អាកាសចរណ៍លំដាប់ខ្ពស់និងថ្លៃបំផុតទាំង១០នៅក្នុងពិភពលោក – Kalib9 ប្លែកៗ | Kalib9
kalib9

អាកាសចរណ៍លំដាប់ខ្ពស់និងថ្លៃបំផុតទាំង១០នៅក្នុងពិភពលោក

ការធ្វើដំណើរតាមផ្លូវអាកាស (យន្តហោះ) គឺជាមធ្យោបាយធ្វើដំណើរដែលលឿន និងងាយស្រួលបំផុតសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។ ក្នុងនោះដែរ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនេះ ជាមួយនិងតម្លៃ និងកម្រិតគុណភាពសេវាកម្មផ្សេងៗគ្នាចាប់ពីលំដាប់ទាបសមរម្យដល់លំដាប់ខ្ពស់។ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ជាច្រើន មានមួយចំនួនគឺមានលំដាប់ខ្ពស់និងថ្លៃ ដែលអ្នកដំណើរត្រូវចំណាយលុយជាច្រើន ប៉ុន្តែក៏ទទួលបានមកវិញនូវការផ្តល់សេវាកម្មយ៉ាងល្អពិសេសផងដែរ។ តើអាកាសចរណ៍ណាខ្លះដែលមានលំដាប់ខ្ពស់និងថ្លៃបំផុតបែបនេះ?

10. Qantas

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្រ្តាលីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២០ ពោលគឺស្ថិតក្នុងចំណោមអាកាសចរណ៍ដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក។ វាមានទិសដៅធ្វើដំណើរអន្តរជាតិជាច្រើន និងទទួលបានពានរង្វាន់ជាច្រើនខាងផ្នែកផ្តល់សេវាកម្មលំដាប់ថ្នាក់ពិភពលោកដល់អតិថិជន។

9. Garuda Indonesia

វាជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ ហើយបច្ចុប្បន្នត្រូវបាន Skytrax ផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយប្រាំ និងទទួលបានពានរង្វាន់ជាច្រើនសម្រាប់គុណភាពសេវាកម្មរបស់ក្រុមហ៊ុន។

8. Eva Air

អាកាសចរណ៍នេះបើកប្រតិបត្តិការចាប់តាំងពីឆ្នាំ១៨០០​ ក្នុងប្រទេសជាង៥៥ ហើយល្បីឈ្មោះខាងសេវាកម្មដឹកជញ្ជូនទំនិញ។ វាស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែល Skytrax វាយតម្លៃឱ្យស្ថិតក្នុងលំដាប់ផ្កាយប្រាំ។

7. ANA (All Nippon Airways)

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននេះបង្កើតឡើងនៅឆ្នាំ១៩៥២ ហើយត្រូវបានវាយតម្លៃជាអាកាសចរណ៍លំដាប់ផ្កាយប្រាំរយៈពេល៤ឆ្នាំជាប់គ្នា។ អាកាសចរណ៍នេះផ្តល់ជូននូវការហោះហើរលំដាប់ First-class ដែលមានតម្លៃថ្លៃបំផុត និងសេវាកម្មយកចិត្តទុកដាក់ដ៏ល្អបំផុតសម្រាប់លំដាប់ធម្មតាផងដែរ។

6. Etihad Airways

វាជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែកក្កដា ឆ្នាំ២០០៣។ ក្រុមហ៊ុននេះមានការហោះហើរទៅកាន់១២៦គោលដៅ ជាមួយនិងការហោះហើរជាង១,០០០ក្នុងមួយសប្តាហ៍។

5. Emirates

វាជាក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋាននៅឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលបច្ចុប្បន្នជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅតំបន់មជ្ឈិមបូព៌ា។ ក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៨៥។

4. Turkish Airline

វាស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក ខាងផ្នែកសេវាកម្មនិងភាពឆើតឆាយល្អជាទីគាប់ចិត្ត។ ក្រុមហ៊ុននេះប្រតិបត្តិការក្នុងទ្វីបចំនួន៦ ហោះហើរចេញពីប្រទេសទួរគីទៅកាន់គោលដៅចំនួន២៨០។

3. Cathay Pacific Airways

អាកាសចរណ៍នេះមានមូលដ្ឋាននៅហុងកុង និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៤៦ ។ តម្លៃហោះហើរសម្រាប់លំដាប់ First-class គឺប្រហែល៣១,០០០ដុល្លារអាមេរិក។ ក្រុមហ៊ុននេះក៏ទទួលបានពានរង្វាន់ Best Airline Premium Economy Class ផងដែរ។

2. Singapore Airline

ក្រុមហ៊ុនអាកាសចរណ៍របស់សិង្ហបុរីមួយនេះមានយន្តហោះដែលធំទូលាយ និងប្រណិតនៅក្នុងពិភពលោក។ នៅឆ្នាំ២០១៦ អាកាសចរណ៍នេះទទួលបានពានរង្វាន់ស្ទើរគ្រប់ប្រភេទ ដោយសារការវាយតម្លៃល្អខ្ពស់ពីអតិថិជន។ វាចាប់ផ្តើមសេវាកម្មដំបូងនៅឆ្នាំ១៩៤៧ ក្នុងនាមជា Malayan Airways។

Qatar Airways

នេះជាអាកាសចរណ៍លំដាប់ខ្ពស់ និងថ្លៃបំផុតក្នុងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតានេះចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៤ ដោយរដ្ឋាភិបាលប្រទេសកាតា។ វាមានគោលដៅហោះហើរចំនួន១៥០ ទទួលបានពានរង្វាន់ជាច្រើន និងស្ថិតក្នុងលំដាប់ផ្កាយប្រាំ។

ប្រភព៖ The Daily Records