ទម្លាប់ល្អទាំង ៨ យ៉ាង ទោះបីប្រាក់ចំណូលតិចក៏រស់នៅស្រួល – Kalib9 គំនិត | Kalib9
kalib9

ទម្លាប់ល្អទាំង ៨ យ៉ាង ទោះបីប្រាក់ចំណូលតិចក៏រស់នៅស្រួល

ប្រភពនៃសុភមង្គលមិនមែនកើតចេញតែពីការមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយមុខប៉ុណ្ណឹងទេ។ មនុស្សទូទៅដែលមានជីវភាពសាមញ្ញ និងប្រាក់ចំណូលទាបក៏អាចរកឃើញសុភមង្គលរបស់គេតាមមួយបែប។

ចំណុចសំខាន់មួយគឺការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ ដើម្បីគេចផុតពីវិបត្តិហិរញ្ញវត្ថុ (financial crisis) ព្រោះមួយជីវិតមនុស្សអាចស្គាល់សេចក្ដីសុខ ឬវិបត្តិអស់មួយជីវិតក៏មួយផ្នែកធំដោយសារតែបញ្ហាលុយនេះឯង។

លោក David Blaylock ជាទីប្រឹក្សាខាងផ្ដល់ដំបូន្មានអំពីការគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។ លោកបានបង្ហើបគន្លឹះ​​សំខាន់ៗ​ដូច​ខាង​ក្រោម​នេះ​ ដែលមនុស្សទូទៅអាចគេចផុតពីវិបត្តិហិរញ្ញវត្ថុ និងរស់នៅដោយសុខស្រួលជាមួយនិងប្រាក់ចំណូលមធ្យម។

១- កែប្រែទម្លាប់ក្នុងការគិតអំពីបញ្ហាលុយកាក់
អស់លោកខ្លះយល់ថាប្រសិនបើសល់ប្រាក់បន្តិចបន្តួចខ្ជឹលសន្សំ ចាំសល់ច្រើនចាំសន្សំ។ នេះជាគំនិតខុសឆ្គងដ៏ធំ។ ត្រូវតាំងចិត្តថាក្នុងមួយខែៗ ត្រូវព្យាយាមសំចៃទៅលើអ្វីដែលអាចកាត់បន្ថយថ្លៃចំណាយបាន។ យ៉ាងហោចណាស់ ត្រូវរិះរកវិធីធ្វើយ៉ាងណាអាចនៅសល់លុយខ្លះ ទោះតិចក្ដី ច្រើនក្ដី។

២- ប្រសិនក្នុងចិត្តគិតថាត្រូវធ្វើអ្វីមួយ កុំបោះបង់ការគិតនោះចោល
អ្នកជំនាញខាងវិស័យហិរញ្ញវត្ថុបានផ្ដល់ដំបូន្មានថាបុគ្គលម្នាក់ៗគួរមានផែនការរបស់ខ្លួន។ ឧទាហរណ៍ លោកអ្នកត្រូវរៀបចំផែនការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេលប្រាំឆ្នាំ។ ពីនេះទៅមុខប្រាំឆ្នាំទៀត តើលោកអ្នកចង់ឲ្យប្រាក់លោកអ្នកសល់ចំនួនប៉ុន្មាននៅក្នុងដៃ? បន្ទាប់មក ត្រូវពុះច្រៀកផែនការណ៍រយៈពេលវែងនេះ ជាកំណាត់ៗម្ដង ៦ ខែៗ។ ឧទាហរណ៍សន្សំប្រាក់ក្នុងរយៈពេល ៦ ខែសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងគ្រាបន្ទាល់។ល។ ឲ្យតែលោកអ្នកដាក់កំហិតលើខ្លួនឯងបានថាក្នុងមួយខែៗត្រូវតែសន្សំឲ្យនៅសល់លុយខ្លះ ក្រោយពីទូទាត់ថ្លៃចំណាយផ្សេងៗ។

៣- ប្រើប្រាស់ថវិកាឲ្យល្មមនឹងប្រាក់ចំណូល
ពាក្យទំនឹមទំនៀមមួយឃ្លាពោលថាដាំចង្ក្រាន្តត្រូវចេះប្រមាណឆ្នាំង។ ប្រសិនបើប្រាក់ចំណូលតិច សូមកុំខំចាយខ្ជះខ្ជាយលើរបស់របរ តាមគេអ្នកមាន។ ត្រូវកំណត់ថាប្រភេទទំនិញបែបណាដែលត្រូវទិញ ហើយត្រូវកំណត់ថាត្រូវទិញតែមុខទំនិញដែលមានតម្លៃចន្លោះពីប៉ុណ្ណេះ ទៅប៉ុណ្ណេះបានហើយ ថ្លៃលើសនេះកុំទិញ។ របស់របរប្រើប្រាស់ ទោះបីថ្លៃលើសលស់គ្នាក៏នៅតែប្រើការបានដូចតែគ្នា។

៤- រស់នៅក្នុងជីវភាពសាមញ្ញៗ
ការរស់នៅក្នុងជីវិតសាមញ្ញៗ នឹងជួយកាត់បន្ថយថ្លៃចំណាយរបស់លោកអ្នក ព្រោះប្រសិនបើលោកអ្នកដើរលេងច្រើន សប្បាយហ៊ឺហាជ្រុលពេក ការចំណាយក៏អស់ច្រើនទៅតាមនោះដែរ។ ត្រូវ​ចាំ​ពាក្យ​ទំនឹម​ទំនៀម​មួយ​ពោល​ថា ឃើញ​ដំរី​ជុះ​​ កុំ​ជុះ​តាម​ដំរី។ ត្រូវខំប្រឹងសន្សំ និងសំចៃប្រាក់ពីក្មេងទៅ ម្ដងបន្តិចៗ ទម្រាំដល់ពេលចាស់ទៅ លោកអ្នកអាចនៅសល់ប្រាក់កាសសម្រាប់ការចាយវាយពេលចូលនិវត្ត។

៥- ត្រូវគិតពីពេលនេះ ទៅទល់នឹងពេលចូលនិវត្ត
នៅពេលគិតទៅដល់អាយុកាន់តែចាស់ជរា ធ្វើការអ្វីដើម្បីរកប្រាក់ចំណូលលែងកើត ទើបលោកអ្នកចាប់ផ្ដើមភ័យ និងប្រឹងសន្សំ។ ឆាប់សន្សំលុយតាំងពីនៅវ័យក្មេងនឹងជួយឲ្យលោកអ្នកមានប្រាក់នៅក្នុងខ្លួនច្រើនទម្រាំចាស់ទៅ ជាជាងនៅពេលអាយុកាន់តែជ្រេ ទើបខំសន្សំ។ ដល់ពេលនោះ សឹងហួសពេលទៅហើយ ហើយត្រូវប្រឹងសន្សំប្រាក់ក្នុងមួយខែឲ្យបានច្រើន។ ឧទាហរណ៍ ប្រសិនបើលោកអ្នកអាយុ ៣០ ឆ្នាំ ហើយសន្សំមួយខែ ៥០ ដុល្លារ។ ទម្រាំដល់អាយុ ៦០ លោកអ្នកសល់ ៥,៦ ម៉ឺនដុល្លារ។ ប៉ុន្តែបើអាយុ ៤០ ហើយទើបចាប់ផ្ដើមសន្សំ ទម្រាំបាន ៥,៦ ម៉ឺនដុល្លារត្រូវសន្សំមួយខែឲ្យបាន ១១០ ដុល្លារ។

៦- ជៀសឲ្យផុតពីការជាប់បំណុលគេ
ទោះបីប្រាក់ចំណូលតិចក្ដី ក៏លោកអ្នកអាចរស់នៅបានទៅតាមសម្មាអាជីវោ។ ធ្វើយ៉ាងណារិះរកវិធីគេចផុតពីការជំពាក់បំណុលគេ។ ប្រសិនបើចង់ទិញសេវាកម្ម ឬផលិតផលអ្វីមួយ ត្រូវតែមានលុយគ្រប់នៅក្នុងដៃ ដើម្បីជៀសវាងការខ្ចីពីក្រៅយកទៅបង្គ្រប់។ មនុស្សយើង តែកាលណាជាប់បំណុលគេហើយ មិនងាយរើខ្លួនរួចទេ ព្រោះបង្វិលពីនេះទៅនោះ ពីនោះទៅនេះ យូរៗទៅ ការប្រាក់ស្មើដើម ហើយរើខ្លួនលែងរួចតែម្ដង។ មនុស្សយើងមានឈ្មោះត្រឹមក្រ នៅអាចមានឱកាសស្ដារដើមបាន ប៉ុន្តែបើឈានដល់ដំណាក់កាលជំពាក់គេវ័ណ្ឌកហើយ គឺធ្ងន់ធ្ងរមែនទែន។

៧- ព្យាយាមរកវិធីបង្កើនប្រាក់ចំណូល
អស់លោកខ្លះ ដែលទំនេរពីការងារពេញម៉ោង ឬពីមុខរបររកទទួលទានពេញម៉ោងហើយ ឆ្លៀតរកកម្រៃបន្ថែមក្រៅម៉ោងថែមទៀត ដើម្បីពង្រីកប្រាក់ចំណូលឲ្យបានកាន់តែច្រើន។ បែបនេះគេហៅថាពង្រីកមុខរបរ ឬធ្វើពិពិធកម្មមុខរបរ (diversification)។ ការប្រកបមុខរបរច្រើន ឬធ្វើការច្រើន នឹងជួយរកថវិកាមកទប់ទល់នឹងការចំណាយផ្សេងៗ និងអាចឲ្យលោកអ្នកសន្សំប្រាក់បានច្រើនជាងផែនការកំណត់ទៅទៀត។

៨- ប្រសិនបើពិបាកគ្រប់គ្រងថវិកា ត្រូវសុំយោបល់ពីអ្នកជំនាញ
ពេលខ្លះ អស់លោកអ្នកខ្លះរកនឹកមិនយល់ ហេតុអ្វីក៏ចិត្តរបស់គាត់ចេះតែចង់ចំណាយលុយ ទិញនេះទិញនោះ មិនចេះចប់រឿងទិញ? ក្នុងកាលៈទេសៈបែបនេះ លោកអ្នកត្រូវការប្រឹក្សាយោបល់ពីអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ ឬពីអ្នកចិត្តវិទ្យា ដើម្បីឲ្យគេផ្ដល់ឱវាទល្អៗសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ និងការគ្រប់គ្រងលើឆាកជីវិតខ្លួនឯង៕