ការពិតទាំងបីដែលគេច្រើនតែយល់ច្រឡំអំពីជីវិតសហគ្រិន – Kalib9 សហគ្រិនភាព | Kalib9
kalib9

ការពិតទាំងបីដែលគេច្រើនតែយល់ច្រឡំអំពីជីវិតសហគ្រិន

សហគ្រិនជាពាក្យដែលគេឮមនុស្សនិយាយច្រើន​ណាស់​សព្វ​ថ្ងៃនេះ។ មនុស្ស​ជា​ច្រើន​គិត​ថា​ការធ្វើ​ជា​សហគ្រិន​ នឹង​អាច​ផ្តល់​សេរីភាព​ឱ្យ​គេ​អាច​ក្រោក​ពីគេ​ងពេល​ណា​ក៏បាន​ តាម​ការ​ចូល​ចិត្ត​របស់គេ ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចាំ​ជេរស្តី។ ប៉ុន្តែ​សហគ្រិន​ពិតប្រាកដ​មិនមែន​ជាមនុស្ស​គិត​បែប​នេះទេ។ មុននឹង​សម្រេច​ចិត្ត​ដើរ​លើផ្លូវ​របស់​សហគ្រិន អ្នកត្រូវ​ពិចារណា​កត្តា​ទាំងបី​នេះ​ឱ្យបាន​ច្បាស់លាស់​សិន​៖

១/ ទោះជាមិនមាន​ចៅហ្វាយ​នាយ ក៏អ្នកត្រូវ​ឆ្លើយ​តបទៅ​ម​នុស្ស​ជាច្រើន​ដែរ
អ្នកត្រូវតែមានវិន័យយ៉ាងតឹងរឹង​បំផុត​ក្នុង​ការ​ធ្វើ​ជា​សហ​គ្រិន។ គ្មាន​នរណា​ម្នាក់​ចាំដឹក​ដៃអ្នកទេ ហើយ​ក៏គ្មាន​នរណា​ម្នាក់​ចាំនិយាយ​លើក​ទឹក​ចិត្ត​អ្នក​គ្រប់​ពេល​ដែល​ជួប​បញ្ហា​ដែរ។ អ្នកត្រូវតែ​ក្រោក​ពីព្រឹក​ដោយ​មាន​ឆន្ទៈ​ពុះពោ​ចង់​ធ្វើការ។ អ្នកគ្មានចៅ​ហ្វាយ​នាយ​ចាំ​បញ្ជា​មែន ប៉ុន្តែ​អ្នកមាន​មនុស្ស​ជាច្រើន​ចាំសួរ​ឱ្យអ្នក​ឆ្លើយ និងមាន​រឿង​ជាច្រើន​រង់ចាំ​អ្នក​សម្រេច​ចិត្ត។

តើអ្នកយកដើមទុន​ពីវិនិយោគិន​មក​បើក​ពាណិជ្ជ​កម្ម​មែនទេ? បើមែន​អ្នក​ត្រូវត្រៀម​ខ្លួន​និង​របាយការណ៍ចាំឆ្លើយ​តប​នឹងគេឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​គ្មាន​នរណា​ម្នាក់ចង់​បោះលុយ​ចោល​ដោយគ្មាន​ផល​ចំណេញ​អ្វីសោះទេ។

តើអ្នកមានអតិថិជនទេ? តើអ្នកមាន​អ្នក​ផ្គត់ផ្គង់​ទេ? មនុស្ស​ទាំងអស់​នេះ​នឹងត្រូវ​ស្ថិតនៅ​លើបញ្ជី​ទំនាក់ទំនង​របស់​អ្នក​ញឹកញាប់​ដើម្បី​ធានា​ដល់​ចង្វាក់​ផលិតកម្ម​ទៀង​ទាត់​និងមិន​រអាក់រអួល។​ ផ្លូវនេះមិនមែ​ងាយស្រួល​ដើរទេ ហើយក៏​មាន​ថ្ងៃខ្លះ​ដែលអ្នក​ប្រាថ្នា​ចង់​មាន​ចៅហ្វាយ​នាយ​វិញដែរ។

២/ ការគិតថាអ្នកបង្កើតពេលវេលា​ដោយខ្លួនឯង​ជារឿង​យល់ខុស​ស្រឡះ
ពិតណាស់ថាអ្នកអាចកំណត់ម៉ោងពេលធ្វើការ​ដោយ​ខ្លួនឯង​បាន ប៉ុន្តែ​សហគ្រិន​ធ្វើការ​មួយ​ថ្ងៃតែ​ពីរបី​ម៉ោង​ហើយ​យក​ពេលទៅ​ដើរ​កម្សាន្ត​មាន​ចំនួន​តិចនាក់​ណាស់។ សហគ្រិន​ភាគច្រើន​តាំងពី​ពេល​ចាប់ផ្តើម​ប​ង្កើត​ពាណិជ្ជ​កម្ម​រហូត​ដល់ពេល​គេ​មានចំ​ណូល​រាប់​លាន​ក៏នៅតែ​បន្ត​ធ្វើការ​ច្រើន​ម៉ោង​ជាង​បុគ្គលិក​ធម្មតា ដើម្បីធានាថា​ផល​ចំណេញ​នឹង​នៅតែ​បន្ត​រីកចម្រើន​ថែមទៀត​។ អ្នកអាច​នឹងមាន​សេរីភាព​ខ្លះដែរ ប៉ុន្តែ​សេរីភាព​នេះ​នឹង​កើតឡើង​លុះត្រា​អ្នកចំណាយ​ពេល​និងកម្លាំង​ព្យាយាម​ដល់កម្រិត​មួយ​ជាមុន​សិន។

៣/ អ្នកប្រហែលមិនអាចក្លាយ​ជាមនុស្ស​មាន​ទ្រព្យស្តុកស្តម្ភ​បានទេ
ពិតណាស់ថា​សហគ្រិនខ្លះ​ក្លាយ​ជាអ្នក​មាន​ទ្រព្យច្រើន ដូចជា​លោក Jeff Bezos ជាដើម។ ប៉ុន្តែ​បើមើល​ឱ្យហួសនេះ​បន្តិច អ្នកនឹង​ឃើញ​សហគ្រិន​ជាច្រើន​នាក់​កំពុងតែ​ពុះពារ​តស៊ូ​ដើម្បី​សម្រេច​សុបិន្ត ហើយរស់នៅ​ក្នុងស្ថានភាព​ដុនដាប។ គេទុក​សុខ​មាលភាព​ផ្ទាល់ខ្លួន​និងគ្រួសារ​មួយដុំ ដើម្បី​ផ្តោតតែ​លើការ​រត់​តាម​សុបិន្ត។

បើអ្នកចង់ក្លាយ​ជាសហគ្រិន​ដោយ​បំណង​តែមួយ​គត់​គឺចង់​ក្លាយ​ជាអ្នកមាន អ្នកប្រហែល​បរាជ័យ​មុនពេល​ចាប់ផ្តើម​ទៅទៀត។ មាន​ពាណិជ្ជ​កម្ម​ថ្មីច្រើន​ណាស់​ដែល​​ដួលរលំ ហើយ​សហគ្រិន​ជោគជ័យ​សុទ្ធតែ​យល់ច្បាស់​ថា​ ទ្រព្យ​សម្បត្តិ​និង​លុយ​កាក់​គ្រាន់​តែជាអនុផល​​មួយ​​ផ្នែក​នៃ​បញ្ហាធំ ដែល​គេព្យាយាម​ដោះស្រាយ​ប៉ុណ្ណោះ។

ប្រភព​៖ Entrepreneur