ស្ទើរមិនជឿថាលើលោកនេះមានទីក្រុងដែលប្រជាជនរស់នៅដោយគ្មានលុយ នយោបាយ និងសាសនា – Kalib9 ប្លែកៗ | Kalib9
kalib9

ស្ទើរមិនជឿថាលើលោកនេះមានទីក្រុងដែលប្រជាជនរស់នៅដោយគ្មានលុយ នយោបាយ និងសាសនា

ស្តាប់ទៅដូចជាទីក្រុងក្នុងរឿងព្រេងនិទាន និងប្រៀបដូចអ្វីដែលយើងឃើញនៅក្នុងភាពយន្តបែបវិទ្យាសាស្រ្ត ដែលបង្ហាញនូវទីកន្លែងក្នុងពេលអនាគតដ៏ឆ្ងាយនៅលើផែនដី ប៉ុន្តែវាជាការពិតដែលមានទីក្រុងបែបនេះនៅលើផែនដី។ វាជាទីក្រុងដែលមនុស្សរស់នៅដោយគ្មានលុយ សាសនា ឬនយោបាយ ឬអាចនិយាយម្យ៉ាងទៀតថា វាជាឋានសួគ៌នៅលើផែនដី។ នោះគឺទីក្រុង Auroville ដែលត្រូវបានរកឃើញនៅឆ្នាំ១៩៦៨ ហើយត្រូវបានចាត់ទុកជាទីក្រុងអន្តរជាតិមួយដោយអង្គការ UNESCO ដោយសារតែនៅទីនេះមានមនុស្សមកពី៥០ ប្រទេស សញ្ជាតិ និងវប្បធម៌ផ្សេងៗគ្នារស់នៅ។

តាមវេបសាយរបស់ទីក្រុងនេះ ទីក្រុង Auroville ចង់ក្លាយជាក្រុងសកលដែលបុរស ស្រ្តីមកពីគ្រប់ប្រទេសទាំងអស់អាចរស់នៅក្នុងសន្តិភាព និងភាពសុខុដុមជាមួយគ្នាដោយមិនគិតពីលទ្ធិជំនឿសាសនា នយោបាយ និងសញ្ជាតិអ្វីទាំងអស់។ គោលបំណងរបស់ Auroville គឺសម្រេចឱ្យបាននូវការរួបរួមសាមគ្គីរបស់មនុស្ស។

ពួកគេព្យាយាមរស់នៅដោយគ្មានបញ្ហា ដោយទីក្រុងមិនមានប្រព័ន្ធនយោបាយ មិនមានសាសនា និងមិនមានលុយ។ ជំនួសឱ្យការប្រើប្រាស់លុយ ប្រជាជននៅទីនេះរស់នៅដោយការដោះដូរ។ ទីក្រុងទាំងមូលមានអគារមានលក្ខណៈបែបអនាគតប្រកបដោយស្ថាបត្យកម្មដែលមានការអភិវឌ្ឍផ្លាស់ប្តូរជានិច្ច។ ក្រៅពីនេះរចនាសម្ព័ន្ធទីក្រុងត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវបរិស្ថានស្អាត មានការប្រើប្រាស់ឡើងវិញ និងការកែច្នៃ។

ជាមួយគ្នានេះ មនុស្សក្នុងទីក្រុងមិនបាច់បារម្ភរឿងខ្វះចំណីអាហារនោះទេ ព្រោះថាទីក្រុងត្រូវបានផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពដោយទីវាលដែលមានដាំដំណាំជាច្រើនប្រភេទ ព្រមទាំងដើមផ្លែឈើរាប់មិនអស់លាតសន្ធឹងលើកសិដ្ឋានចំនួន១៥ លើផ្ទៃដីសរុបចំនួន ១៦០ហិកតា។

ទីក្រុងនេះផ្តល់ការគាំទ្រដោយ Mirra Afassa, aka ‘The Mother of Auroville’។ តាមលោកស្រី Afassa វា(ទីក្រុង Auroville) គួរតែជាកន្លែងមួយនៅលើផែនដីដែលគ្មានប្រជាជាតិណាមួយអាចអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ហើយជាកន្លែងដែលមនុស្សមានឆន្ទះល្អ មានបំណងប្រាថ្នានិងឧត្តមគតិស្មោះត្រង់អាចរស់នៅដោយសេរីក្នុងនាមជាប្រជាជនរបស់ពិភពលោក។

ប្រភព៖ Ancient-code

ប្រភពបន្ត jongdeng.net