ប្រវត្តិរបស់ ម៉ុងសាយ ដែលយើងតែនិយមទស្សនានៅពេលចូលឆ្នាំចិន – Kalib9 គំនិត | Kalib9
kalib9

ប្រវត្តិរបស់ ម៉ុងសាយ ដែលយើងតែនិយមទស្សនានៅពេលចូលឆ្នាំចិន

ម៉ុយសាយ ត្រូវបានគេស្គាល់ថាជាអរិយធម៌របស់ចិន ដែលនិយមលេងនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិចិនជាហូរហែមិនដែលរំលងឡើយ។ ប៉ុន្តែនៅក្នុងប្រទេសមួយចំនួនក៏មានខ្លះដែរ ព្រោះតែជាប់ខ្សែស្រឡាយជាកូនចៅចិនជាដើម។

 

រឿងទី១៖ ដើមឡើយ មានរឿងមួយតំណាលថា មានព្រះសង្ឃចិនមួយអង្គ បានសុបិនឃើញថា ទុក្ខវេទនានិងបិសាចជាច្រើនប៉ុនប៉ងបំផ្លាញពិភពលោក។ ព្រះសង្ឃអង្គនោះបានបន់ស្រន់ និងសួរទៅព្រះថា ត្រូវធ្វើដូចម្ដេច ដើម្បីការពារមិនឲ្យមានពួកបិសាចទាំងអស់នោះ? ព្រះមានបន្ទូលទៅព្រះសង្ឃអង្គនោះថា សត្វសិង្ហ អាចការពារ និងប្រយុទ្ធនឹងបិសាចទាំងអស់នោះ។ ប្រជាជនចិនមិនធ្លាប់ឃើញសិង្ហពីមុនឡើយ ប៉ុន្តែធ្លាប់ឮរឿងតំណាលៗគ្នាថា “សិង្ហ” គឺជាស្តេចសត្វទាំងអស់។ ដូច្នេះ ព្រះអង្គបានបញ្ចូលតួអង្គសត្វមានសំណាង ឬសត្វទេវកថាទាំងអស់ ហើយបន្ទាប់មកបង្កើតជាម៉ុងសាយ។

រឿងទី២៖ ចំណែកអ្នកខ្លះតំណាលថា កាលពីរាប់រយឆ្នាំមុន មានភូមិតូចមួយនៅចិន ត្រូវគំរាមកំហែងនៅថ្ងៃចូលឆ្នាំថ្មី ដោយក្រុមចោរព្រៃដែលតែងខ្លួនជាសត្វព្រៃចម្លែក។ ក្រុមចោរនេះ បានបន្លាចប្រជាជនឲ្យរត់ចេញ និងលួចរបស់របរក្នុងផ្ទះ និងដីស្រែពួកគេ។ ដោយសារអត់ឃ្លាន អ្នកភូមិក៏បានងើបឈរប្រឆាំងនឹងក្រុមចោរព្រៃមិនស្គាល់មុខនោះ និងបានបង្កើតសំលៀកបំពាក់ក្លែងក្លាយមួយដែល តំណាងឲ្យម៉ុងសាយ (សិង្ហ ឬ តោ)។ សំលៀកបំពាក់នោះធ្វើពីគ្រោងឫស្សី ដោយមានក្រដាសបិទលាបដោយពណ៌ស្រាល។ អ្នកសម្ដែងពីរនាក់ពាក់សំលៀកបំពាក់នេះ និងរាំពេលដែលអ្នកភូមិផ្សេងទៀតវាយគម្របចានឆ្នាំង។ ដោយសារសំលៀកបំពាក់ដ៏ចម្លែកនោះ អ្នកភូមិអាចបន្លាចក្រុមចោរព្រៃនេះឲ្យចេញឆ្ងាយ ហើយពួកគេជឿថា ការសម្ដែងម៉ុងសាយ (របាំម៉ុងសាយ) អាចបណ្ដេញភាពចង្រៃឧបទ្រព និងបន្លាចព្រលឹងបិសាចឲ្យចេញឆ្ងាយ និងនាំយកនូវសំណាងល្អ។ ដើម្បីរំលឹកព្រឹត្តិការណ៍នេះ របាំនេះត្រូវបន្តពីជំនាន់មួយទៅជំនាន់មួយ រហូតមកដល់សព្វថ្ងៃ។

 

រឿងទី៣៖ រឿងព្រេងមួយទៀតតំណាលថា កាលពីព្រេងនាយ មានសិង្ហ (ម៉ុងសាយ ឬ តោ) មួយបង្ហាញខ្លួន នៅក្នុងភូមិមួយ និងធ្វើទុក្ខបុកម្នេញដល់អ្នកភូមិ និងសត្វស្រុក។ ពេលនោះមានគ្រូកុងហ្វូម្នាក់បានមកដល់ភូមិនោះ និងស្ម័គ្រចិត្តចូលក្នុងភ្នំព្រៃក្រាស់ ដើម្បីប្រយុទ្ធជាមួយសិង្ហនោះ។ ការប្រយុទ្ធគ្នាមាន ៣ ដង ប៉ុន្តែគ្រូកុងហ្វូមិនអាចយកឈ្នះឡើយ។ ដូច្នេះ គ្រូនោះបានបង្ហាត់ក្បាច់គុនកុងហ្វូ ដល់អ្នកភូមិមួយចំនួនឲ្យជួយសម្លាប់សិង្ហ។ ប៉ុន្មានខែក្រោយមក ពួកគេឡើងភ្នំសម្លាប់សិង្ហនោះបានដោយជោគជ័យ។ ដើម្បីអបអរដល់ជ័យជម្នះ ពួកគេបានធ្វើតាមចង្វាក់ប្រយុទ្ធជាមួយសិង្ហនោះ ហើយការ
ធ្វើត្រាប់នេះបានក្លាយជារបាំរហូតមកដល់ពេលបច្ចុប្បន្ន។

 

តំណាលរឿងចុងក្រោយ គឺថាអធិរាជចិន ព្រះអង្គឈីង នៃរជ្ជកាលឈីង បានសុបិនឃើញរបាំងសិង្ហ។ បន្ទាប់មកក៏បញ្ជាដល់អង្គរក្សនៅរាជវាំង សម្ដែងតាមអ្វីដែលដូចក្នុងសុបិនរបស់ព្រះអង្គ៕

អត្ថបទដោយ៖ Lau Vann