មនុស្សកំណាញ់ ឬមនុស្សអាត្មានិយម(មានវីដីអូខាងក្នុង) – Kalib9 គំនិត | Kalib9
kalib9

មនុស្សកំណាញ់ ឬមនុស្សអាត្មានិយម(មានវីដីអូខាងក្នុង)

មនុស្សកំណាញ់ ឬមនុស្សអាត្មានិយម
លក្ខណៈ ឬ អាការៈ
ស្វិតស្វាញ ហួងហែង ត្បិតត្បៀត ត្បិះរិះ លាក់លៀម
បិទជិត បិទទ្វារ ចាក់សោ កប់ជិត ចងជាប់ ជាប់ស្អិត
ជាប់ជំពាក់ ដឹងតែបាន មិនព្រមលះបង់ មិនព្រមអោយ
សូម្បីខ្លួនតែឯងឃ្លាន គិតតែខ្លួនឯងពេក អាត្មានិយម
កំណាញ់ លោភ លោភច្រើន ចង់បានច្រើន ប្រាថ្នាធំ។

** ហេតុ
គិតអនាគតពេក ខ្លាចអត់ ភ័យខ្លាចអត់ទៅថ្ងៃមុខ
មិនចេះប្រើអោយត្រូវកាលទេសៈ គឺល្ងង់មិនដឹងថា
អាយុជីវិតមនុស្សយើងអស់ទៅ
គ្រប់វិនាទីរហូតដល់ស្លាប់។

** ផល
ធ្វើខ្លួនអោយលំបាក ខ្លួនឯងក៏អត់អ្នកដទៃក៏អត់
ត្រូវសង្គមនិន្ទា មិនស្គាល់សប្បុរស មិនស្គាល់មិត្ត
ស្លាប់ទៅមានគតិមិនល្អ គឺអបាយភូមិ។

អគ្គិក្ខន្ធោ សមុទ្ទោ ច មហិច្ឆោ ចាបិ បុគ្គលោ
សកដេន បច្ចយំ ទេតុ តយោ ចេតេ អតប្បិយា
គំនរភ្លើងមួយ សមុទ្រមួយ អ្នកប្រាថ្នាច្រើនមួយ ទាំង៣ប្រភេទនេះ សូម្បីនឹងឲ្យវត្ថុពេញមួយរទេះក៏មិនធ្វើឲ្យឆ្អែតបាន។

កើតមកភ្លឺ គឺកើតមកមានទ្រព្យ តែមិនចេះឲ្យទ្រព្យធនដែលមានយកទៅធ្វើអំពើល្អទេ ទៅវិញ ងងឹត។
-អ្នកកើតមក ខ្សត់ទ្រព្យ គឺមកពីមិនធ្វើទាន មិនចេះបរិច្ចាគ។
#អានិសង្សបុណ្យទាន!
រីការធ្វើទាន ធ្វើបានជាស្ពាន ឈានទៅសួគ៏សុខ ធ្វើបានជាទុន ទុកទៅជាតិមុខ កើតក្នុងសំបុក សម្បត្តិភោគទ្រព្យ។
ទានមានអង្គបី ឲ្យផលក្រាស់ក្រៃ ប្រសើរគួរគាប់ ទីមួយទេយ្យធម៌ សមគួរដល់ទ្រព្យ ទីពីរនោះភ្ជាប់នឹងចិត្តជ្រះថ្លា។
រីឯទីបីអ្នកទទួលទេយ្យធម៌នោះណា បរិបូរណ៍ដោយគុណ ទើបញុាំងផល្លា អានិសង្សាថ្លៃថ្លាកន្លង។
ទោះបីមានទ្រព្យ តែមិនបានភ្ជាប់ អង្គបីនេះផង ធ្វើច្រើនយ៉ាងណា តែខុសគន្លង ច្រើនតែសៅហ្មង ផលបានពុំគាប់។
អ្នកសោយបុណ្យចាស់ កើតមកប្រទះលើគំនរទ្រព្យ តែមិនចេះប្រើ ដោយផ្លូវគួរគាប់ មុខតែអភ័ព្វក្នុងជាតិខាងមុខ។
អ្នកសាងបុណ្យថ្មី មានពីរអត្ថន័យ ផ្សេងទាំងក្តីសុខ អ្នកមួយសាងកម្ម ជាទ្រព្យកប់ទុក កប់តសុីចុក ទុកចាយជាតិថ្មី។
អ្នកសាងម្យ៉ាងទៀត ព្រោះលះបង់ជាតិ ចេញចាកភពបី ប្រាថ្នានិព្វាន ស្ថានសុខសិរី ឥតមានសុខអ្វី អាចប្រៀបផ្ទឹមបាន។
« ឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯង »

ជ្រៃដុះលើត្នោតបញ្ឆោតសត្វជ្រឹង

ទាបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លែ

ចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកែ

លើគេល្អដែរតែពិបាកដើរ ។

យកឈ្នះចាញ់គ្នាគ្មានអ្វីប្រពៃ

ឈ្នះអ្នកដទៃមានអ្វីគ្រាន់បើ

បើឈ្នះខ្លួនឯងនោះទើបប្រសើរ

កុំឲ្យខន្ធប្រើបម្រើតណ្ហា ។

ខំសាងសីលទានមានឈ្មោះឧត្តម

កុំភាន់ច្រឡំរួមផ្សំឥស្សា

នាំបែកសាមគ្គីចេញពាក្យវាចា

ដោយហិង្សាថា មានគេអត់ខ្ញុំ ។

ស្ថានមួយធំណាស់មានអ្វីចង្អៀត

បើនៅទើសទៀតមានអ្វីសមរម្យ

បើមិនសង្រួមគុណធម៌រលំ

ទោះសីលប៉ុនភ្នំក៏ត្រូវបាត់អស់ ។

ផ្ទះតូចចង្អៀតអាចជ្រៀតនៅបាន

ចង្អៀតសន្តានឥតមានចន្លោះ

បើគោរពធម៌អាចជួយរំដោះ

ព្រះធម៌ជួយប្រស់ឲ្យចិត្តទូលាយ ។

អ្នកមានក្ដីសុខ vs អ្នកមានសេចក្ដីទុក្ខ
——————
អ្នកដែលជាអ្នកមានសេចក្ដីទុក្ខ និងអ្នកដែលមានសេចក្ដីសុខ គ្នាខុសត្រង់គំនិត
– ម្នាក់គិតរបស់ដែលបាត់ទៅដោយភាពសោកសៅ នឹកអាឡោះអាល័យ ប៉ុន្តែម្នាក់ទៀត មានសេចក្ដីសុខជាមួយនឹងអ្វីៗដែលមាន ព្រោះគិតយល់ថា អ្វីៗដែលបាត់ទៅ កន្លងទៅនោះ វាត្រឹមត្រូវតាមសេចក្ដីពិតនៃលោកនេះ។

ម្នាក់កើតទុក្ខរកអ្នកដែលព្រាត់ប្រាសទៅ ម្នាក់ទៀតសុខសប្បាយជាមួយនឹងរបស់ដែលនៅជុំវិញខ្លួន ធ្វើល្អរកគ្នា សន្សំបុណ្យ។

ម្នាក់កើតទុក្ខព្រោះគេមិនស្រលាញ់ខ្លួន ម្នាក់ទៀត មានសេចក្ដីសុខគ្រប់គ្រាន់ ព្រោះហេតុតែចេះស្រលាញ់ខ្លួនឯង មានខ្លួនឯងជាទីពឹង មានបុណ្យជាមិត្តសម្លាញ់ដ៏ល្អ។

ម្នាក់កើតទុក្ខព្រោះប្រាថ្នាអ្វីដែលមិនបានដូចចិត្ត ម្នាក់ទៀតមានសេចក្ដីសុខ ព្រោះបានដឹងថា អ្វីៗមកនមែនចេះតែបានតាមប្រាថ្នាទេ វាត្រឹមត្រូវតាមហេតុដែលមាន។

ម្នាក់ទៀតកើតទុក្ខព្រោះគេស្អប់ ម្នាក់ទៀតមានសេចក្ដីសុខព្រោះ ចេះឲ្យអភ័យប្រកបដោយចិត្តមេត្តា គិតឃើញថាគ្រប់គ្នាចង់បានសុខ។

ម្នាក់ទៀតកើតទុក្ខព្រោះហួងហែង ម្នាក់ទៀត សុខព្រោះចេះចែករំលែក ចេះដាក់ទាន ចេះលះបង់។

ម្នាក់ទៀតកើតទុក្ខព្រោះមានគេរិះគន់និន្ទា ម្នាក់ទៀតមានសេចក្ដីសុខព្រោះ អំពើរបស់ខ្លួន។

ម្នាក់ទៀតកើតុក្ខក្ដៅក្រហាយស្ដាយក្រោយចំពោះបាបដែលខ្លួនធ្វើហើយ ម្នាក់ទៀតមានសេចក្ដីសុខព្រោះបានឈប់ធ្វើបាប ឯបាបដែលធ្វើហើយ ព្រោះទោស: មោហ: លោភ:ជាហេតុ។

ម្នាក់ទៀតកើតទុក្ខព្រោះប្រឆាំងនឹងការពិត ម្នាក់ទៀតមានសេចក្ដីសុខស្ងប់ ព្រោះព្រមតាមសេចក្ដីពិតនៃធម្មជាតិ (សង្ខារធម៌)ដែលប្រែប្រួល។

ម្នាក់កើតទុក្ខ គិតដោះស្រាយជាមួយនឹងរឿងខាងក្រៅដោយកិលេសរបស់ខ្លួន មិនរួចផុតចាកទុក្ខឡើយ ម្នាក់ទៀតសិក្សាបណស្គាល់ទុក្ខ ដោះស្រាយទុក្ខក្នុងចិត្តរបស់ខ្លួនដោយបញ្ញា បានរួចផុតចាកទុក្ខ។

គ្រប់យ៉ាង ប្រព្រឹត្តទៅតាមប្រក្រតីធម្មតា ចិត្តឯណេះទេ ដែលគិតថាយូរឬឆាប់ ដូចជាយប់យូរណាស់ សម្រាប់អ្នកដេកមិនលក់ព្រោះទន្ទឹងរង់ចាំជាដើម ឬថាមួយថ្ងៃៗលឿនណាស់ សម្រាប់អ្នករស់នៅសុខសប្បាយ។ ម្យ៉ាងទៀត ផ្លូវដដែលសោះ គ្រាន់តែពេលទៅដូចយូរ ដល់មកវិញដូចឆាប់។ នៅមានឧទាហរណ៍ផ្សេងៗទៀត ដូចជា ពេលបានទ្រព្យដដែលសោះ ស្មើៗ មិនត្រេកអរអ្វីទេ ដល់ពេលបាត់ ស្ដាយនោះស្ដាយ លុះដល់ពេលរកឃើញវិញត្រេកអរ, រើសបានមាសមួយដុំត្រេកអរណាស់ ដល់មានគេឆក់យកមាសមួយដុំនោះបាត់ទៅវិញ ក៏ស្រែកទ្រហ៊ោយំ។ ពេលដើរពេលថ្ងៃក្ដៅ ស្រែកថាក្ដៅអាក្រក់ណាស់ ពិបាកវេទនា, ដល់ពេលហាលអុស ហាលខោអាវ ថាថ្ងៃក្ដៅល្អ។ ពេលស្រលាញ់ថាគេស្អាត ដល់ពេលស្អប់ថាគេអាក្រក់។ ពេលសប្បាយចិត្តថាលោកនេះ គួរឲ្យចង់រស់នៅ ពេលមិនសប្បយចិត្តថាលោកនេះមិនគួរឲ្យចង់រស់នៅ។
ដូច្នេះទើបត្រូវស្ដាប់ធម៌អប់រំចិត្ត ចម្រើនបញ្ញា ដើម្បីគ្រប់គ្រងចិត្តកុំឲ្យលម្អៀងខុសពីការពិត ទើបបានជោឡជ័យក្នុងដំណើរជីវិតចេញចាកអំពីសេចក្ដីទុក្ខ។

កាុំដែលមិនទាន់ដឹងការពិត ចិត្តបោកបញ្ាោតយើងថា មានគេមានយើង មានរបស់គេ មានរបស់យើង មានអ្នកឲ្យស្រលាញ់យើង មានអ្នកស្អប់យើង មានអ្វីៗក្នុងលោកឲ្យកើតទុក្ខ។ល។ គួរឲ្យរង្គៀសចំពោះការមិនដឹងនូវសច្ច:ធម៌នេះណាស់ ដូច្នេះត្រូវព្យាយាមអប់រំបញ្ញាឲ្យដឹងការពិតដែលជាសច្ចធម៌ ទើបចិត្តមិនអាចបោកបញ្ឆោតយើងឲ្យយើងត្រេកអរ និងប្រកាន់ក្នុងបញ្ចខន្ធទៅទៀតបាន។

ព្រោះយើងងងឹតភ្នែក ទើបគេបោកយើងបាន ដោយយកសំពត់ខ្មៅញ្ចាស់កខ្វក់មកឲ្យស្លៀកដណ្ដប់ ដោយប្រាប់ថា ជាសម្ពត់ថ្មីសល្អស្អាត លុះបកភ្នែកមើលឃើញ ទើបដឹងថាគេបោកយើង យ៉ាងណាមិញ អវិជ្ជាដូចស្បែកបាំងភ្នែកអោយងងឹតបញ្ចក្ខន្ធដូចសំពត់កញ្ចះខ្មៅកខ្វក់ព្រះនិព្វានដូចសំពត់ថ្មីសល្អស្អាតចិត្តប្រកបដោយរាគ:ហ្នឹងឯង ដែលបោកបញ្ឆោតឲ្យយើងត្រេកអរក្នុងបញ្ចក្ខន្ធទាល់់តែបកស្ែកភ្នែកគឺអវិជ្ជាចេញទើបអាចស្គាល់បញ្ចក្ខន្ធ និងព្រានតាមពិត ហើយនឹងអ្នកបោកប្រាស់តាមពិតផងដែរ លុះដឹងអ្នកបោកប្រាស់តាមពិតហើយទើបឈប់ចាញ់បោកនឿយណាយនិងបញ្ចក្ខន្ធ ត្រេកអរនឹងព្រះនិព្វានរួចចាកផុតទុក្ខ។

ចង់បានស្រលាញ់ចម្រើនមេត្តា
ចង់បានបញ្ញារក្សាសតិ
ចង់ឃើញការពិតកំចាត់ទិដ្ឋិ
ចង់បានសន្តិព្រុះអស់ចំណង់។

មិនមានមេត្តាខ្វះការស្រលាញ់
វិវាទឈ្នះចាញ់ព្រោះតែទិដ្ឋិ
បញ្ញាក្រខ្សត់ព្រោអត់សតិ
ឆ្ងាយពីសន្តិព្រោះមិនលះបង់។

 

 

ប្រភពហ្វេសបុក អរគុណ ភាពក្រ