ខកខានមិនបានទស្សនា? បាតុភូតមហាកម្រនេះ «នឹងកើតមានឡើងម្តងទៀត» នារយៈពេល ១ឆ្នាំ ទៅ ១៩ឆ្នាំខាងមុខ… – Kalib9 គំនិត ប្រវត្តិសាស្រ្តខ្មែរ | Kalib9
kalib9

ខកខានមិនបានទស្សនា? បាតុភូតមហាកម្រនេះ «នឹងកើតមានឡើងម្តងទៀត» នារយៈពេល ១ឆ្នាំ ទៅ ១៩ឆ្នាំខាងមុខ…

(ប៉េកាំង)៖ ទោះបីជា​មហាព្រឹត្តិការណ៍ Super Blue Blood Moon (ច័ន្ទគ្រាសក្រហម ចំពេលពេញវង់​លើកទីពីរក្នុង​ខែតែមួយ ហើយ​ធំជាង​រាល់ដង ព្រោះនៅចំណុច​កៀកផែនដី) នឹងមិនកើត​ឡើងម្តងទៀត​រហូតទាល់តែដល់ ១៩ឆ្នាំ ខាងមុខក៏​ដោយក្តី វាមិនមែន​​មាន​ន័យថា យើងទាំង​អស់គ្នា នឹងត្រូរអង្គុយទន្ទឹង​រង់ចាំយូរយ៉ាង​ដូច្នោះ ដើម្បីបានឃើញ​លោកខែ ដែលមានទិដ្ឋភាព​ប្លែកអស្ចារ្យ ដូច​កាលពី​យប់ថ្ងៃពុធកន្លងទៅនេះ​ឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​សុក្រ ទី០២ ខែមករា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាតុភូតដែល​គេហៅថា Super Blood Moon (ច័ន្ទគ្រាសក្រហម ដែលព្រះច័ន្ទធំ​ជាង​រាល់​​ដង) មួយ​នឹងកើតមាន​នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ទោះបីជាមិនមាន​ព្រឹត្តិការណ៍ Blue Moon ក៏ដោយ​ទស្សនីយភាព​នឹង​នៅ​តែអស្ចារ្យ​ដដែល ពីព្រោះថា ពាក្យ «Blue Blood» នេះ​មិនជាធ្វើឲ្យ ទិដ្ឋភាព​របស់​ព្រះច័ន្ទមានអ្វី​ពិសេសឡើយ ដោយវាគ្រាន់​តែចង់​សំដៅ​ទៅលើ លោកខែ​ដែលពេញវង់​ជាលើកទីពីរ នៅក្នុងខែតែមួយ​ប៉ុណ្ណោះ ពោលគឺពុំ​បណ្តាលឲ្យ​ព្រះច័ន្ទ​លេចចេញពណ៌ខៀវ​​​ឡើយ តែវានឹងមានពណ៌ក្រហមឆ្អិនឆ្អៅ ខុសពីធម្មតាទៅវិញ។

នៅពេលដែល​ព្រឹត្តិការណ៍ Super Blood Moon នាឆ្នាំ​ក្រោយ​កើតឡើង អ្នកដែលស្ថិត​នៅតំបន់​អាមេរិក អឺរ៉ុប ព្រមទាំង​អាហ្រ្វិក នឹង​អាចមើលឃើញ​បាតុភូតច័ន្ទគ្រាស​ពេញលេញ ដែលព្រះច័ន្ទ​នាពេលនោះ មានទំហំធំ​ជាង ១៤ភាគរយ និងពន្លឺភ្លឺជាង ៣០ភាគ​រយ បើធៀបនឹងរាល់ដង។ នាខណៈនោះ ច័ន្ទគ្រាស​ពេញលេញ នឹងប្រែក្លាយព្រះច័ន្ទ​ទៅជាពណ៌​ក្រហម ដូចលោហិត ដែល​គេ​ហៅថា Blood Moon។

គួរជម្រាបថា សម្រាប់អ្នកដែល​ចង់រង់ចាំទស្សនា ព្រឹត្តិការណ៍ច័ន្ទបី​ដំណាក់កាល កើតមាន​ព្រមគ្នា ដូចកាលពីថ្ងៃពុធ​សប្តាហ៍​នេះ​វិញ​​នោះ ​គឺត្រូវចាំរហូត​ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៧ គឺ១៩ឆ្នាំទៀត គិតចាប់ពីពេលនេះតទៅ ហើយសម្រាប់ព្រឹត្តិការណ៍ Blood នៅឆ្នាំ២០១៩ គឺតំបន់អាស៊ី រួមទាំងកម្ពុជារបស់យើង នឹងមិនអាចមើលឃើញនោះឡើយ តែយើងអាចឃើញនូវព្រះច័ន្ទធម្មតា ដែលមានពន្លឺភ្លឺជាងរាល់ដង។

ចំណុចពិសេស៖​ មូលហេតុដែល​គេហៅ ច័ន្ទគ្រាស ទៅជា Blood Moon ឬ Blueblood Moon វិញនោះ គឺមិនមែនអត់​ហេតុផលនោះឡើយ ដោយសារតែ​ព្រឹត្តការណ៍នេះ ជាធម្មតាកើតឡើង​នៅពេលព្រះច័ន្ទ​មានគម្លាត​កៀកនឹង​ផែនដីខ្លាំងជាងសព្វដង ដូច្នេះស្រមោល​ផែនដៅ​ដែលជះ​ទៅផ្ទៃព្រះច័ន្ទ​ទាំងមូល មិនបណ្តាលឲ្យងងឹតស្លុបនោះឡើយ តែវាបាននាំឲ្យយើង​មើលឃើញផ្ទៃព្រះច័ន្ទ​ដែលងងឹត ទៅជាពណ៌ក្រហម​ទៅវិញ។

តាមពិតជាធម្មតា ព្រះច័ន្ទនៅពេលច័ន្ទគ្រាសកើតឡើងពេញលេញ គឺមិនអាចឲ្យភ្នែក​មនុស្សមើលឃើញពន្លឺនោះទេ ព្រោះផ្ទៃរបស់វាទាំងមូល ត្រូវបានបាំងដោយ​ស្រមោលផែនដី នៅពេលផែនដីស្ថិតនៅចន្លោះកណ្តាលត្រង់បន្ទាត់ រវាងព្រះអាទិត្យ និងព្រះច័ន្ទ ហើយនៅ​ពេលដែលយើង​នៅមើលឃើញ​ ផ្ទៃព្រះច័ន្ទក្រហមព្រឿងៗ នោះវាក៏ក្លាយ​ឈ្មោះ​ទៅ​ជាព្រះច័ន្ទ​ក្រហម ឬ Blood Moon វិញ ព្រោះតែ​ស្រមោលភាគល្អិត នៃបរិយាកាស​ស្រោព​ជុំវិញ​ផែនដី ដែលមាន​ពណ៌ក្រហម ជះទៅលើ​ផ្ទៃព្រះច័ន្ទទាំងមូល៕

ប្រភព cambo-space

error: Content is protected !!