រង់ចាំលទ្ធផល…ស្វែងរកយន្តហោះ MH370 ទៀតហើយ !!! – Kalib9 គំនិត | Kalib9
kalib9

រង់ចាំលទ្ធផល…ស្វែងរកយន្តហោះ MH370 ទៀតហើយ !!!


រដ្ឋាភិបាល​ម៉ាឡេស៊ី បានយល់ព្រមលើ​សំណើដែលស្នើឡើង ដោយក្រុមហ៊ុន​រុករកមួយរបស់​អាមេរិក ក្នុងការបន្ត​ស្វែងរកយន្តហោះ​ដឹកអ្នកដំណើរ​របស់អាកាសចរណ៍​ម៉ាឡេស៊ី មានជើង​ហោះហើរ MH370 ដោយឈរលើ​​គោលការណ៍​ «គ្មាន​លទ្ធផល គ្មានការបង់​ប្រាក់​ចំណាយ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។

ការព្រមព្រៀង​ខាងលើ ធ្វើឡើងនា​សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនអាមេរិក Ocean Infinity បានបង្ហាញក្តី​សង្ឃឹមខ្ពស់ថា នឹងទទួល​បាន​​កុង​​​ត្រា​ចុងក្រោយពីរដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បីបន្តប្រតិបត្តិការ​រុកយន្តហោះ MH370 នៅប៉ុន្មាន​ថ្ងៃខាងមុខ។ នាថ្ងៃសៅរ៍​នេះ រដ្ឋមន្រ្តី​ក្រសួងដឹកជញ្ជូន​ម៉ាឡេស៊ី លោក Liow Tiong បានប្រាប់ក្រុម​អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុង​គូឡាឡាំពួ បាន​ឯក​ភាព​ឲ្យ​​​បន្ត​​ប្រតិ​បត្តិ​ការ​​រុករក។

លោក Liow Tiong បានបញ្ជាក់ថា ការរុករកនេះ​នឹងស្ថិតលើ​គោលការណ៍ «គ្មានលទ្ធផល គ្មានការបង់ថ្លៃ​ចំណាយ» ហើយកុងត្រា​​នឹងត្រូវបង្ហើយ​ជាស្ថាពរ​នាសប្តាហ៍ក្រោយ។ យន្តហោះ MH370 មានផ្ទុកមនុស្ស​សរុប ២៣៩នាក់ បានបាត់ខ្លួនក្នុងពេល​ធ្វើដំណើរចេញពី​ទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េ​កាំង​​ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។

គួរជម្រាបថា រដ្ឋាភិបាលម៉ាឡេស៊ី អូស្រ្តាលី និងចិន បានសម្រេចផ្អាក​ប្រតិបត្តិការរុករក​យន្តហោះ​ដឹកអ្នកដំណើរ MH370 កាល​ពី​​ខែមករា ឆ្នាំ២០១៧ ក្រោយពី​ការចំណាយ​ពេលជិត ០៣ឆ្នាំ ធ្វើការនៅក្នុងតំបន់​មួយ​​ទំហំ ១២០,០០០គីឡូម៉ែត្រ​ក្រឡា នៅ​ភាគ​ខាង​ត្បូង​​មហា​សាគរ​ឥណ្ឌា​​ ពុំទទួលបាន​លទ្ធផលវិជ្ជមាន​អ្វីសោះ​។ ក៏ប៉ុន្តែ​របាយការណ៍មួយ ពីទីភ្នាក់ងារសុវត្ថិភាព​ដឹកជញ្ជូនអូស្រ្តាលី ដែលចេញផ្សាយ​​នៅឆ្នាំទៅមិញនេះ បានផ្តល់តំរុយ​ទៅកាន់តំបន់រុករកថ្មី​មួយទៀត ដែលយន្តហោះ​នេះ​អាចត្រូវរកឃើញ៕

ប្រភព Cambo-Space

error: Content is protected !!