ឆាកជីវិត​របស់​ស្ថាបនិក​ក្រុមហ៊ុន​ហុង​ដា​ (Hongda) និងទស្សនៈវិស័យរបស់លោក – Kalib9 សហគ្រិនភាព | Kalib9
kalib9

ឆាកជីវិត​របស់​ស្ថាបនិក​ក្រុមហ៊ុន​ហុង​ដា​ (Hongda) និងទស្សនៈវិស័យរបស់លោក

លោក​ ហុងដា សូអ៊ីជីរ៉ូ (1906-1991) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ហុងដា កើត​នៅ​ខេត្ត​សីហ៊្សឺអូកា ប្រទេស​ជប៉ុន​ ​ក្នុង​ឆ្នាំ​ 1906 ក្នុងគ្រួសារ​ជាង​ស្លដែក។ លោក​ហុងដា​ គឺ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​របស់​ជប៉ុន​ ក្នុង​នាម​ជា​អ្នក​បច្ចេកទេស ​និង​ជា​ប្រ​ធាន​​ក្រុមហ៊ុន។ លោក​ហុង​ដា​ មាន​ទស្សនៈ​ជីវិត​សេរី​និយម​។ លោក​ឲ្យ​តម្លៃ​លើ​គំនិត​ច្នៃ​ប្រឌិត​ប្លែក​ពី​គេ​ និង​រៀន​រស់​ដោយ​ឈរ​លើ​ជំហរ​ខ្លួន​ឯង​។


សៀវភៅ ហុងដាសូអុីជីរ៉ូ
សប្បាយបីយ៉ាង៖ (១) សប្បាយ​ផលិត​ទៅ​តាម​ចំណូល​ចិត្ត។ (២) សប្បាយ​លក់​ គឺ​អ្នក​លក់​ផលិត​ផល​របស់​ក្រុមហ៊ុន​ហុង​ដា​ សប្បាយ​នឹង​លក់​ផលិត​ផល​ដែល​មាន​គុណភាព​ខ្ពស់​ និង​មាន​តម្លៃ​ទាប​។​ ពួក​បាន​បាន​ចំណេញ ​ពួក​គេ​សប្បាយ​នឹង​លក់ (៣) សប្បាយ​ទិញ​ គឺ​អ្នក​ប្រើប្រាស់ ​ទិញ​បាន​ផលិត​ផល​ល្អ​ តម្លៃ​សប​ស្រប​ ទិញ​ប្រើ​ហើយ​មិន​ខុស​បំណង។

គំនិត មានតម្លៃ​ជាង​មូលធន​ ៖ សម័យកាល​កាន់​តែ​រីក​លូត​លាស់​ គំនិត​កាន់​តែ​មាន​តម្លៃ​ជាង​មូលធន។ គំនិត ​ធ្វើ​ឲ្យ​មុខ​របរ​រកស៊ី​កាន់​តែ​រីក​ចម្រើន។ មូលធន​មិន​អាច​ស្ថិត​ស្ថិរ​បាន​ទេ​បើ​គ្មាន​គំនិត។ សម័យកាល​ថ្មី​ គំនិត​ជា​អ្នក​ជំនួស​មូលធន។

 

គំនិតប្លែកពីគេ៖ រូបដែល ពីកាសូ និង ម៉ាទីស គូរ គេឃើញមានគ្រាប់ភ្នែក​នៅ​តែ​មុខ​មួយ​ចំហៀង​ក៏មាន រូបខ្លះ​មាន​ដើម​ឈើ​ជាប់​ជើង​ស្ត្រី​ក៏មាន ដែល​យើង​ធម្មតា​មើល​ទៅ​មិន​យល់​។ គំនូរ​ទាំង​នោះ​ មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ​ឯង​ ដោយ​ប្រើ​នូវ​មនោ​រម្មណ៍​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា។ គំនូរ​ទូទៅ ​ដែល​សិស្ស​រៀន​គូរ​នៅ​សាលា​ គ្រាន់​តែ​គូ​ត្រាប់​តាម​របស់​ដែល​មាន​ស្រាប់​តែ​ប៉ុ​ណ្ណោះ​​​ ពោល​គឺ​ជា​របស់​នៃ​អតីតកាលគ្មាន​អ្វី​ថ្មី និងគ្មាន​អ្វី​ប្លែក។ បច្ចេកទេស ឬ​វិស្វកម្ម​ ក៏​ដូច​គ្នា​ដែរ បើគ្មាន​អ្វី​ប្លែក​ទេ តម្លៃ​រប​ស់​​វា​​ក៏​ទាប​ដែរ។ បើ​យើង​គិត​តែ​ពី​អ្វី​ដែល​ជា​បទ​ពិសោធន៍​អតីតកាល​ យើង​មិន​អាចបង្កើត​​វត្ថុថ្មី ឬ​គំនិត​ច្នៃ​ប្រឌិត​បាន​ឡើយ។

ក្មេង​រប៉ិល​រប៉ូច​៖ មនុស្សចាស់​ច្រើន​តែ​ចង់​បាន​ យុវជន​ស្រគត់​ស្រគំ មិន​លេង​សើច ចេះ​ស្តាប់​គេ​ឯង។ បើ​ខុស​ពី​លក្ខណៈ​នេះ គេ​ហៅថា​ រប៉ិល​រប៉ូច ហើយ​សង្គម​មិនសូវ​ទទួល​ស្គាល់។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា​សង្គម​មនុស្ស​ មាន​លក្ខណៈ​អភិរក្ស​ណាស់។ បើ​បន្ត​ដូច្នេះ​ទៀត ប្រទេស​ជាតិ​ច្បាស់​ជា​លែង​លូត​លាស់​ទៅ​មុខ ព្រោះនៅ​ជុំវិញ​សុទ្ធ​តែ​មនុស្ស​កំសាក មិន​ហ៊ាន​ធ្វើ​ ខ្លាច​ខុស​នេះ ខុស​នោះ ហើយ​យុវជន​នឹង​លែង​មាន​ថាម​ពល។ យុវជន​គួរ​ខំប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បទ​ពិសោធន៍​ច្រើន​ដើម្បី​ពង្រីកគំនិត​ខ្លួន​ ស្វែង​រក​អ្វី​ដែល​ថ្មី ធ្វើ​អ្វី​ៗ​ប្លែក​ពី​គេ​ ជាជាង​ធ្វើ​តាម​តែ​គំនិត​មនុស្ស​ចាស់​ ឬ​ខ្លាច​ខុស​ពី​គំនិត​មនុស្ស​ចាស់។

ធ្វើការសម្រាប់ខ្លួនឯង៖ មិនត្រូវធ្វើការ​សម្រាប់​ក្រុមហ៊ុន​ទេ​ គឺ​ត្រូវធ្វើការ​សម្រាប់​ខ្លូន​ឯង។ ត្រូវ​ដៅ​រួច​ជា​ស្រេច​ថា​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ ខ្លួន​ឯង​មាន​បំណង​ចង់​បាន​អ្វី​ ឬ​ចង់​សម្រេច​អ្វី​។ ខំប្រឹង​ធ្វើការ​ដើម្បី​ខ្លួនឯង សប្បាយចិត្ត​នឹងការងារ ក្រុមហ៊ុន​ក៏ទទួល​បានលទ្ធផល​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។

ទំនាក់ទំនង​មនុស្ស​ សំខាន់​ណាស់៖ កាលពី​ដើម​គេ​បង្រៀន​ថា​ កូនណា​ពូកែ​ចងចាំ​ កូន​នោះ​ពូកែ​ណាស់ កូនណា​ដែល​មិន​ចងចាំ​ទេ កូន​នោះ​មិន​កើត​ទេ​។ នោះ​គឺ​ជា​រឿង​ពីដើម។ សម័យ​ឥឡូវ​ បច្ចេក​វិទ្យា​កុំព្យូទ័រ​ អាច​ជួយ​ចង​ចាំ​ឲ្យ​យើង​បាន​ទាំង​អស់​។ ចង់​ដឹង​រឿង​អ្វី​ ចុច​តែ​ប៊ូតុង​មួយ​ កុំព្យូទ័រ​ប្រាប់​យើង​បាន​ទាំង​អស់។ ដូច្នេះ​ គេ​គួរ​ផ្តោត​លើ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​។ ការងារ​ណា​ដែល​កុំ​ព្យូទ័រ​ធ្វើបាន​ទុក​ឲ្យ​វា​ធ្វើ​ទៅ។ ស្គាល់​គេ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ រឿងណាដែល​យើង​មិន​ដឹង​ យើង​ទូរសព្ទ​សួរគេ​គេប្រាប់​យើង​ភ្លាម។ ដូច្នេះ​យើង​ទទួល​បាន​ព័ត៌មានបានលឿន​រហ័សបំផុត។

Related imageការគ្រប់​គ្រង​រោងចក្រ៖ (១) គោរពទ្រឹស្តី ចាត់​ចែង​សមហេតុផល​ទៅតាម​ទ្រឹស្តី​ដ៏ត្រឹម​ត្រូវ។ (២) គោរព​ពេលវេលា។ (៣) គោរព​ផលិត​ភាព៕

(ស្រង់​ចេញ​ពី​សៀវភៅ​ ហុងដា​សូអ៊ីជីរ៉ូ បម្លែង​សុបិន​ទៅ​ជា​ថាមពល​ ប្រវត្តិរូប​របស់​ខ្ញុំ បកប្រែ​ដោយ​ បណ្ឌិត ស្វាយ ឡេង​)

ប្រភព៖ សាលារៀន