Facebook ប្រកាសថាការសាកល្បងបំបែក News Feed ជា ២ បរាជ័យ ត្រៀមលុបចោលវិញឆាប់ៗ – Kalib9 ចែកចាយ | Kalib9
kalib9

Facebook ប្រកាសថាការសាកល្បងបំបែក News Feed ជា ២ បរាជ័យ ត្រៀមលុបចោលវិញឆាប់ៗ

ក្រោយពីការសាកល្បងបំបែក News Feed ជាពីរគឺ “News Feed សម្រាប់មើលការបង្ហោះរបស់មិត្តភក្ដិ ឬក្រុមគ្រួសារ និង Explore Feed សម្រាប់មើលការបង្ហោះរបស់ Page ដែលយើងបានចុច Like” នៅប្រទេសចំនួន ៦ រួមទាំងកម្ពុជា អស់រយៈពេលជាង កន្លះឆ្នាំរួចមក Facebook បានប្រកាសថាការគម្រោងនេះបរាជ័យ ដោយសារតែលទ្ធផលមិនគាប់ប្រសើរ ថែមទាំងត្រូវគេរិះគន់ទៀតផង  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីឈ្មោះមួយឈ្មោះថា Theverge

លោក Adam Mosseri ដែលជាអ្នកគ្រប់គ្រងផ្នែក News Feed បានឲ្យដឹងថា តាមការស្ទង់មតិអ្នកប្រើប្រាស់ភាគច្រើនគឺមិនពេញចិត្តនឹងការបំបែក News Feed ជាពីរនោះទេ ដោយសារតែវាមិនត្រឹមតែមិនជួយឲ្យការទំនាក់ទំនងកាន់តែមានប្រសើរនោះទេ វាថែមទាំងធ្វើឲ្យពួកគេពិបាកក្នុងការប្រើប្រាស់ទៅវិញ ។

បើយោងតាមការបញ្ជាក់បន្ថែមរបស់បុគ្គលិកជាន់ខ្ពស់រូបនេះបានឲ្យដឹងថា ក្រុមហ៊ុន Facebook គ្រោងនឹងដកចេញនូវមុខងារនេះពីប្រទេសទាំង ៦ ដោយមានទាំងកម្ពុជាផងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ហើយគម្រោងក្នុងការដាក់មុខងារនេះទូទាំងពិភពលោកក៏ត្រូវរំសាយផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងកំឡុងពេលសាកល្បងនេះយើងសង្កេតឃើញថា មុខងារនេះវាបានធ្វើឲ្យម្ចាស់អាជីវកម្មទាំងឡាយ ទាំងអ្នកលក់ផលិតផល ក្រុមហ៊ុន ដែលប្រើប្រាស់ Page ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការផ្សព្វផ្សាយមិនសូវមានអ្នកឃើញ ហើយត្រូវចំណាយច្រើនទៅលើការ Boots តែលទ្ធផលមិនគាប់ប្រសើរដូចកាលពីមុន ហើយសម្រាប់ម្ចាស់គេហទំព័រទាំងតូចទាំងធំក៏ត្រូវបាត់បង់ចំនួនអ្នកចូលទស្សនាអស់មួយចំនួនធំផងដែរ ។

ប្រភព​ ៖ theverge

error: Content is protected !!