ហោរាសាស្រ្ត​ប្រចាំថ្ងៃ ត្រូវនឹងថ្ងៃពុធ ទី​២៤ ខែមករា ឆ្នាំ​២០១៨ – Kalib9 ចែកចាយ | Kalib9
kalib9

ហោរាសាស្រ្ត​ប្រចាំថ្ងៃ ត្រូវនឹងថ្ងៃពុធ ទី​២៤ ខែមករា ឆ្នាំ​២០១៨

សូមជូន ហោរាសាស្រ្ត ប្រចាំ ថ្ងៃស្អែក ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០១៨៖

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ​ឈាន​ដល់​ខែ​ក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​អំឡុង​ថ្ងៃ​នេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ទេ​ពីព្រោះ​ថា​ផល​មិន​ល្អ​នោះ​ក៏​នៅ​ចំពោះមុខ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខ​លំបាក​មក​វិញ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុ​នេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្នុង​រង្វង់​គ្រួសា​របើ​មាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការដោះស្រាយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ពេល​នេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំ​នោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ទៀត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ថយ​ក្រោយ​ច្រើន ហើយ​ពិសេស​បើ​ចង់​បើក​ការធ្វើ​ជំនួញ​តូច​ធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពី​ព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់​៕

ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏​ដោយ​មាន​ការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​៕

ឆ្នាំមមី ​រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យ​បានល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុង​ការដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​៕

ឆ្នាំមមែ ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​លេង​ហ៊ុន​ឬ​បណ្តាក់​ទុន​រយៈពេល​វែង​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ប្រឈមមុខ​ជាមួយ​បញ្ហា​មិនល្អ​កើតមានឡើង​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​គឺ​ការ​រក​ផល​ចំណូល​លោកអ្នក​អាច​បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មក​វិញ​ហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

ឆ្នាំវក ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វី​មួយ​ចូល​មក​ឱ្យ​សប្បាយ​ចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយ​ពីព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងា​រ​សព្វបែបយ៉ាង​បើទោះបីជួ​បការ​លំបាកលំបិន​និងត្រូវ​ការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួល​លទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែង​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​តូចធំ​សម្រុកចូល​មក​យាយី​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ថែមទាំង​មាន​ការរំលោភ​បំពាន​ពី​អ្នក​មាន​មុខរបរ​ដូច​គ្នា​ទៀត​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូច្នេះ​ទោះ​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ព្រោះ​ក្រុម​មនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះ​ពេលនេះ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អ​។​សម្រាប់​សុខភាព​របស់​លោក​អ្នក​ពុំ​សូវ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ការ​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕

ប្រភពដើម KhmerLuck