ចម្ងល់ប្លែកៗគួរឲ្យចាប់អារម្មណ៍ដែលមនុស្សស្វែងរកចម្លើយតាមGoogle – Kalib9 ប្លែកៗ | Kalib9
kalib9

ចម្ងល់ប្លែកៗគួរឲ្យចាប់អារម្មណ៍ដែលមនុស្សស្វែងរកចម្លើយតាមGoogle

ក្មេងៗតែងមានចម្ងល់មិនចេះចប់ ហើយចម្ងល់ខ្លះប្លែកពេក ដែលធ្វើឲ្យឪពុកម្តាយ ឬមនុស្សធំមិនអាចឆ្លើយបាន ហើយត្រូវស្វែងរកចម្លើយតាមអ៊ិនធឺណេត។ យ៉ាងណាក៏ដោយ មិនមែនមានតែក្មេងនោះទេដែលមានចម្ងល់ប្លែកៗ សូម្បីមនុស្សធំក៏ដូចគ្នាដែរ ហើយក៏ចង់ដឹងចម្លើយផងដែរ។ តួយ៉ាងខាងក្រោមនេះ ជាចម្ងល់ប្លែកៗគួរឲ្យចាប់អារម្មណ៍ដែលមនុស្សស្វែងរកចម្លើយតាមGoogle។

ហេតុអ្វីបានជាយើងឡើងដូចពកតូចៗលើស្បែក ឬព្រឺរោម?

វាបណ្តាលមកពីការរួមខ្ជឹបនៃរន្ធរោម។ ជាទូទៅ ស្បែករបស់យើងនឹងមានលក្ខណៈបែបនេះនៅពេលយើងស្ថិតនៅក្នុងអាកាសធាតុត្រជាក់ ឬស្ថានភាពដែលរំភើប ឬរំជួលចិត្តខ្លាំង។ វាបណ្តាលមកពីការបញ្ចេញអរម៉ូន Adrenaline ដោយមិនដឹងខ្លួន។

ហេតុអ្វីយើងមិនស្គាល់សម្លេងរបស់ខ្លួនយើងនៅក្នុងសម្លេងដែលថតហើយ?

ចម្លើយគឺសមត្ថភាពរបស់ឆ្អឹងយើងក្នុងការនាំសម្លេង។ ដៃគូសន្ទនារបស់យើងស្តាប់លឺតែសម្លេងដែលនាំមកដោយខ្យល់ប៉ុណ្ណោះ ហើយឧបករណ៍ថតសម្លេងក៏ដូចគ្នា។ សម្លេងដែលយើងស្តាប់លឺ គឺជាការរួមបញ្ចូលគ្នានៃសម្លេងធម្មតានិងប្រេកង់សម្លេងទាបដែលបញ្ជូនដោយឆ្អឹងលលាដ៏ក្បាលរបស់យើង។

ហេតុអ្វីបានយើងឈឺក្បាលនៅពេលផឹក ឬញុំាអ្វីដែលត្រជាក់?

នេះប្រហែលកត់សម្គាល់ឃើញថា ពេលអ្នកញុំាការ៉េម ពេលខ្លះមានអារម្មណ៍ថាឈឺក្បាល។ ការឈឺក្បាលនេះមានទំនាក់ទំនងនឹងការរួមខ្ជឹប ឬការឡើងហើមប៉ោងនៃសរសៃឈាមនៅក្រអូមមាត់លើនៅពេលដែលត្រូវនឹងសីតុណ្ហភាពត្រជាក់។

ហេតុអ្វីបានស្បែកយើងឡើងខ្មៅ ហើយសក់ឡើងភ្លឺនៅពេលយើងនៅក្រោមព្រះអាទិត្យ?

ក្នុងករណីទាំងពីរនេះ ព្រះអាទិត្យបំបែកជាតិមេឡានីន (សារធាតុសំខាន់ដែលកំណត់ពណ៌ស្បែក និងសក់)។ នៅពេលជាតិពណ៌នេះត្រូវបំបែក វាមិនមានបន្ថែមជាតិមេឡានីនលើសក់នោះទេ ដែលធ្វើឲ្យសក់ឡើងភ្លឺ ប៉ុន្តែវាបន្ថែមជាតិមេឡានីនច្រើនដល់ស្បែក ដែលធ្វើឲ្យពណ៌ស្បែកឡើងខ្មៅ។

ហេតុអ្វីពេលវេលាកន្លងផុតទៅយ៉ាងយឺតសម្រាប់ក្មេង?

វាប្រហែលមកពីក្មេងត្រូវចងចាំព្រឹត្តិការណ៍ច្រើនជាងមនុស្សធំ។ ក្មេងទើបតែចាប់ផ្តើមស្គាល់ពិភពជុំវិញខ្លួន ហើយការចងចាំរបស់ពួកគេត្រូវប្រមូលទិន្នន័យច្រើនជាង។ ដូចនេះ ក្នុងមួយឆ្នាំ ព្រឹត្តិការណ៍ដែលក្មេងត្រូវចាំមានចំនួនច្រើនជាងមនុស្សធំ។

ហេតុអ្វីភ្នែកយើងមិនឡើងត្រជាក់ នៅពេលដែលយើងនៅក្នុងអាកាសត្រជាក់ស្ទើរកក?

គ្មានកោសិកាសរសៃប្រសាទសម្រាប់ទទួលសីតុណ្ហភាពនៅក្នុងភ្នែករបស់យើងនោះទេ។ ផ្នែកធំបំផុតនៃគ្រាប់ភ្នែកគឺស្ថិតនៅក្នុងលលាដ៏ក្បាល​ ហើយវាត្រូវបានរក្សាកម្តៅដោយលំហូរឈាមនៅខាងក្នុង។

ហេតុអ្វីយើងបិទភ្នែកនៅពេលញុំាក្រូចឆ្មារ?

វាប្រហែលជារំញោចដែលមានតាំងពីដូនតាមក។ តាមពិតទៅភ្នែករបស់យើងបិទគឺដើម្បីការពារមិនឲ្យជាតិជូរនៃទឹកក្រូចឆ្មារចូលទៅក្នុងភ្នែក ព្រោះថាជាតិជូរនេះអាចប៉ះពាល់ដល់ជាតិរំអិលនៃភ្នាសភ្នែក (ស្រទាប់ស្បែកស្តើងនៅក្នុងភ្នែក)។

ហេតុអ្វីសត្វព្រាបទីក្រុងមិនទំលើដើមឈើ?

សត្វព្រាបក្នុងទីក្រុងមានទម្លាប់ធម្មជាតិមួយគឺឈរឬអង្គុយនៅលើទីវាលថ្មដែលគ្មានដើមឈើ។ អវៈយវៈជើងរបស់វាអាចឲ្យវាទំលើដើមឈើបាន ប៉ុន្តែពួកវាមិនមានទម្លាប់បែបនោះទេ។

ហេតុអ្វីវត្ថុពណ៌ខ្មៅមានជាប់ធូលីពណ៌ស ហើយវត្ថុពណ៌សមានជាប់ធូលីពណ៌ខ្មៅវិញ?

ការពិតទៅ ធូលីទូទៅគឺមានពណ៌ប្រផេះ ប៉ុន្តែដោយសារទំហំដ៏តូចរបស់វា ទើបយើងមិនអាចមើលឃើញពណ៌ពិតប្រាកដរបស់វា។ យើងគ្រាន់តែអាចមើលឃើញថា ចំណុចឬធូលីដែលជាប់នោះវាមានពណ៌ភ្លឺជាង ឬងងឹតជាងពណ៌វត្ថុដែលវាទំជាប់នោះ។ ជាក់ស្តែងពណ៌ប្រផេះគឺភ្លឺជាងពណ៌ខ្មៅ ដូចនេះយើងមើលឃើញធូលីថាពណ៌ស។

ហេតុអ្វីសត្វ Raccoon សំអាតអាហាររបស់វា?

សត្វ Raccoon ជាញឹកញាប់បានអាហារពីក្នុងទឹក និងបរិស្ថានជុំវិញ ដូចនេះវាអាចមានភក់ និងវារីជាតិមួយចំនួននៅជាប់នឹងអាហារ ដែលវាព្យាយាមសំអាតចេញ។ មូលហេតុមួយទៀតគឺសត្វនេះប្រហែលជាសំលាប់រំពា​ (អាហារដែលវាចាប់បាន) ដោយវិធីនេះក៏ថាបាន។

ហេតុអ្វីបក្សីហើរជាទម្រង់អក្សរ V?

បក្សីហើររបៀបនេះដើម្បីសន្សំថាមពល ដោយក្នុងបក្សីដែលហើរនៅជួរមុខបង្កើតនូវខ្យល់កួចពិសេសដោយប្រើស្លាបរបស់វា ហើយបក្សីដែលហើរនៅជួរក្រោយចាប់យកនូវកម្លាំងខ្យល់កួចនេះដើម្បីហើរដោយមិនបាច់ចំណាយថាមពលច្រើន (សន្សំថាមពល)។ មូលហេតុមួយទៀត គឺទម្រង់បែបនេះជួយឲ្យបក្សីទាំងអស់អាចមើលឃើញមេរបស់ខ្លួន ដែលតែងតែហើរនាំមុខ។

ហេតុអ្វីសត្វកាំប្រម៉ាដាក់ផ្លែប៉ោមនៅលើខ្នង?

វាគ្រាន់តែជារឿងប្រឌិត ឬរូបភាពក្នុងសៀវភៅសម្រាប់ក្មេងៗ។ សត្វនេះមិនចាប់អារម្មណ៍នឹងបន្លែផ្លែឈើនោះទេ វាជាសត្វដែលស៊ីសត្វល្អិតជាអាហារ។ ពេលដែលវាឃើញសត្វល្អិតនៅលើបន្លែ ឬផ្លែឈើ វានឹងស៊ីទាំងអស់តែម្តង ប៉ុន្តែចេតនាពិតរបស់វាគឺមិនមែនស៊ីបន្លែឬផ្លែឈើនោះទេ។ ប្រសិនបើឃើញស្លឹកឈើជាប់នៅលើខ្នងសត្វនេះ វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។

ហេតុអ្វីកូនអូរ ព្រែកតូចៗបញ្ចេញសម្លេង?

សម្លេងលឺឡើងនៅពេលបណ្តុំខ្យល់ត្រូវចាប់បានដោយខ្សែទឹកហូរ ហើយបន្ទាប់មកក៏បែកខ្ចាយសម្លេង បង្កើតបានជាសម្លេងផ្សេងៗ។

ហេតុអ្វីបានជាយើងមានអាការៈពុលចង់ក្អួតពេលធ្វើដំណើរ?

អាការៈបែបនេះកើតឡើងព្រោះខួរក្បាលរបស់អ្នកទទួលព័ត៌មានផ្ទុយគ្នាពីផ្នែកផ្សេងៗនៃខ្លួនរបស់អ្នក។ ឧទាហរណ៍ ពេលអ្នកនៅក្នុងនាវា ត្រចៀកខាងក្នុងរបស់អ្នកមានអារម្មណ៍ដឹងពីចលនានៃទឹករលក ប៉ុន្តែភ្នែករបស់អ្នកមិនឃើញវានោះទេ។ ខួរក្បាលព្យាយាមធ្វើឲ្យអារម្មណ៍ពីរផ្សេងគ្នានេះស្របគ្នា ហើយក៏ធ្វើឲ្យច្របូកច្របល់។

ហេតុអ្វីនាឡិកាវិលពីឆ្វេងទៅស្តាំ?

មុនពេលមាននាឡិកាមេកានិច មនុស្សប្រើនាឡិកាព្រះអាទិត្យ ពោលគឺមើលតាមដំណើរព្រះអាទិត្យដើម្បីប្រាប់ពេលវេលា។ នៅភាគខាងជើងអឌ្ឍគោលផែនដី ទិសដៅដំណើរព្រះអាទិត្យគឺពីឆ្វេងទៅស្តាំ។ ក្រោយមក នាឡិកាត្រូវបានបង្កើតឡើងនៅទីនោះ ហើយក៏យកទិសដៅតាមនេះដែរ។

ហេតុអ្វីគេយកម្រាមដៃនាងប្រើសម្រាប់ធ្វើតេស្តឈាម?

មូលហេតុទី១ មេដៃ និងម្រាមកូនដៃគឺភ្ជាប់ទៅជិតនឹងកដៃ ដូចនេះ ប្រសិនបើអ្នកឆ្លងមេរោគ វាអាចនឹងបញ្ជូនមេរោគនោះតាមរយៈដៃ។ ដូច្នេះហើយ គេផ្តល់ដំបូន្មានឲ្យប្រើម្រាមដៃទាំងអស់ធ្វើតេស្តឈាមលើកលែងមេដៃ និងកូនដៃ។ មូលហេតុទី២ ម្រាមដៃនាងនេះផ្តល់នូវការឈឺចាប់តិចជាងគេ ប្រើការតិចជាងគេ និងមានស្បែកស្តើងជាងគេ។ ស្នាមធ្វើតេស្តឈាមក៏អាចជាសះបានយ៉ាងលឿនផងដែរ។

តើកាកសំណល់ដែលមនុស្សបន្ទោរបង់នៅលើយន្តហោះនឹងទៅទីណា?

នៅពេលអ្នកចុចប៊ូតុងបង្ហូរលាង នោះសន្ទះនឹងបើក ហើយបឺតយកកាកសំណល់នាំយកទៅរក្សាទុកក្នុងធុងមួយដែលអាចផ្ទុកកាកសំណល់បានប្រហែល 20 Gallons ឬជាង 75គីឡូក្រាម។ បន្ទាប់ពីយន្តហោះចុះចត គេនឹងបូមយកកាកសំណល់ទាំងនោះចេញពីធុងអស់។

ប្រភព៖ Brightside