ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងតែសហការគ្នាប្រយុទ្ធនឹងការញៀនបច្ចេកវិទ្យា – Kalib9 គំនិត | Kalib9
kalib9

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងតែសហការគ្នាប្រយុទ្ធនឹងការញៀនបច្ចេកវិទ្យា

មជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យា​មនុស្ស​នឹងផ្តោត​កិច្ច​ប្រឹង​ប្រែង​លើអ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​វ័យក្មេង​តាម​រ​យៈការ​ធ្វើយុទ្ធនា​ការផ្សព្វផ្សាយ​តាម​សាលា​អំពីផល​ប៉ះពាល់​អវិជ្ជមាន​របស់​បច្ចេក​វិទ្យា និងបណ្តាញ​សង្គម។

ដល់ពេលដែលត្រូវនិយាយអំពីការញៀន​នឹង​បច្ចេក​វិទ្យា​ហើយ។ ក្រុម​មេដឹកនាំ​ខាង​បច្ចេក​វិទ្យា និងក្រុម​អ្នកជំនាញ​ខាង​បណ្តាញសង្គម​បានជួប​ប្រជុំគ្នា​ក្នុង​ពេលថ្មីៗ​នេះ​ពិភាក្សា​អំពី​គ្រោះថ្នាក់​និងផល​ប៉ះពាល់​មិនល្អ​លើ​សង្គម​ដែលញៀន​នឹងអ៊ីនធឺណេត។ ពេល​នេះ​មនុស្ស​មួយ​ក្រុម​ដែល​ជាអតីត​អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន ​Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google កំពុងតែ​សហការគ្នា​បង្កើត​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការញៀន​បច្ចេក​វិទ្យា​ដោយ​បង្កើត​ស្ថាប័ន​មួយ​ឈ្មោះថា​មជ្ឈមណ្ឌល​សម្រាប់បច្ចេក​វិទ្យា​មនុស្ស (Center for Humane Technology)។

មជ្ឈមណ្ឌលនេះ​បានប្រមូលផ្តុំ​មេដឹកនាំ​និងលើក​កម្ពស់​ការយល់​ដឹង​តាំង​ពីឆ្នាំ​២០១៤​មកម៉្លេះ ប៉ុន្តែគេ​ទើបតែ​ប្រកាស​គំនិត​ផ្តួចផ្តើម​សំខាន់ៗថ្មីៗ​ជាច្រើន។ កិច្ចប្រឹងប្រែង​មួយ​ក្នុង​ចំណោម​កិច្ច​ប្រឹងប្រែង​ដែលគេ​នឹង​ចាប់ផ្តើម​អនុវត្តនា​ពេល​ឆាប់ៗ​នេះ​គឺយុទ្ធនា​ការ​ផ្សព្វផ្សាយ​ប្រឆាំង​បច្ចេកវិទ្យា​នៅតាម​សាលារៀន​រដ្ឋ​ចំនួន​៥៥.០០០សាលា​​ក្នុង​សហរដ្ឋ​អាមេរិក។

យុទ្ធនាការ​ដែលមាន​ឈ្មោះថា “ការពិត​អំពី​បច្ចេកវិទ្យា”​ ត្រូវគេ​ច្នៃបង្កើត​ឡើង​ដើម្បី​ប្រាប់​អាណាព្យា​បាល គ្រូ​បង្រៀន និង​សិស្សអំពី​ផលប៉ះពាល់​មិនល្អ​របស់​បច្ចេកវិទ្យា។ ជាពិសេស​សម្ព័ន្ធ​បារម្ភ​ពេលវេលា​ដែលកុមា​រ​​ងប់ងុល​នឹង​កញ្ចក់​ទូរសព្ទ ឬឆ្លើយ​ឆ្លង​លើបណ្តាញ​ស​ង្គម​តាមរយៈ​ការគាំទ្រ​និងចែក​រំលែកតៗ​គ្នា​ដែលជា​មូលហេតុ​មួយ​នាំ​ទៅ​រក​បញ្ហា​ផ្លូវអារម្មណ៍​ដូចជា​ការនៅ​មិន​សុខ សម្ពាធ​ផ្លូវចិត្ត ការមិន​អាច​យក​ចិត្តទុកដាក់​ផ្តោត​លើកិច្ចការ​អ្វីមួយ​បានយូរ ការមិន​បានគេង​គ្រប់គ្រាន់ និងផល​ប៉ះពាល់ដំណើរ​អភិវឌ្ឍ​សុខភាព​ផ្នែក​សង្គម​របស់កុមារ។

គេហទំព័ររបស់មជ្ឈមណ្ឌល​នេះ​សរសេរថា “សង្គម​របស់យើង​កំពុងតែ​រងការ​ទន្ទ្រាន​ពីបច្ចេក​វិទ្យា។ រឿង​ដែល​កើតចេញ​ពីការប្រជែង​គ្នា​ដើម្បីរក​លុយ​ពេលនេះ​កំពុងតែ​ធ្វើឱ្យ​ពុកផុយ​សសរស្តម្ភ​នៃសង្គម​របស់យើង ខុសភាព​ផ្លូវចិត្ត លទ្ធិប្រជាធិបតេយ្យ ​ទំនាក់ទំនង​សង្គម និងកុមារ​របស់យើង”។

ក្រុមអ្នកធ្វើយុទ្ធនាការ​ទាំងនេះ​ក៏អំពាវនាវ​ដល់ក្រុមហ៊ុន​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ដូចជា Apple និង Samsung និងក្រុមហ៊ុន​កម្មវិធី​បណ្តាញ​សង្គម​ដូចជា Facebook និង Snapchat ជាដើម​កែច្នៃ​ឧបករណ៍​និង​កម្មវិធី​របស់ពួកគេ​ឡើងវិញ​ដើម្បី​ការពារ​កុំឱ្យមាន​ការរំខាន​ញឹកញាប់​ដល់ចិត្ត​មនុស្ស កាត់បន្ថយ​ពេលវេលា​ចំណាយ​លើឧបករណ៍​ទាំងនោះ និងការពារ​ពេល​វេលាក្នុង​ទំនាក់ទំនង​ពិតប្រាកដ។

ប្រភព​៖ Entrepreneur