតំណាងឱ្យពាក្យពេចន៍មួយពាន់ម៉ាត់។ ក្នុងនាមជាអ្នកសរសេរអត្ថបទលើគេហទំព័រ អ្នកត្រូវទទួលស្គាល់ថារូបភាពមានឥទ្ធិពលទាក់ទាញជាងពាក្យពេចន៍រៀបរាប់។ ក្រុមហ៊ុនLightspeed និងក្រុមហ៊ុនDigital Graphic Agency បានចាប់ដៃគ្នារៀបចាំការពិសោធទ្រង់ទ្រាយធំមួយប្រៀបធៀបការធ្វើបទបង្ហាញដែលរូបភាព តារាង និងសញ្ញាសម្គាល់ពត៌មានផ្សេងៗ។ ជាលទ្ធផល បទបង្ហាញដែលមានរូបភាពពន្យល់ខ្លឹមសារធ្វើឱ្យអ្នកចូលរួមចងចាំបានពីរដងច្រើនជាងការពិតទទេ។

៤. ចងចាំចំណុចខ្វែងគ្នានៃជម្រើស
អ្នកប្រហែលជាយល់ថានៅពេលអ្នកស្នើឱ្យមនុស្សដែលចូលមើលគេហទំព័ររបស់អ្នកធ្វើសកម្មភាពខ្លះៗជាវិធីល្អក្នុងការទាក់ទាញនិងចងចិត្តរបស់គេ​ឱ្យចងចាំគេហទំព័រនេះបានយូរមែនទេ? ការពិតផ្ទុយស្រឡះពីការយល់បែបនេះ។ ពេលអ្នកផ្តល់ជម្រើសច្រើនពេកដល់មនុស្សដែលកំពុងតែមើលគេហទំព័ររបស់អ្នក គេនឹងពិបាកសម្រេចចិត្តថាត្រូវមើលចំណុចណាមុន ឬមើលមិនទាន់ចប់មួយក៏ទៅចាប់ផ្តើមបើកមើលចំណុចមួយទៀត ហើយទីបំផុតគេនឹងចេញពីគេហទំព័ររបស់អ្នកតែម្តងដោយគ្មានបានមើលអ្វីមួយឱ្យប្រាកដ។

អ្នកត្រូវចងចាំថាសម័យកាលដែលគេហទំព័រគ្រាន់តែជាកន្លែងចែករំលែងពត៌មានអំពីពាណិជ្ជកម្មរបស់អ្នកនោះបានកន្លងផុតទៅយូរហើយ។ សព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងតែប្រកួតប្រជែងគ្នាបាច់យកសូម្បីតែមនុស្សដែលចូលមើលគេហទំព័ររបស់គេជាលើកទីមួយមកធ្វើជាអតិថិជន។ ហេតុដូច្នេះហើយ គេហទំព័រជាច្រកទាក់ទាញទីផ្សារយ៉ាងមានឥទ្ធិពលបំផុត ប្រសិនបើអ្នកអនុវត្តត្រឹមត្រូវតាមក្បួន។

ប្រភព​៖ Entrepreneur