កំពុងតែរៀបការសុខៗ ស្រាប់តែអាក់ខានពាក់កណ្តាលទី ក្រោយភ្ញៀវចូលរួម ឈឺពោះឆ្លងទន្លេ តែមានជំនឿថា ជាកាដូពរជ័យដ៏អស្ចារ្យ! – Kalib9 ចែកចាយ | Kalib9
kalib9

កំពុងតែរៀបការសុខៗ ស្រាប់តែអាក់ខានពាក់កណ្តាលទី ក្រោយភ្ញៀវចូលរួម ឈឺពោះឆ្លងទន្លេ តែមានជំនឿថា ជាកាដូពរជ័យដ៏អស្ចារ្យ!

ថៃ៖ ពិធីមង្គលមួយកន្លែង ស្ថិតនៅតំបន់ភាគឦសាន ស្រុក Sikhiu ខេត្ត Nakhon Ratchasima ប្រទេសថៃ ត្រូវបានអាក់ខានពាក់កណ្តាលទី ក្រោយមានភ្ញៀវដែលចូលរួមក្នុងពិធីម្នាក់ បានឈឺពោះឆ្លងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែត្រូវបានគេចាត់ទុកថា ជារឿងល្អទៅវិញ។

 

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅ ទី២៤ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

 

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីឈឺពោះឆ្លងទន្លេក្នុងពិធីដ៏សំខាន់ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Nattaporn Tesrit មានទម្ងន់ទើបតែជិត ៩ខែ តែប៉ុណ្ណោះ ត្រូវជាមិត្តភក្តិជាមួយនឹងកូនក្រមុំ គឺនាង Mayuree Kumchanteuk 

 

នៅព្រឹកថ្ងៃកើតហេតុ កូនក្រមុំកំពុងតែរង់ចាំ ក្បួនហែជំនូនលាភជ័យពីខាងប្រុសចូលផ្ទះ ខណៈនោះនាង Nattaporn ក៏ស្រាប់តែមានអាការចម្លែក ស្រែកឈឺពោះ មានអារម្មណ៍ថាចង់សម្រាលកូនតែម្តង។

 

ភ្លាមៗក្រោយកើតហេតុ ភ្ញៀវជាច្រើនដែលបានចូលរួមក្នុងពិធី ក៏បានស្ទុះស្ទាប្រញាប់គ្រានាង Nattaporn ទៅសម្រាកនៅក្រោមដើមឈើមួយ។ ហើយភ្លាមៗនោះទៀតសោត ពួកគេក៏បានទូរស័ព្ទទាក់ទង ហៅក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដើម្បីចុះមកជួយធ្វើអន្តរាគមន៍ និងបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរនោះ។

 

រូបភាពក្នុងថ្ងៃកើតហេតុ

 

ប៉ុន្តែទីបំផុត នាង Nattaporn ក៏បានសម្រាល បានកូនស្រីដ៏គួរឲ្យស្រលាញ់ នៅនឹងកន្លែង (ក្រោមដើមឈើ) បាត់ទៅហើយ ដែលមានទម្ងន់រហូតដល់ទៅ ៣,២គីឡូក្រាមឯណោះ។ តែទោះយ៉ាងណា នាងក៏នៅតែត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីទទួលបានការមើលថែទាំសុខភាពបន្ថែមទៀតដែរ។

 

កូនក្រមុំ នាង Mayuree Kumchanteuk រំភើបចិត្តក្រៃលែង និងបានអបអរសាទរ ចំពោះសម្លាញ់របស់នាង ហើយក៏បានថតរូបមួយចំនួន បង្ហោះចែកចាយលើបណ្តាញសង្គមផងដែរ។

 

គួរឲ្យដឹងផងដែរ បើទោះបីជាពិធីរៀបមង្គលការមួយនេះ ត្រូវបានអាក់ខានបន្តិចក៏ដោយក្តី ប៉ុន្តែគ្រប់គ្នាដែលបានចូលរួមក្នុងពិធី បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយត្រូវបានគេចាត់ទុកថា នេះគឺជាអំណរ ឬកាដូពរជ័យដ៏អស្ចារ្យបំផុត សម្រាប់កូនកម្លោះក្រមុំនៅក្នុងថ្ងៃដ៏ពិសេស ឬថ្ងៃរៀបមង្គលការរបស់ពួកគេផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?   

 

រូបភាពក្នុងថ្ងៃកើតហេតុ

 

ប្រភព៖ khmerload