ផ្លូវ​ដែល​គ្រោះ​ថ្នាក់ជាងគេ​បំផុត​លើ​ពិភព​លោក​ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ផ្លូវ​ដែល​គ្រោះ​ថ្នាក់ជាងគេ​បំផុត​លើ​ពិភព​លោក​

១ -​Guoliang​ Tunnel​ ប្រទេស​ចិន​:

ខ្សែ​ផ្លូវ​កាត់​តាម​កណ្តាល​ជ្រលង​ភ្នំ​ប្រវែង​ជាង​ ១ គីឡូ​ម៉ែត្រ​នេះ ជា​ផ្លូវ​ទៅ​កាន់​ស្រុក​ Guoliang​ ដែល​សាង​សង់​ឡើង​ដោយ​កម្លាំង​ពល​ករ​ក្នុង​ឆ្នាំ​១៩៧០​ ឆ្លង​កាត់​តាម​ជញ្ជាំង​ថ្ម​ចោត​។​ ទទឹង​ផ្លូវ​នេះ​ត្រឹម​តែ​ ៤​ ម៉ែត្រ​ប៉ុណ្ណោះ​។

២ -​ផ្សារ​ឆត្រ​នៃ​ស្ថានីយ​រថ​ភ្លើង​ Mae​ Klong​ ប្រទេស​ថៃ​:

ជា​ផ្សារ​មួយ​ដែល​អាច​ចាត់​ទុក​ថា​ មាន​ការ​ចាប់​អារម្មណ៍​មួយ​របស់​ពិភព​លោក​។​ រី​ឯ​ការ​រស់​នៅ​របស់​អ្នក​លក់​ក្បែរ​ផ្លូវ​រថ​ភ្លើង​មាន​ហានិភ័យ​ខ្ពស់​បំផុត​ ព្រោះ​រាល់​ពេល​ដែល​មាន​សំឡេង​រោទិ៍​របស់​រថ​ភ្លើង​ម្ដង​ៗ​ អ្នក​លក់​ដូរ​ត្រូវ​ទុក​ចំណី​ផ្លូវ​ដើម្បី​ចៀស​ពី​រថ​ភ្លើង​។

៣ -​Yungas​ Road​ ប្រទេស​បូលីវី​:

ជា​ផ្លូវ​ដែល​តភ្ជាប់​រវាង​ក្រុង​ La​ Paz​ និង​ Coroico​។ទី​តាំង​ស្ថិត​លើ​ជម្រាល​ភ្នំ​ដែល​ខ្ពស់​ជាង​កម្រិត​កម្ពស់​ទឹក​សមុទ្រ​ប្រមាណ​ ៣៦០០​ ម៉ែត្រ​។​ ស្ថានភាព​ផ្លូវ​មាន​សភាព​ចង្អៀត​​ សូម្បី​តែ​រថ​យន្ត​ក៏​មិន​អាច​ចៀស​គ្នា​បាន​ផង​ឡើយ​។

៤ -​Eyre​ Highway ​ប្រទេស​អូស្ត្រាលី​:

រូប​ភាព​លើ​ផ្លូវ​ហាយវេយ៍​នេះ​មើល​ទៅ​មិន​មាន​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ​។​ ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ​ ១៦០០​ គីឡូម៉ែត្រ​។​ ប៉ុន្តែ​ បើ​ពេល​ណា​មាន​គ្រោះ​អាសន្ន​ ពិត​ជា​លំបាក​ក្នុង​ការ​ចូល​ទៅ​ជួយ​សង្រ្គោះ​។

៥ -The Railway​ ប្រទេស​អេក្វាឌ័រ​:

ផ្លូវ​រថ​ភ្លើង​ដែល​ស្ថិត​នៅ​តាម​ជម្រាល​ថ្ម​ចោត​មួយ​នេះ​ មាន​កម្ពស់​ប្រមាណ​ ៨០០​ ម៉ែត្រ​។​ កាល​ពី​អតីត​កាល​ អ្នក​ដំណើរ​អាច​ជួប​ប្រទះ​ភាព​ស្រៀវ​ស្រើប​យ៉ាង​ខ្លាំង​ដោយ​អង្គុយ​លើ​ដំបូល​រថ​ភ្លើង​។

៦ -​Pamban​ Railway​ Bridge​ ប្រទេស​ឥណ្ឌា​:​

ជា​ស្ពាន​ដែល​ត​ភ្ជាប់​រវាង​ប្រទេស​ឥណ្ឌា ​និង​កោះ​ Pamban​ ក្នុង​ឆ្នាំ​១៩៦៤​។​ ស្ពាន​នេះ​ធ្លាប់​បាក់​ស្រុត​ម្ដង​ដោយ​សារ​ខ្យល់​ព្យុះ​ ហើយ​សព្វ​ថ្ងៃ​នេះ​ នៅ​ពេល​ខ្យល់​សមុទ្រ​បក់​មក​ខ្លាំង​ដោយ​ល្បឿន​ ៥៥ ​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ នឹង​មាន​ការ​ជូន​ដំណឹង​ឲ្យ​រថភ្លើង​បាន​ដឹង​មុន​ជានិច្ច​។

៧ -​Karakoram​ Highway​ ប្រទេស​ប៉ាគីស្ថាន​និង​ចិន​:

ជា​ផ្លូវ​​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ (​៤៦០០​ ម៉ែត្រ​)​ និង​មាន​ប្រវែង​ជាង​ ១៣០០​ គីឡូ​ម៉ែត្រ​។​ ជា​ញឹក​ញាប់​ ពេល​មាន​ព្យុះ​ភ្លៀង​ក្នុង​រដូវ​ក្តៅ​ម្ដង​ៗ​ នឹង​មាន​បាក់​ស្រុត​ដី​ធ្លាក់​មក​ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ត្រូវ​បិទ​ក្នុង​អំឡុង​រដូវ​រងារ​។

៨ -​Passage​ du​ Gois​ ប្រទេស​បារាំង​:

ផ្លូវ​នេះ​ត​ភ្ជាប់​រវាង​កោះ​ Noirmoutier​ និង​ ផែន​ដី​ប្រទេស​បារាំង​។​ ផ្ទៃ​ទឹក​សមុទ្រ​រាក់​ៗ​មើល​ទៅ​មិន​គួរ​នឹង​មាន​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ផ្លូវ​នេះ​ប្រឈម​នឹង​ទឹក​នាច​ទឹក​ជោរ​ អាច​ធ្វើ​ដំណើរ​បាន​ ១ ​ថ្ងៃ​ ២​ ដង​ប៉ុណ្ណោះ​ ថែម​ទាំង​ត្រូវ​ប្រុង​ប្រយ័ត្ន​រថ​យន្ត​លេច​ចូល​ក្នុង​សមុទ្រ​ផង​ដែរ​នា​ចន្លោះ​ពេល​ធ្វើ​ដំណើរ​។

៩ -​Leh-Manali​ Highway​ ប្រទេស​ឥណ្ឌា​:​

ជា​ខ្សែ​ផ្លូវ​ដែល​កាត់​តាម​ជម្រាល​ថ្ម​ភ្នំ​ចោត​ខ្លាំង​និង​ខ្ពស់​បំផុត​។​ ផ្លូវ​នេះ​មាន​រយៈ​កម្ពស់​លើ​កម្រិត​ផ្ទៃ​ដី​ជាង​ ៤-៥​ គីឡូ​ម៉ែត្រ​ ថែម​ទាំង​តាម​ដង​ផ្លូវ​ក៏​តូច​ចង្អៀត​ណាស់​ទៅ​ទៀត​។

១០ -​Tianmen​ Mountain ​Road​ ប្រទេស​ចិន​:

ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ​ ១១ ​គីឡូ​ម៉ែត្​រ។​ ប៉ុន្តែ​មាន​ចំណុច​កោង​ចំនួន​ ៩៩​ កន្លែង​ និង​ ពោរ​ពេញ​ទៅ​ដោយ​ផ្លូវ​កោង​ជា​ច្រើន​កន្លែង​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​ប្រាសាទ​ព្រះ​ពុទ្ធ​សាសនា​ស្ថិត​នៅ​ទី​នោះ​ផង​ដែរ​។

១១ -​Road​ through ​Salar​ de​ Uyuni ​ប្រទេស​បូលីវី​:

ផ្លូវ​នេះ​មាន​ទី​តាំង​ស្ថិត​លើ​កម្រិត​កម្ពស់​ ៣៦៥០​ ម៉ែត្រ​ ធៀប​នឹង​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​។ វា​ជា​ខ្សែ​ផ្លូវ​ធំ​ទូលាយ​ដែល​ងាយ​បង្ក​ឲ្យ​យាន​យន្ត​ធ្លាក់​ចេញ​ពី​ផ្លូវ​បាន​។​ ក្នុង​ពេល​យប់​ សីតុណ្ហភាព​ត្រជាក់​ក្រោម​សូន្យ​រហូត​ដល់​ -៣០​ អង្សា​សេ​។​ ចំណែក​សេវា​ទូរ​ស័ព្ទ​ក៏​គ្មាន​ដែរ​។

១២ -​Road through​ Skippers​ Canyon​ ប្រទេស​នូវែល​ហ្សេឡង់​:

ជា​ផ្លូវ​សម្បូរ​ដោយ​រណ្ដៅ.​ ជម្រាល​ថ្ម​ភ្នំ​ចោត កោង​ខ្លាំង​ និង​ ស្ពាន​យោល​។​ ទោះ​បី​ជា​រថ​យន្ត​មាន​គ្រោះ​ថ្នាក់​ក្នុង​បរិវេណ​នេះ​ ក៏​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មិន​សង​សំណង​អ្វី​ឡើយ​។

១៣ -​The ​Jame ​W. ​Dalton ​Highway ​រដ្ឋ​អាឡាស្កា​ សហរដ្ឋ​អាមេរិក​:

ខ្សែ​ផ្លូវ​ដែល​មាន​ប្រវែង​ជាង​ ៦៦៦​ គីឡូ​ម៉ែត្រ​នេះ​ សង​ខាង​សម្បូរ​ដោយ​ព្រឹល​ទឹក​កក​។​ រី​ឯ​អាកាស​ធាតុ​ត្រជាក់​ស្រេង​។​ នៅ​តាម​ផ្លូវ​នេះ​មាន​ស្ថានីយ​ប្រេង​ឥន្ទនៈ​តែ​ ៣​ កន្លែង​ប៉ុណ្ណោះ​ រួម​ទាំង​មន្ទីរ​ពេទ្យ​ ១​ កន្លែង​ និង​ ប៉ុស្តិ៍​ប៉ូលិស​ ១​ កន្លែង​ទៀត​។

១៤ -​Train ​to​ the​ Clouds​ ប្រទេស​អាហ្សង់ទីន​:

ខ្សែ​ផ្លូវ​រថ​ភ្លើង​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ប្រមាណ​ ២១៧​ គីឡូ​ម៉ែត្រ​។ប៉ុន្តែ​ មាន​ផ្លូវ​រូង​ក្រោម​ដី​ ២១​ កន្លែង.​ ស្ពាន​ ៤២​ កន្លែង.​ ផ្លូវ​បត់​បែន​ ២​ កន្លែង​ និង​ ផ្លូវ​កាច់​ចុះ​កាច់​ឡើង​ ២​ កន្លែង​ ហើយ​ទី​តាំង​មួយ​ចំនួន​មាន​កម្ពស់​ខ្ពស់​រហូត​ទាល់​តែ​រថ​ភ្លើង​ជាប់​ដុំ​ពពក​គួរ​សម​ដែរ​៕