សញ្ញាព្រមាន​ទាំង៥​ ដែល​បញ្ជាក់ថា​ អ្នក​សម្រេចចិត្ត​មិនបានល្អ – Kalib9 គំនិត សហគ្រិនភាព | Kalib9
kalib9

សញ្ញាព្រមាន​ទាំង៥​ ដែល​បញ្ជាក់ថា​ អ្នក​សម្រេចចិត្ត​មិនបានល្អ

ផ្លូវសហគ្រិនរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ ប៉ុន្តែកំហុសឆ្គងមានលក្ខណៈដូចគ្នា។ ការបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន គឺជាពលកម្មនៃក្តីស្រឡាញ់។ អ្នកបានប្តេជ្ញាចិត្ត ដើម្បីបោះជំហានដើរដោយខ្លួនឯង។ បន្ទាប់មកអ្នកក៏ប្រឈម នឹងបញ្ហាពិតប្រាកដ គឺរបៀបបង្កើតប្រាក់ចំណូល ដោះស្រាយបំណុល និងផ្តល់គុណតម្លៃ ជូនអតិថិជន។ ដើម្បីសម្រេចចិត្តបានល្អ អ្នកត្រូវតែជៀសឱ្យផុត ពីការធ្លាក់ចូលក្នុងអន្ទាក់ទាំង៥នេះ​៖


១. ភាពឥតខ្ចោះ

គ្មានរឿងដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែមានផ្លូវធ្វើឱ្យប្រសើរជានិច្ច។ ការងុបងុលនឹងគំនិតចង់បានភាពល្អឥតខ្ចោះ នឹងទាញអ្នកទម្លាក់រណ្តៅ ដែលមិនអាចងើបរួច។ ឈប់រស់នៅក្នុងក្តីស្រមៃ នៃមនោគតិ ហើយចាប់ផ្តើមរស់ជាមនុស្សប្រាកដនិយម។ អភិវឌ្ឍខ្លួនជានិច្ច ដើម្បីដើរឱ្យទាន់ដំណើរបត់បែន នៃស្ថានភាពជុំវិញខ្លួន ទាំងក្នុងទំនាក់ទំនង និងទីផ្សារ។

២. ការតម្អែតម្អង់មិនព្រមចាប់ផ្តើម

ការសម្រេចចិត្តមិនបានល្អ មានរូបរាងកាន់តែច្បាស់ នៅពេលអ្នកព្រងើយកន្តើយ ក្នុងការអនុវត្តសកម្មភាពជាក់ស្តែង ដែលពាណិជ្ជកម្មរបស់អ្នក ត្រូវការចាំបាច់ ជាពិសេសនៅពេលអ្នក មិនចូលចិត្តធ្វើ។ គ្មានលេសក្នុងការមិនព្រមធ្វើកិច្ចការ ដែលត្រូវធ្វើនោះទេ។ ធ្វើជាម្ចាស់ការលើកិច្ចការគ្រប់យ៉ាង ហើយទទួលខុសត្រូវ ចំពោះចាប់ផ្តើមនិងបង្ហើយការងារ ទាំងអស់នោះផង។

៣. មិនស្រេកឃ្លានឱ្យដល់កម្រិត


ខណៈដែលអ្នកប្តេជ្ញាចិត្តធ្វើជាសហគ្រិន អ្នកត្រូវតែមានផ្នត់គំនិតរីកចម្រើន គឺផ្នត់គំនិតដែលប្រាប់ថា គ្មានពាក្យថាគ្រប់គ្រាន់នោះទេ។ អ្នកត្រូវតែស្រេកឃ្លានជានិច្ច ពីព្រោះអ្នកមិនអាចដឹងបានទេថា តើគ្រាប់ពូជឱកាសមួយណា ដែលនឹងលូតលាស់បាន។ សហគ្រិនឆ្លងកាត់ភាពមិនច្បាស់លាស់ និងស្ថានភាពដែលមិនអាចទាយដឹងមុនជានិច្ច ក្នុងការស្វែងរកឱកាស។ ការស្រេកឃ្លាន គឺជាការបង្កើតឥទ្ធិពល បង្កើតភាពខុសគ្នា និងការស្វែងរកមធ្យោបាយ បន្តដំណើរទៅមុខ។

៤. កង្វះខាតការយកចិត្តទុកដាក់លើកិច្ចការលម្អិត

សហគ្រិនដែលមិនចំណាយពេលយល់ដឹង អំពីភាពលម្អិតក្នុងកិច្ចការគ្រប់យ៉ាង ដែលគេធ្វើនិងរបៀបធ្វើកិច្ចការទាំងនោះ គឺជាមនុស្សដែលមិនអាចធ្វើកិច្ចការ បានប្រសិទ្ធភាពទេ ហើយក៏មិនអាចសម្រេចចិត្ត បានសមហេតុផលដែរ។ ការយកចិត្តទុកដាក់លើកិច្ចការលម្អិត តម្រូវឱ្យអ្នកសួរសំណួរខ្លួនឯងច្រើនណាស់ និងត្រូវតែធ្វើខ្លួនជាសិស្សជានិច្ច ដើម្បីយល់ដឹងឱ្យកាន់តែប្រសើរ រឿងគ្រប់យ៉ាង។

៥. មិនចំណាយពេលគ្រប់គ្រាន់ក្នុងការគិតឱ្យល្អិតល្អន់

វេលាកន្លងទៅរហ័សណាស់ នៅពេលអ្នកធ្វើជាសហគ្រិន ជាពិសេសនៅពេលដែលអ្នកកំពុងតែ ស្ថិតនៅក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ។ កុំបណ្តោយឱ្យភាពរវល់ក្នុងកិច្ចការរារាំង អ្នកពីការចំណាយពេលគិត ឱ្យល្អិតល្អន់គ្រប់ជ្រុងជ្រោយ ក្នុងការស្វែងរកមធ្យោបាយល្អបំផុត ដើម្បីអនុវត្តទំនួលខុសត្រូវ និងដោះស្រាយសម្ពាធផ្លូវអារម្មណ៍។ នៅពេលអ្នកមានវិន័យចំពោះខ្លួនឯង ក្នុងការក្លាយជាអ្នកពូកែគិត បែបល្អិតល្អន់ អ្នកនឹងក្លាយជាមនុស្សពូកែ គិតជាក់ជាមិនខាន។

ប្រភព​៖ Entrepreneur

error: Content is protected !!