ស្រ្តីមានផ្ទៃពោះដាច់ខាតត្រូវបញ្ឈប់ទម្លាប់នេះជាបន្ទាន់! ព្រោះជាកត្តាគ្រោះថ្នាក់បំផុត ក្នុងអំឡុងពេលមានផ្ទៃពោះ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ស្រ្តីមានផ្ទៃពោះដាច់ខាតត្រូវបញ្ឈប់ទម្លាប់នេះជាបន្ទាន់! ព្រោះជាកត្តាគ្រោះថ្នាក់បំផុត ក្នុងអំឡុងពេលមានផ្ទៃពោះ

ការថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងឃ្លាតឆ្ងាយពីទម្លាប់អាក្រក់គឺជារឿងមួយដ៏មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែនៅពេលដែលអ្នកមានផ្ទៃពោះ អ្នកចាំបាច់ត្រូវថែរក្សាសុខភាពមនុស្សម្នាក់ទៀតឲ្យបានល្អ និងគេចពីគ្រោះថ្នាក់ផ្សេងៗ។ ហេតុនេះ ទើបបានជាអ្នកចាំបាច់ត្រូវដឹង និងយកចិត្តទុកដាក់បញ្ឈប់ទម្លាប់អាក្រក់មួយចំនួន ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក និងទារកក្នុងផ្ទៃ។

ទាំងនេះគឺជាទម្លាប់មិនល្អទាំង៥ ដែលស្រ្តីមានផ្ទៃពោះត្រូវចៀសវាង ដើម្បីថែរក្សាសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ៖

១/ ការទទួលទានជាតិអាល់កុល

នៅពេលណាដែលអ្នកបានដឹងភ្លាមថា អ្នកមានផ្ទៃពោះ ចូរកុំផឹកភេសជ្ជៈណាដែលមានជាតិអាល់កុលឲ្យសោះ ព្រោះបរិមាណជាតិអាល់កុលដែលអ្នកផឹកចូលទៅ វាអាចចូលដល់ទារកនៅក្នុងស្បូនតាមរយៈចរន្តឈាម និងសុក ដែលអាចជះឥទ្ធិពលដល់ការលូតលាស់របស់ទារកនៅក្នុងស្បូន និងសុខភាពទារកនៅពេលកើត។

លើសពីនេះទៅទៀត ការទទួលទានស្រាក្នុងអំឡុងពេលមានផ្ទៃពោះក៏បង្កើនហានិភ័យនៃការរលូតកូន និងការសម្រាលមិនគ្រប់ខែទៀតផង។

ទន្ទឹមនឹងនេះផងដែរ បើយោងតាមការសិក្សាឆ្នាំ ២០១៧ ដែលត្រូវបានចេញផ្សាយនៅ Frontiers in Behavioral Neuroscience អ្នកស្រាវជ្រាវបានរាយការណ៍ថា បរិមាណជាតិអាល់កុលនៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានផលប៉ះពាល់លើកុមាររយៈពេលយូរ។

២/ ការជក់បារី

ស្ត្រីមានផ្ទៃពោះគឺចាំបាច់ត្រូវបញ្ឈប់ការជក់បារីភ្លាម ប្រសិនបើមិនចង់ឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារក និងសុខភាពខ្លួនឯង។

ពិតណាស់ជាតិនីកូទីន ជាតិកាបូនម៉ូណូស៊ីត និងសារធាតុគីមីផ្សេងទៀត នៅក្នុងផ្សែងបារី អាចប៉ះពាល់ដល់ការលូតលាស់នៃសួតរបស់ទារក និងបង្កឱ្យមានផលវិបាកសុខភាពផ្សេងៗ ក្នុងកំឡុងពេលសម្រាល ហើយថែមទាំងមានផលប៉ះពាល់ដល់បញ្ញាស្មារតីនៅរយៈពេលក្រោយៗទៀតនៅក្នុងជីវិតរស់នៅ។

ហេតុនេះអ្នកមិនត្រូវជក់បារីទាំងមុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងសូម្បីតែក្រោយពេលសម្រាលក៏ដោយ។ ម្យ៉ាងទៀតអ្នកក៏ត្រូវចៀសវាងឲ្យឆ្ងាយពីផ្សែងបារីផងដែរ។

៣/ ការទទួលទានអាហារដែលគ្មានប្រយោជន៍

អ្នកត្រូវដឹងថា រាល់អាហារដែលអ្នកទទួលទានក្នុងអំឡុងពេលមានផ្ទៃពោះគឺវាមានឥទ្ធិពលផ្ទាល់ទៅលើសុខភាពរបស់ទារកក្នុងផ្ទៃ។ ដូច្នេះវាជារឿងមួយដ៏សំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះក្នុងការរក្សារបបអាហារឲ្យបានត្រឹមត្រូវនៅក្នុងការទទួលទាន អំឡុងពេលមានផ្ទៃពោះ។

ដោយឡែកអាហារដែលមិនល្អចំពោះស្រ្តីមានផ្ទៃពោះមានដូចជាអាហារសម្បូរជាតិខ្លាញ់ខ្ពស់(ភីហ្សា បឺរហ្គឺ ឬនំដូណាត់ជាដើម) និងអាហារដែលមានជាតិស្ករខ្ពស់។ អាហារទាំងនេះវាផ្តល់ផលប៉ះពាល់អាក្រក់ដល់ទារក និងអាចបណ្តាលឱ្យស្ត្រីខ្លួនឯងមានបញ្ហាសម្ពាធឈាមខ្ពស់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ និងកម្រិតជាតិស្ករខ្ពស់ ដែលបង្កើតឲ្យមានហានិភ័យនៃជំងឺផ្សេងៗ។

ចំណែកអាហារដែលល្អក្នុងអំឡុងពេលមានផ្ទៃពោះរួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងត្រីស្រស់ៗល្អ ដើម្បីជួយឲ្យរាងកាយទទួលបានជាតិប្រូតេអ៊ីន វីតាមីន C កាល់ស្យូម និងជាតិដែក។

៤/ ការទទួលទានជាតិកាហ្វេអ៊ីនលើសប្រមាណ

ជាទូទៅការផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃគឺពុំមានផលអាក្រក់ដល់ស្រ្តីមានផ្ទៃពោះនោះទេ ប៉ុន្តែប្រសិនបើការទទួលទានច្រើនលើសប្រមាណ នោះវានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ទារករួមជាមួយនឹងសុខភាពរបស់ស្រ្តីផ្ទាល់ដូចជាធ្វើឲ្យមានការកើនឡើងសម្ពាធឈាម និងការកើនឡើងចង្វាក់បេះដូង ដែលជាកត្តាជះឥទ្ធិពលគ្រោះថ្នាក់មួយក្នុងកំឡុងពេលមានផ្ទៃពោះ។

៥/ ការទទួលទានថ្នាំដោយខ្លួនឯង(គ្មានវេជ្ជបញ្ជាត្រឹមត្រូវ)

វាជារឿងមួយដែលគួរឲ្យប្រុងប្រយ័ត្នបំផុតចំពោះស្រ្តីមានផ្ទៃពោះ ព្រោះមានស្ត្រីអំឡុងពេលមានផ្ទៃពោះចំនួន ៤០ភាគរយ បានប្រើប្រាស់ថ្នាំដោយខ្លួនឯង(គ្មានវេជ្ជបញ្ជា) នៅពេលដែលមានអាការឈឺក្បាល វិលមុខ ឬផ្តាសសាយបន្តិចបន្តួច។ ប៉ុន្តែអ្នកចាំបាច់ត្រូវដឹងថា ការទទួលទានថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវគឺអាចធ្វើឲ្យមានគ្រោះថ្នាក់មានដល់ទារកក្នុងផ្ទៃ។

ហេតុដូច្នេះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុនពេលប្រើប្រាស់ថ្នាំណាមួយ នៅក្នុងអំឡុងពេលមានផ្ទៃពោះ៕

ប្រភពអត្ថបទដើមពី៖ Khmerload