វិធីសាស្រ្តសុំឲ្យគេជួយ – Kalib9 គំនិត សហគ្រិនភាព | Kalib9
kalib9

វិធីសាស្រ្តសុំឲ្យគេជួយ

មនុស្សយើងច្រើនតែស្អប់ ការសុំឱ្យគេជួយ ជាពិសេស នៅកន្លែងធ្វើការ។ ហេតុអ្វី? ពីព្រោះមនុស្សយើង ភាគច្រើន មិនជឿថា ការដែលគេជួយ នាំឱ្យមាន ប្រសិទ្ធភាពទេ ហេតុដូច្នោះហើយ មុនពេលសុំ ឱ្យគេជួយ យើងមានគំនិត អវិជ្ជមាន ស្រាប់ទៅហើយ ចំពោះចម្លើយ។ ប៉ុន្តែនៅក្នុង ពិភពលោក ដែលមានទំនាក់ទំនង នឹងគ្នានេះ ការសុំឱ្យគេជួយ មិនមែនត្រឹមតែ មានប្រយោជន៍ និងងាយស្រួលទេ ជាងពីមុនទេ ប៉ុន្តែវាជារឿង ចាំបាច់ទៀតផង។ តើត្រូវសុំជំនួយ យ៉ាងណា ទើបមានប្រសិទ្ធភាព?

១. សុំឱ្យចំមនុស្ស
លោកស្រី Sarah Heward ជាសហគ្រិនមួយរូប និងជាម្ចាស់ ក្រុមហ៊ុន The Real Food Café ក្នុងតំបន់ ស្កុតឡង់។ លោកស្រីបានពន្យល់ថា “គន្លឹះដើម្បី សុំជំនួយត្រឹមត្រូវ គឺជ្រើសរើស មនុស្សដែលអ្នក ប្រុងនឹងសុំ ដោយប្រុងប្រយ័ត្ន”។ កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកស្រី គ្រាន់តែជា ហាងកាហ្វេ ធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំមុន ហាងកាហ្វេមួយនេះ បានប្រែក្លាយ ទៅជាបណ្តាញ ដែលមានតម្លៃ ជាងមួយលានផោន។ លោកស្រីបញ្ជាក់ថា “ទំនុកចិត្ត និងបទពិសោធន៍ ជាធាតុសំខាន់ណាស់ ហើយគេត្រូវគិត អំពីលទ្ធផល ដែលអ្នកចង់បានផង ហើយអ្នកអាច សុំជំនួយបាន សមរម្យ និងលើកសំណួរ មកមានភាព ប្រទាក់ក្រឡាគ្នា។ មនុស្សខ្លះពិបាក សុំឱ្យគេជួយណាស់ ប៉ុន្តែក្នុងការ គ្រប់គ្រងពាណិជ្ជកម្ម ខ្នាតតូច ការសុំឱ្យគេ ជួយមានប្រយោជន៍ណាស់។ សហគ្រិនតែងតែ ប្រឡូកក្នុង ពាណិជ្ជកម្ម ដោយសារគេ ពូកែធ្វើអ្វីម្យ៉ាង ជាពិសេស ហើយគេមាន មហិច្ឆតា ខ្ពស់ទៀតផង។ ប៉ុន្តែមិនមែន មានន័យថា គេជាមនុស្ស ជំនាញគ្រប់ ផ្នែកនោះទេ”។

២. ចិត្តល្អចំពោះខ្លួនឯង
យើងច្រើនតែដាក់ ការរំពឹងទុកខ្ពស់ណាស់ សម្រាប់ខ្លួនឯង ប៉ុន្តែយើង មិនគួរបណ្តោយ ឱ្យការរំពឹងទុកនោះ ចូលមករំខាន ដល់ការសុំឱ្យ អ្នកដទៃ ជួយនោះទេ។ លោក Lorna Cordwell ប្រធានផ្នែក ផ្តល់ប្រឹក្សា នៅក្រុមហ៊ុន Chrysalis Courses UK ពន្យល់ថា “កុំរំពឹងថា ខ្លួនអ្នកចេះ គ្រប់រឿងឱ្យសោះ នៅពេលចាប់ផ្តើម តួនាទីថ្មី។ ចំណេះដឹង ជាការសន្សំ បន្តិចម្តងៗ វាជាការគួបផ្សំ បញ្ចូលគ្នាជានិច្ច រវាងបទពិសោធន៍ ជាក់ស្តែង ទ្រឹស្តី និងការពិចារណា។ ការសុំឱ្យគេ ជួយជារឿង ពិបាកណាស់ ពីព្រោះយើងច្រើនតែ សន្និដ្ឋានថា មនុស្សនឹងវាយ តម្លៃអវិជ្ជមាន ចំពោះគំនិត ឬកិច្ចការ របស់យើង។ បើនៅក្នុងភាសា ចិត្តវិទ្យាវិញ ការយល់បែបនេះ បណ្តាលមកពីការ ឱ្យតម្លៃទាប ចំពោះខ្លួនឯង។ យើងច្រើនតែគិត អំពីសមត្ថភាព និងជំនឿចិត្ត របស់យើងតិច ជាងអ្នកដទៃគិត”។

៣. និយាយឱ្យបានច្បាស់
លោក Natasha McCreesh ស្ថាបនិក ក្រុមហ៊ុន PiP to Grow Strong អះអាងថា “មនុស្សយើង ចូលចិត្តជួយ មនុស្សណាស់ ហើយគេអាចជួយ បានច្រើននៅពេល គេដឹងច្បាស់ថា អ្នកត្រូវការអ្វីខ្លះ និងមូលហេតុ ពីក្រោយតម្រូវការ របស់អ្នក។ អ្នកអាចជួយអ្នកដទៃ ឱ្យជួយអ្នក តាមរយៈការនិយាយ ឱ្យបានច្បាស់ៗ ក្នុងសំណើរ របស់អ្នក។ កុំផ្តល់ត្រឹមតែ តម្រុយហើយសង្ឃឹមចង់ បានល្អបំផុតនោះ ហើយកុំរំពឹង ឱ្យអ្នកដទៃ គិតជំនួសអ្នក។ ផ្ទុយទៅវិញ អ្នកត្រូវតែ បង្ហាញឱ្យច្បាស់ អំពីអ្វី ដែលអ្នកស្នើសុំ និងមូលហេតុ ដែលអ្នកស្នើសុំ ជំនួយនោះ”។

៤. កុំខ្លាចអ្វីដែលអ្នកមិនដឹង
ចិត្តវិទូ Diana Parkinson ចង្អុលបង្ហាញថា មនុស្សយើង​​ ធំដឹងក្តីឡើង ដោយបារម្ភថា នឹងមានចន្លោះខ្វះខាត ក្នុងចំណេះដឹង របស់យើង។ ប៉ុន្តែមនុស្ស ជោគជ័យដឹងថា ការដែលមនុស្សម្នាក់ ចេះគ្រប់រឿងនោះ មិនអាចទៅរួចទេ។​ លោកស្រីចិត្តវិទូ ពន្យល់ថា “យើងមានអារម្មណ៍ថា យើងគួរតែចេះអ្វីៗ គ្រប់យ៉ាង ហើយនឹងត្រូវ គេសើចចម្អក ឱ្យនៅពេលយើង មិនដឹង។ មានមនុស្សម្នាក់ ដែលពូកែធ្វើការណាស់ ប៉ុន្តែជីវិត របស់មនុស្សនោះ ផ្លាស់ប្តូរទាំងស្រុង នៅពេលគេដឹងថា គ្មានអ្វី ជាបញ្ហាទេ ក្នុងការនិយាយថា “ខ្ញុំមិនដឹងទេនៅពេលនេះ ប៉ុន្តែខ្ញុំនឹងស្វែងរកចម្លើយនៅពេលក្រោយ”។ ការយល់ត្រឹមតែប៉ុណ្ណោះជាការដកបន្ទុក ច្រើនណាស់ ចេញពីក្នុងខ្លួន ពីព្រោះមនុស្ស ជំនាញច្រើន តែសន្និដ្ឋានថា គេគួរតែមានចម្លើយ គ្រប់ពេល ហើយការពិត គ្មានមនុស្សណា ចេះគ្រប់រឿង គ្រប់ពេលទេ”។

ប្រភព​៖ Virgin Group