ហេតុអ្វី​ស្ថាបនិក​ក្រុមហ៊ុន​ត្រូវ​អាន​សៀវភៅ​យុទ្ធសាស្រ្ត​សង្រ្គាម? – Kalib9 សហគ្រិនភាព | Kalib9
kalib9

ហេតុអ្វី​ស្ថាបនិក​ក្រុមហ៊ុន​ត្រូវ​អាន​សៀវភៅ​យុទ្ធសាស្រ្ត​សង្រ្គាម?

មានចំណុចស្រដៀងគ្នាជាច្រើន រវាងការធ្វើសង្រ្គាម និងការបង្កើតពាណិជ្ជកម្មថ្មី។ ទីផ្សារគឺជាទីលានប្រយុទ្ធ CEO គឺជាមេទ័ព ហើយការប្រកួតប្រជែង គឺជាសត្រូវចំពោះមុខ។ រូបមន្តជោគជ័យក្នុងសង្រ្គាម បើយកមកអនុវត្តបានត្រឹមត្រូវ នៅក្នុងពាណិជ្ជកម្ម អាចនឹងធ្វើឱ្យអ្នកក្លាយជាអ្នកឈ្នះ លើទីលានប្រយុទ្ធនៃពិភពពាណិជ្ជកម្មបាន។

អាថ៌កំបាំងក្នុងការធ្វើសង្រ្គាមស្ថិតនៅក្នុងសៀវភៅ “The Art of War” ដែលសរសេរឡើងដោយលោក Sun Tzu កាលពី២៥០០ឆ្នាំមុន។ សៀវភៅនេះបង្រៀនយុទ្ធសាស្រ្តអស្ចារ្យជាច្រើន ហើយនៅតែអនុវត្តបានជោគជ័យ ក្នុងសម័យទំនើបនេះ។

សៀវភៅនេះជារតនវត្ថុដែលបង្កប់មេរៀន និងយុទ្ធសាស្រ្តជាច្រើនសម្រាប់ពិភពជំនួញ។ ខាងក្រោមនេះជាមេរៀនសង្ខេបបួនចំណុច ដែលមានលក្ខណៈច្បាស់បំផុត សម្រាប់ស្ថាបនិកបង្កើតពាណិជ្ជកម្មថ្មី​៖

១/ ស្រាវជ្រាវ
មេបញ្ជាការទាហានសិក្សាទីលានប្រយុទ្ធ និងយុទ្ធសាស្រ្តរបស់គូសត្រូវយ៉ាងល្អិតល្អន់ មុនពេលចាត់វិធានការ។ សហគ្រិនត្រូវសិក្សាទីផ្សារ និងការប្រកួតប្រជែងយ៉ាងយកចិត្តទុកដាក់ដែរ។ ការវិភាគរកចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង របស់ទីផ្សារនឹងជួយបានច្រើនបំផុត នៅពេលដាក់សម្ពោធផលិតផល ឬសេវាកម្មអ្វីមួយ។ អ្នកនឹងត្រូវប្រើប្រាស់ឱកាស នៅលើទីផ្សារហើយទាញយកអត្ថប្រយោជន៍ ពីចំណុចខ្សោយនៃគូប្រជែងរបស់អ្នក។

២/ កំណត់ព្រំដែននៃការយកចិត្តទុកដាក់
មេបញ្ជាការដែលពង្រាយទ័ពស្តើងពេក ងាយនឹងធ្វើឱ្យគូសត្រូវបុកទម្លុះបានណាស់។ ខ្សែបន្ទាត់ការងារដែលស្តើង មិនដែលឈ្នះសង្រ្គាមទេ។ នៅក្នុងន័យស្រដៀងគ្នានេះដែរ ប្រសិនបើសហគ្រិនផ្តោតគិត១០រឿង ក្នុងពេលតែមួយ គេនឹងមិនអាចរកឃើញជោគជ័យសូម្បីតែមួយ។ អ្នកត្រូវតែចេះប្រើប្រាស់ការផ្តោតចិត្ត ដោយគិតច្រើនបំផុត តែលើកិច្ចការបីយ៉ាងដែលសំខាន់ចំពោះពាណិជ្ជកម្មរបស់អ្នក និងប្តេជ្ញាប្រើប្រាស់ធនធានទាំងអស់ លើកិច្ចការសំខាន់នោះ។ ធ្វើបែបនេះជោគជ័យនឹងកើតឡើងយ៉ាងងាយស្រួល និងរហ័សថែមទៀត។

៣/ សម្រុកទៅមុខឱ្យរហ័ស
ការគិតពិចារណាយូរពេកនឹងនាំទៅរកបរាជ័យ ដោយគ្មានលក្ខខណ្ឌ។ មេបញ្ជាការដែលអស្ចារ្យសម្រេចចិត្តរហ័ស និងគូសវាសផែនទីយុទ្ធសាស្រ្តបានភ្លាមៗ ដើម្បីអនុវត្ត។ ធ្វើបែបនេះគេនឹងដណ្តើមបានទឹកដីបានយ៉ាងធំ និងរហ័សនៅពេលបញ្ចប់សង្រ្គាម។ ស្រដៀងគ្នានេះដែរ សហគ្រិនដែលវៃឆ្លាតក្រោយពេលប្រមូលទិន្នន័យ និងយល់ច្បាស់ស្ថានភាពទីផ្សារហើយ មិនស្ទាក់ស្ទើរ អូសបន្លាយពេលវេលាពីការអនុវត្តជាក់ស្តែងទេ។ ផ្ទុយទៅវិញគេសម្រុកទៅមុខយ៉ាងរហ័ស ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារ។

៤/ ជ្រើសរើសការទូតនៅពេលចាំបាច់
នៅក្នុងសង្រ្គាម និងក្នុងសហគ្រិនភាព ពេលខ្លះគេត្រូវការប្រើប្រាស់កិច្ចការទូត ដែលអាចនាំទៅរកផលចំណេញបែបយុទ្ធសាស្រ្ត ដោយមិនបាច់ប្រើប្រាស់កម្លាំងច្រើន។ អ្វីដែលអ្នកមើលឃើញក្នុងពេលដំបូងថា ជាគូប្រជែង អាចនឹងប្រែក្លាយទៅជាដៃគូយុទ្ធសាស្រ្តរបស់អ្នកទៅវិញ។ នៅក្នុងពិភពពាណិជ្ជកម្ម ពេលខ្លះអ្នកត្រូវការប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត ដើម្បីប្រយុទ្ធដណ្តើមចំណែកទីផ្សារ ប៉ុន្តែពេលខ្លះទៀតបើអ្នកសហការគ្នា ទីផ្សាររបស់អ្នកនឹងកាន់តែរីកធំឡើង លើសពីការប្រយុទ្ធដណ្តើមរៀងៗខ្លួនទៅទៀត។

ប្រភព​៖ Inc. Southeast Asia

error: Content is protected !!