បរាជ័យបានបញ្ចប់អ្វីដែលត្រូវធ្វើគឺកុំឲ្យបរាជ័យទៀត – Kalib9 គំនិត | Kalib9
kalib9

បរាជ័យបានបញ្ចប់អ្វីដែលត្រូវធ្វើគឺកុំឲ្យបរាជ័យទៀត

ឆ្នាំចាស់បានផ្លាស់ទៅហើយ ម្នាក់ៗសុទ្ធសឹងតែមានអនុស្សាវរីយ៍ជាច្រើន ជាមួយការងារ ការសិក្សា ស្នេហា ក៏ដូចជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ យើងក៏ត្រូវសម្លឹងមើលដូចគ្នា រវាងភាពវិជ្ជមាន និងអវិជ្ជមាន ដែលយើងមានអំឡុងពេលពេញមួយឆ្នាំនេះ។

ជាពិសេសគួរគប្បី សាកសួរនៅសំនួរមួយទៅខ្លួនឯងថា តើខ្ញុំបានជោគជ័យអ្វីខ្លះហើយ សម្រាប់ឆ្នាំមុន ហើយបរាជ័យអ្វីខ្លះ?

ទន្ទឹមនឹងសួរសំនួរនេះ អ្នកត្រូវប្រញាប់រកចម្លើយឲ្យទាន់ មុនពេលវេលាកន្លងហូស ហើយបើដឹងច្បាស់ថាខ្លួននៅមានចំណុចខ្វះខាតច្រើន សូមធ្វើការកែប្រែវាជាបន្ទាប់ បើមិនចង់លង់ខ្លួន ដូចឆ្នាំចាស់។

១. សុខភាព៖ កត្តាដំបូងដែលអ្នកគួរតែចាប់អារម្មណ៍ នោះគឺសុខភាព ព្រោះវាអាចជាសញ្ញា បញ្ជាក់ថា អ្នកធ្លាក់ចុះឬការដើរថយក្រោយដូចជាឆ្នាំកន្លងមក ។ ហើយទោះបីជាអ្នកព្យាយាម បំពេញការងាររកប្រាក់បានច្រើនយ៉ាងណា បើសុខភាពមិនល្អ នោះអ្នកក៏គង់តែគ្មានក្ដីសុខដូចគ្នា ។

ម្យ៉ាងវិញទៀតអ្នក បើអ្នកក្លាយជាមនុស្សជោគជ័យ តែវ័យកាន់តែទ្រុឌទ្រោម ឬសុខភាពអន់ថយ ក៏គ្មានតម្លៃ ស្មើរការលះបង់កន្លងមកដូចគ្នា។ ចង់មិនចង់អ្នកគួរយកចិត្តទុក ដាក់បំផុតចំពោះរឿងមួយនេះ វាគឺជាធ្នាក់ ទាក់ភាពជោជ័យ ក្នុងករណីអ្នកមានសុខភាព រឹងមាំដើម្បីបន្តរកទីជោគជ័យក្នុងឆ្នាំថ្មីនេះ។

២. ទម្លាប់សន្សំ៖ ការកសាងទ្រព្យសម្បត្តិ គឺសុទ្ធតែមានគម្រោងសម្រាប់រយៈពេលវែង និងចាំបាច់ត្រូវការពេលវេលាច្បាស់លាស់ ត្រឹមត្រូវបំផុត មិនមែនម្នាក់ៗងាយអនុវត្តន៍នោះទេ។

នោះហើយជាមូលហេតុ ដែលអ្នក គួរតែធ្វើ ចាប់ពីពេលនេះ ដើម្បីដាក់ប្រាក់បន្ថែមនៅក្នុងគណនីធនាគារ របស់អ្នកនៅឆ្នាំក្រោយ។ ហើយនៅបំណាច់ឆ្នាំ អ្នកនឹងដឹងច្បាស់ថា ទម្លាប់សន្សំរបស់អ្នក ពិតជាប្រយោជន៍សម្រាប់ផ្លូវទៅរកភាពមានបាន ក្នុងពេលឆ្នាំថ្មីចូលមក។

៣. ស្នើសុំការតម្លើងប្រាក់ខែឬ ផ្លាស់ប្តូរការងារ៖ ពេញមួយឆ្នាំនេះ តើអ្នកធ្លាប់សួរខ្លួនឯងដែរទេ ថា អ្វីជាគោលដៅសម្រាប់ការងារនៅពេលខាងមុខ? ចុះលទ្ធផល​ការងារអ្នកយ៉ាងណាដែរ មិនបាច់ត្រូវក្រុមហ៊ុនវាយតម្លៃនោះទេ ក៏អ្នកត្រូវចេះវាយតម្លៃការងារខ្លួនតាម លទ្ធផលជាក់ស្ដែង។

ក្នុងពេលនេះ បើដឹងថាខ្លួនមានសមត្ថភាព សូមធ្វើការស្នើសុំប្រាក់ខែ ឲ្យសាកសមទៅនឹងការងារអ្នក តែមិនមែនមានន័យថា ឲ្យច្រើនហួសនោះទេ ព្រោះអ្នកគ្រប់គ្រងក៏គេសង្កេតរួចស្រេចសម្រាប់បញ្ហាមួយនេះ។ លើសពីនេះបើពេញមួយឆ្នាំអ្នកនៅតែគ្មានការប្រែប្រួលនោះទេ ត្រូវប្រញាប់ផ្លាស់ប្ដូរការងារ និងគួរធ្វើការងារណាដែលខ្លួនពេញចិត្ត និងស្រលាញ់។

៤. ស្វែងរកជម្រកផ្ទាល់ខ្លួន៖ ក្នុងឆ្នាំចាស់អ្នកខ្លះ ប្រាកដជាបានបន្សល់អ្វីជារបស់ផ្ទាល់ខ្លួនជាច្រើន មិនថា ផ្ទះ លុយ ឡាន ឬសម្ភារៈប្រើប្រាស់នោះទេ។ ប៉ុន្តែ ក្នុងនោះក៏មានខ្លះទៀតនៅ មិនទាន់អាចសមតាមបំណងដែរ យ៉ាងណាមិញ បើអ្នកចង់រីកចម្រើន នៅឆ្នាំខាងមុន សូមកុំមើលរំលងការទិញផ្ទះ ដែលជាចលនទ្រព្យ ផ្ទាល់ខ្លួនឲ្យសោះ ហើយបើទោះជាមានលទ្ធភាពតិចឬច្រើនក្ដី ជាពិសេសគួរសម្លឹក មើលផ្ទះដែលមានតម្លៃថោក សមរម្យ ដែលអាចទ្រងទ្រង់ការរស់នៅប្រចាំថ្ងៃបាន ។

នៅពេលអ្នកមានជម្រកច្បាស់លាស់ នោះជាមុខសញ្ញាទី១ ដែលបញ្ជាក់ថា អ្នកជាមុនស្សដែលមានភាពជោគជ័យក្នុងជីវិតហើយ។

៥. ចាប់ផ្ដើមបំពេញក្ដីសុបិន្ត៖ ឆ្នាំចាស់ផុតទៅ គ្រប់គ្នាមុខជានៅមាន ក្ដីបំណងដែលមិនទាន់បានសម្រេច មិនថា គម្រោងការងារ បញ្ហាស្នេហា គ្រួសារ នោះទេ ដូច្នេះឆាប់ប្រញាប់ធ្វើឲ្យវា ជាមួយឆ្នាំថ្មីនេះ ដើម្បីឲ្យជាក់ច្បាស់ពីគម្រោង និងសមត្ថភាពដែលយើងមានសព្វថ្ងៃ។

វាមិនទាន់ហួសពេលទេ ដែលយើងត្រូវមកសម្រេចក្ដីប្រាថ្នា ក្នុងឆ្នាំថ្មីនេះ តែអ្នកត្រូវកំណត់រយៈពេលឲ្យច្បាស់ ថាសុបិន្តនេះ ត្រូវការពេលប៉ុន្មានឲ្យប្រាកដ ហើយវាសមនិងសមត្ថភាពដែលយើងមាន ឬយ៉ាងណា? ដើម្បីចៀសវៀង ហានិភ័យ ក្នុងការបរាជ័យនៅឆ្នាំថ្មីនេះទៀត។ ហើយបើអ្នកសម្រេចវាបាន ក្នុយរយៈពេលកាន់តែខ្លី បានន័យថាអ្នកជាមនុសុ្សជោគជ័យ កាន់តែខ្លាំង។

៦. កំណត់គោលដៅ៖ ក្នុងឆ្នាំថ្មីនេះ អ្វីដែលអ្នកត្រូវធ្វើ ដោយខាតមិនបានគឺការកំណត់គោលដៅ នូវអ្វីដែលអ្នកចង់ធ្វើ។ មិនថាការងារ ការសិក្សាឬអ្វីនោះទេ ការកំណត់គោលដៅបានច្បាស់ តែងតែទទួលបាន នៅភាពជោគជ័យខ្ពស់ បើសម្រាប់ឆ្នាំចាស់អ្នកបរាជ័យ នោះប្រហែលជាអ្នកស្ថិតក្នុង ជីវិតគ្មានការកំណត់គោលដៅ ឲ្យបានត្រឹមត្រូវ និងជាក់លាក់ ។

ហើយបើមិនចង់ ឆ្លងកាត់វាម្ដងទៀត សូមរួសរាន់ធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីបង្ហាញភាពខ្លាំងរបស់អ្នក ឲ្យគ្រប់គ្នាបានដឹង។ នេះជាចំណុចសំខាន់ សម្រាប់ការផ្លាស់ប្តូរខ្លួន ទៅរកភាពជោគជ័យនាឆ្នាំក្រោយនេះ។

៧. រក្សាការគិតវិជ្ជមាន៖ ការបរាជ័យនឹងរត់រកអ្នក បើសិនក្នុងចិត្តគិតរឿងអវិជ្ជមាន ជាជាងភាពវិជ្ជមាន ដូច្នេះអ្វីដែលអ្នកគួរធ្វើជាបន្ត ត្រូវរក្សាការគិតបែប សុទិដ្ឋិនិយម ពិសេសត្រូវស្គាល់ច្បាស់ពីមនុស្សជុំវិញខ្លួន ដោយបើកចិត្តគំនិត ស្ដាប់ឲ្យច្រើនជាងការនិយាយ ដើម្បីក្រេបបន្ថែម ភាពចន្លោះប្រហោង ។

ព្យាយាមទទួលយករិះគន់ក្នុងស្ថាបនា ពីមជ្ឃដ្ឋានខាងក្រៅ ដើម្បីកែតម្រូវចន្លោះប្រហោងដែលយើងបានជួបប្រទះ វាអាចកែប្រែស្ថានការណ៍ឲ្យល្អជាងមុន និងជម្រុញឲ្យអ្នកក្លាយជាមនស្សជោគជ័យបាន។


៨. ធ្វើឲ្យខ្លួនមានតម្លៃ៖ មនុស្សណាក៏មានតម្លៃស្មើៗគ្នាដែរ ប៉ុន្តែមនុស្សដែលជោគជ័យរមែងឲ្យតម្លៃខ្លួនខ្ពស់ តែមិនឲ្យហួសសមត្ថភាពឡើយ។ សម្រាប់ឆ្នាំចាស់ ប្រហែលជាអ្នកមើលមិនឃើញតម្លៃខ្លួន អ្នកខ្ពស់យ៉ាងណានោះទេ ដូច្នេះត្រូវធ្វើយ៉ាងណា ឲ្យគ្រប់គ្នាបានដឹងថា អ្នកជាមនុស្សដ៏មានតម្លៃ ក្នុងផ្នែកមួយនៃការងារដែលគេខ្វះអ្នកមិនបាន ហើយរឹតតែមិនអាចអត់អ្នក។

ទាំងនោះអាចសបញ្ជាក់ច្បាស់ណាស់ ថាយើងកំពុងឈានរកផ្លូវជោគជ័យ ដែលមនុស្សជុំវិញខ្លួន ឲ្យតម្លៃខ្ពស់ មកកាន់អ្នក នៅក្នុងការងារ និង ជីវិតឯកជន។

៩. អនុវត្តន៍អ្វីដែលធ្លាប់បានរៀន៖ ពីមុនៗអ្នកមិនជោគជ័យអាចមកពីអ្នកមិនមានបទពិសោធន៍ ឬមានភាពខ្វះខាតច្រើន ដូចនេះឆ្នាំថ្មី អ្វីដែលគួរធ្វើជាចម្បង ត្រូវយកមេរៀន​ ពីឆ្នាំចាស់មក អនុវត្តន៍ ដើម្បីសង្កេតមើលថា យើងចេះអ្វីឲ្យប្រាកដ មិនថាទ្រឹស្តីឬការអនុវត្តន៍ផ្ទាល់ឡើយ។

ហើយត្រូវចងចាំថា ឆ្នាំចាស់អ្នកបានរៀនអ្វីខ្លះ ហើយឆ្នាំថ្មីគួរព្យាយាមធ្វើអ្វីបន្ថែម ដើម្បីក្លាយខ្លួនជាបុគ្គលដែលសង្គម ត្រូវការ។

១០. ស្ថាបនាភាសាទំនាក់ទំនង៖ ការជោគជ័យមិនអាស្រ័យលើភាពខ្លាំងតែមួយមុខនោះទេ ចង់មិនចង់ភាសាទំនាក់ទំនង ក៏ជាស្ពានសម្រាប់អ្នកឆ្ពោះ ទៅរកភាពល្អប្រសើរដែរ។

ផ្ទុយទៅវិញ បើអ្នកមានភាពអៀន ពិសេសគ្មានទំនាក់ទំនងល្អក្នុងសង្គម អ្នកកុំរំពឹងថាខ្លួន អាចឈានជើងចេញពីភាពបរាជ័យបានឲ្យសោះ ព្រោះគ្មានបុគ្គលដែលជោគជ័យណា ខ្សោយឬគ្មានភាពក្លាហាន ក្នុងការមានទំនាក់ទំនងជាមួយអ្នកក្រៅនោះទេ។ ចំណុចនេះ ចាំបាច់ណាស់សម្រាប់អ្នក ព្រោះជោគជ័យឬបរាជ័យ អាស្រ័យលើការនិយាយ របស់អ្នកមិនថាជាការងារ មុខជំនួញ ផ្ទាល់ខ្លួននោះទេ។

១១. ឲ្យតម្លៃពេលវេលា៖ ការឲ្យតម្លៃពេលវេលា ប្រៀបបានដូចការឲ្យតម្លៃលើខ្លួនឯង មានតែមនុស្សដែលមិនស្គាល់ការរីកចម្រើនប៉ុណ្ណោះដែល មិនគិតចំណុចនេះ។

ឆ្នាំមុននេះប្រហែលជាមើលរំលងចំណុចដ៏សាមញ្ញនេះ ហើយវាក៏ជាហេតុផលដែលទាញអ្នកឲ្យធ្លាក់ចុះ ស្របពេលមនុស្សស្រីប្រុស ដែលមានអាយុស្រដៀងអ្នក កំពុងដើរទៅមុខគ្មានឈប់។ មកធ្វើការយឺតម៉ោង ចេញទៅមុនម៉ោង ឬការងារដែលមេ ប្រគល់ឲ្យធ្វើ អ្នកធ្វើមិនទាន់ នោះបញ្ជាក់ច្បាស់ថា អ្នកជាបុគ្គលមិនគោរពពេលវេលា ហើយបើឆ្នាំចាស់អ្នកបានធ្វើវា សង្ឃឹមថាឆ្នាំថ្មីនេះអ្នក នឹងប្រញាប់កែប្រែជាបន្ទាន់ ដើម្បីកុំឲ្យខកខ្លួន។

រូបតំណាង
១២.បង្កើតភាពច្នៃប្រឌិត៖ ទន្ទឹមនឹងចង់ឲ្យខ្លួនឯងមានផ្លាស់ប្ដូរ កត្តាទី១អ្នកត្រូវចេះបង្កើតភាព ច្នៃប្រឌិតដើម្បីទាមទារចំណាប់អារម្មណ៍ ហើយវាក៏ជាចំណុចមួយងាយទារអ្នកចេញពីស្ថានភាពអាក្រក់ៗនានា។

លើសពីនេះបុគ្គលដែលមាន គំនិតច្នៃប្រឌិតខ្ពស់ តែងតែទទួលបាន ការលើកទឹកចិត្តពីក្រុមហ៊ុន ជាងនេះទៅទៀត ភាពជោគជ័យ មួយចំនួន នឹងរត់មករកអ្នក ក្នុងករណីអ្នកមានការគិត ប្លែកខុសគេ ដែលអាចទាញផលចំនេញជូនក្រុមហ៊ុន ឬមុខជំនួញ។ ហើយភាពច្នៃប្រឌិតនេះ អ្នកអាចស្វែងរកវាបាន ដោយការសិក្សា ស្រាវជ្រាវ ជាពិសេស ត្រូវរៀនមើល រៀនធ្វើ និងរៀន អនុវត្ត។

១៣. ស្វែងរកភាពរីករាយ៖ ជឿជាក់ថា មនុស្សដែលជោគជ័យទាំងអស់តែង មានភាពខ្វះចន្លោះរឿងឯកជន ជាពិសេស ពិបាកចែកពេលវេលាផ្ទាល់ខ្លួន រវាងការងារនិងបុគ្គល ជាហេតុធ្វើឲ្យអ្នកងាយរងសម្ពាធខ្លាំង។

ដូច្នេះបើចង់រក្សាភាព ជោគជ័យឲ្យបានចាស់ឆ្នាំ សូមឆ្លៀតពេលស្វែងរកពេលសប្បាយ ភាពរីករាយ សម្រាប់ខ្លួនឯង និងមិត្តរួមការងារ ។ គ្រប់គ្នាពិតជាបានដឹងហើយថា ធ្វើជាបុគ្គលជោជ័យ មិនពិបាកសម្រាប់អ្នកចេះ តែបើចង់ធ្វើអ្នកជោគជ័យដ៏ល្អ គឺមិនងាយស្រួលនោះទេ។

ប្រភព៖ businessinsider