ចង់ចាប់ផ្ដើមជំនួញលើកដំបូង កុំភ្លេចមើល៥ចំណុចនេះ – Kalib9 គំនិត | Kalib9
kalib9

ចង់ចាប់ផ្ដើមជំនួញលើកដំបូង កុំភ្លេចមើល៥ចំណុចនេះ

ចាប់ផ្ដើមជំនួញដំបូងទាមទារឲ្យមានគម្រោង ការតាំងចិត្ត ក្ដីស្រឡាញ់ និងចក្ខុវិស័យវែងឆ្ងាយទើបអាចធានាថា ក្រុមហ៊ុនដើរទៅមុខបាន។ បើចង់ចង់ចាប់ផ្ដើមតែមិនមានបទពិសោធន៍ គួរអានចំណុចទាំងនេះជាមុនសិន សឹមសម្រេចចិត្តថា ចាប់ផ្ដើម ឬអត់?

១៖ មានគម្រោង និងដើរតាមគម្រោង
មិនថា អ្នកចាប់ផ្ដើមអាជីវកម្មតូច ឬធំទេ ចំណុចចាំបាច់គឺត្រូវមានគម្រោងដែលអ្នកចង់ទៅ។ ពេលមានហើយ ត្រូវដើរតាមគម្រោងការនោះ បើដើរទៅមានការប្រែប្រួលមិនដូចអ្វីដែលអ្នកគិតទុកជាមុនអាចសម្រួលទៅតាមស្ថានភាពជាក់ស្ដែង។

ការដើរតាមគម្រោងប្រៀបដូចជាមានត្រីវិស័យប្រាប់អ្នក មិនឲ្យចំណាយពេលសួររកផ្លូវដែលអាចនឹងនាំឲ្យវង្វេងដូចគ្នាទៅនឹងការត្រាច់ចរនៅកន្លែងថ្មីមួយ។ ចំពោះការបង្កើតគម្រោងអាជីវកម្មយ៉ាងណា អ្នកអាចស្វែងរកគំរូនៅលើអ៊ីនធឺណិតដែលអ្នកយល់ថា ងាយស្រួលសម្រាប់អ្នក។

២៖ កុំព្យាយាមធ្វើគ្រប់យ៉ាងតែម្នាក់ឯង
កុំខ្វល់ថា អ្នកមានលុយតិច ចាប់ផ្ដើមតូចក្ដី កុំគិតថា អ្នកចង់ធ្វើគ្រប់យ៉ាងតែម្នាក់ឯង។ ជជែកជាមួយមិត្តភ័ក្ដិ គ្រូដើម ឬនរណាដែលអាចឲ្យយោបល់ល្អៗដើម្បីជួយអ្នកជាគំនិត ការទំនាក់ទំនង ឬចំណែកណាមួយនៃអាជីវកម្មអ្នក នោះអ្នកនឹងធូរក្នុងការគ្រប់គ្រងគ្រប់កិច្ចការ ហើយធ្វើឲ្យការងារកាន់តែលឿនទៅមុខ។

៣៖ ស្គាល់ច្បាស់ពីអតិថិជនគោលដៅ
តើនរណាដែលអ្នកចង់បានជាអតិថិជន? តើនរណាដែលត្រូវការផលិតផល ឬព័ត៌មានពីអ្នក? ចំណាយពេលបន្តិចស្រាវជ្រាវពីទីផ្សារ ដោយការអង្កេត ដោយការដើរមើល ឬបើមានថវិកាជួលឲ្យអ្នកជំនាញជួយស្រាវជ្រាវទីផ្សារជាមុន។
ធ្វើដូចនេះអ្នកអាចដឹងព័ត៌មានខ្លះពីអតិថិជនរបស់អ្នកថា ពួកគេចង់បានអ្វី ចូលចិត្តអ្វី ដែលនឹងនាំទៅរកការបង្កើតសេវាកម្ម ឬផលិតផលត្រូវនឹងពួកគេកាន់តែងាយ។

៤៖ កំណត់តម្លៃដោយប្រុងប្រយ័ត្ន
ក្រៅពីស្គាល់អតិថិជនថា ជានរណាហើយ ការកំណត់តម្លៃជាក់លាក់ក៏ជារឿងមិនអាចមើលរំលងដែរ។ តើតម្លៃសមរម្យប៉ុណ្ណាដែលល្អសម្រាប់អ្នកដើម្បីអាចចំណេញ និងធានានិរន្តរភាពបាន? តើអតិថិជនអាចទទួលយកបានដែរឬទេ បើប្រៀបធៀបនឹងក្រុមហ៊ុនដទៃដែលមានសេវា ឬផលិតផលដូចគ្នានេះ? ហេតុអ្វីបានជាអតិថិជនជ្រើសរើសយកអ្នកស្របនឹងតម្លៃនោះ។
ត្រូវបង្តើតយុទ្ធសាស្ត្រជាក់ស្តែងធ្វើយ៉ាងណា ឲ្យអ្នកអាចសម្រេចបានគោលដៅចំណេញណាមួយដើម្បីពង្រីក ឬធានាស្ថិរភាពជំនួញបាន។

៥៖ ត្រូវច្បាស់ថា ខ្លួនឯងស្រលាញ់ជំនួញនោះជាងអ្នកដទៃជាមុនសិន
ការចាប់ផ្ដើមអាជីវកម្មដំបូងដោយខ្លួនឯងគឺពិបាកបំផុត អ្នកត្រូវចំណាយពេលសឹងថា រកដកដង្ហើមមិនបានដើម្បីជំរុញឲ្យទៅមុខ។ អ្នកអាចរត់ទៅដោះស្រាយបញ្ហានេះ បញ្ហានោះដែលអ្នកមិនដែលគិតដល់ពីមុនមក។ ដូច្នេះពិតណាស់វា ទាមទារឲ្យមានពលីកម្មខ្លួនឯងខ្ពស់។
បើអ្នកមិនស្រឡាញ់ការងារនោះទេ វាពិតជាពិបាកក្នុងការជម្នះការលំបាកទាំងអស់នេះ។ ដូចនេះ សួរខ្លួនឯងសិនថា ស្រលាញ់ឬអត់ មិនមែនអតិថិជនត្រូវការផលិតផល ឬសេវាកម្មអ្នកឬអត់ទេ។


ប្រភព៖ Businessknowhow

error: Content is protected !!