សំខាន់សម្រាប់អ្នកចូលចិត្តដើរកម្សាន្ត! ១០យ៉ាងដែលអ្នកដើរកម្សាន្តភាគច្រើនយល់និងធ្វើខុស – Kalib9 ចែកចាយ | Kalib9
kalib9

សំខាន់សម្រាប់អ្នកចូលចិត្តដើរកម្សាន្ត! ១០យ៉ាងដែលអ្នកដើរកម្សាន្តភាគច្រើនយល់និងធ្វើខុស

ប្រសិនបើអ្នកមិនមែនជាអ្នកជំនាញខាងការធ្វើដំណើរកម្សាន្ត នោះអ្នកងាយនឹងបង្កើតកំហុសក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក។ ដូចនេះហើយ ពេលនេះយើងសូមលើកយកនូវចំណុចមួយចំនួនដែលអ្នកដើរកម្សាន្តភាគច្រើនយល់និងធ្វើខុសមកបង្ហាញ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តលើកក្រោយៗរបស់អ្នកប្រព្រឹត្តទៅយ៉ាងល្អ។

កំហុសទី១៖ ស្នាក់នៅតំបន់ជាយក្រុងដើម្បីសន្សំសំចៃលុយ

ជាការពិត ការស្នាក់នៅតំបន់ជាយក្រុងពេលខ្លះអាចមានផាសុខភាព និងតម្លៃទាប ប៉ុន្តែវាមិនសូវខុសគ្នានឹងការស្នាក់នៅក្នុងទីប្រជុំជនក្រុងនោះទេ ព្រោះលុយដែលអ្នកសន្សំសំចៃពីថ្លៃសណ្ឋាគារនោះនឹងត្រូវចំណាយលើការធ្វើដំណើររាល់ថ្ងៃ។ នៅពេលអ្នកសម្រាកដើរកម្សាន្ត អ្នកគួរតែស្នាក់នៅក្នុងក្រុង នោះអ្នកអាចដើរទៅកាន់កន្លែងគួរឱ្យចាប់អារម្មណ៍នានានៅពេលយប់ និងពេលព្រឹកព្រលឹម ពោលគឺអ្នកនឹងមិនរំលងអ្វីដែលល្អៗនោះទេ។ ម្យ៉ាងទៀត នៅពេលថ្ងៃអ្នកក៏អាចត្រឡប់ទៅសណ្ឋាគារដើម្បីសម្រាកគេងថ្ងៃបានផងដែរ បើហត់នឿយ។

កំហុសទី២៖ ចំណាយលុយលើអ្វីដែលអ្នកអាចទទួលបានដោយឥតគិតថ្លៃ

អ្នកអាចជំនួសការបង់លុយឱ្យក្រុមហ៊ុនទេសចរណ៍ ដោយការធ្វើដំណើរកម្សាន្តដោយខ្លួនឯងតាមរយៈការទទួលបានគំនិតពីវេបសាយផ្សេងៗដែលអាចណែនាំអ្នកពីការធ្វើដំណើរកម្សាន្ត និងការភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនក្នុងតំបន់ដែលអ្នកចង់ទៅកម្សាន្ត ដើម្បីឱ្យពួកគេជួយនាំដើរលេង និងផ្តល់កន្លែងស្នាក់នៅ។ ម្យ៉ាងទៀត នៅកន្លែងខ្លះអ្នកអាចចូលទស្សនាកម្សាន្តដោយឥតគិតថ្លៃ នៅផ្សារទំនើបខ្លះទៀតអ្នកអាចទទួលបានអាហារដោយឥតគិតថ្លៃក្នុងឱកាសមួយចំនួនជាដើមផងដែរ។

កំហុសទី៣៖ មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់លើការបញ្ចេញយោបល់របស់អ្នកញុំាអាហារ

ការបញ្ចេញយោបល់ (Review) លើសណ្ឋាគារ និងអាហារគឺជាចំណុចដែលអ្នកដើរកម្សាន្តគួរចាប់អារម្មណ៍ ព្រោះថាអ្នកសរសេរបញ្ចេញយោបល់ (Reviewer) ទាំងនោះនឹងអាចប្រាប់អ្នកនូវអ្វីដែលជាលក្ខណៈពិតប្រាកដ។ ជាក់ស្តែងសម្រាប់អាហារ អ្នកអាចប្រៀបធៀបរវាងអ្វីដែលអ្នកឃើញនៅក្នុងវេបសាយរបស់ភោជនីយដ្ឋាន និងរូបថតរបស់ Reviewer ព្រមជាមួយនិងការបញ្ចេញយោបល់របស់គេ។ តាមរយៈនេះ អ្នកអាចរកឃើញកន្លែងដែលល្អៗសម្រាប់ដំណើរកម្សាន្តរបស់អ្នក។

កំហុសទី៤៖ យករបស់របរទៅជាមួយច្រើន

នៅពេលអ្នកចាប់ផ្តើមរៀបចំរបស់របរសម្រាប់ដំណើរកម្សាន្ត អ្នកប្រហែលជាចង់យកគ្រប់យ៉ាង ប៉ុន្តែដល់ចុងក្រោយនៃដំណើរកម្សាន្ត ទើបអ្នកដឹងថារបស់មួយចំនួនមិនចាំបាច់នោះទេ។ ដូចនេះ ពេលអ្នករៀបចំ អ្នកគួរយករបស់ដែលស៊ីគ្នា ដូចនេះអ្នកអាចប្រើពួកវាជាមួយគ្នាបានជាច្រើនរបៀប ព្រោះថាក្នុងដំណើរកម្សាន្ត អ្នកប្រហែលមិនចាំបាច់ស្លៀកឈុតថ្មីរាល់ថ្ងៃនោះទេ។

កំហុសទី៥៖ យកតែលុយសុទ្ធ ឬយកតែកាតក្រេឌីតទៅជាមួយ

សម្រាប់ដំណើរកម្សាន្ត អ្នកមិនគួរយកតែលុយសុទ្ធ ឬយកកាតក្រេឌីតតែមួយនោះទេ ព្រោះថាអ្នកអាចបាត់លុយឬកាត ហើយធនាគារអាចបិទកាតរបស់អ្នកគ្រប់ពេល (ដូចនេះ អ្នកគួរប្រាប់ធនាគារជាមុនថាអ្នកទៅបរទេស)។ ជារួម អ្នកគួរយកទាំងលុយសុទ្ធ និងកាតក្រេឌីតដែលយ៉ាងហោចណាស់ក៏ចំនួនពីរកាតដែរ។

កំហុសទី៦៖ ខ្លាចក្នុងការនិយាយជាមួយអ្នកមិនស្គាល់

ជាធម្មតា នៅពេលអ្នកធ្វើដំណើរជាមួយអ្នកផ្សេងទៀត អ្នកច្រើនតែបិទខ្លួនឯងក្នុងទំនាក់ទំនងបង្កើតមិត្តជាមួយប្រជាជនក្នុងតំបន់ ឬអ្នកទេសចរផ្សេងទៀត។ អ្នកត្រូវដឹងថា អ្នកមិនងាយមានឱកាសបង្កើតមិត្តជាមួយអ្នកនៅប្រទេសផ្សេងនោះទេ។ ប្រជាជនក្នុងតំបន់ជាធម្មតាចាប់អារម្មណ៍ជាមួយអ្នកទេសចរ ដូចនេះកុំខ្មាសអៀននឹងស្គាល់ជាមួយពួកគេ។

កំហុសទី៧៖ ព្យាយាមដើរមើលគ្រប់យ៉ាង

ភាគច្រើនយើងគិតថា បានជាមកដល់ទៅហើយ ត្រូវតែដើរមើលគ្រប់យ៉ាងឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូចនេះហើយអ្នកប្រាកដជារត់ពីមួយកន្លែងទៅមួយកន្លែង ដើម្បីចង់មើលឱ្យបានច្រើន។ ចំណុចដែលល្អគឺអ្នកគួរបន្ថយការធ្វើដំណើរ រីករាយនឹងការដើរយឺតៗ ដកដង្ហើមស្រូបខ្យល់អាកាសនៅកន្លែងដែលអ្នកទៅទស្សនាខ្លះ។

កំហុសទី៨៖ ការធ្វើដំណើរក្នុងរដូវកាលភ្ញៀវច្រើន

ភាពអ៊ូអរនៃភ្ញៀវទេសចរអាចធ្វើឱ្យរំខានដល់ការសម្រាក និងការមើលទេសភាព។ ដូចនេះហើយ អ្នកមិនគួរធ្វើដំណើរកម្សាន្តទៅកន្លែងល្បីៗនៅរដូវកាលភ្ញៀវច្រើននោះទេ ព្រោះអ្នកមិនអាចរីករាយយ៉ាងពេញលេញ ដោយសារតែមនុស្សច្រើនពេក។

កំហុសទី៩៖ ការមិនទិញសំបុត្រតាមអនឡាញជាមុន

ការតម្រង់ជួរដើម្បីចូលទៅកាន់កន្លែងល្បីៗពេលខ្លះគឺវែង និងចំណាយពេលយ៉ាងយូរ។ នៅកន្លែងល្បីៗខ្លះមានច្រកចូលផ្សេងមួយទៀតសម្រាប់អ្នកដែលមានសំបុត្រចូលរួចហើយ។ ដូចនេះ អ្នកគួរព្យាយាមទិញសំបុត្រតាមអនឡាញជាមុន ជាពិសេសសម្រាប់កន្លែងដូចជា Louvre ឬ Statue of Liberty ដើម្បីសន្សំសំចៃពេលវេលា។

កំហុសទី១០៖ បង្កើតកំហុសជាមួយនិងវត្ថុអនុស្សាវរីយ៍

សម្រាប់ការទិញវត្ថុអនុស្សាវរីយ៍នេះ មានអ្នកខ្លះទិញរបស់ដែលមិនស្អាត ហើយអ្នកខ្លះទៀតស្តាយដែលមិនបានទិញអ្វីសោះ។ យើងសូមណែនាំឱ្យអ្នកទៅកាន់ផ្សារដែលអ៊ូអរ (Flea Market) ព្រោះអ្នកអាចទិញរបស់ជាច្រើនក្នុងតម្លៃទាប ហើយភាគច្រើននៃរបស់ដែលលក់គឺផលិតនៅក្នុងតំបន់ដែលអ្នកទៅទស្សនាតែម្តង។

ប្រភព៖ Brightside