ជំងឺសើស្បែក “កមរមាស់ ឬអាត់”! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ជំងឺសើស្បែក “កមរមាស់ ឬអាត់”!

កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ៖
– ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
– ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
– មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។

ក) រោគសញ្ញា៖
– ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវិចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
– ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។

– ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រម៉ធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។

ខ) ការវិវត្តន៍៖
ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថាពពួកប៉ារ៉ាស៊ីត ឬចៃនោះបាត់ ឬស្លាប់ឡើយ។ ការលាប់ឡើងវិញដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង) ច្រើនពេក។

គ) ការព្យាបាល៖
– ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
– ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
– មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយបន្ទះក្រណាត់ស្អាត នៅពេលយប់
– លាបថ្នាំ អោយពេញខ្នួនទាំងអស់ ពីកដល់ចុងជើង (គ្រប់កន្លុកកន្លៀតទាំងអស់)
– ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ (១២ម៉ោង)
– មុជទឹកជំរះកាយវិញបាននៅពេលព្រឹក

– ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
– ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត
“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះ បើសិនជាមានរោគសញ្ញាដូចខាងលើ។ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំទទួលជួបពិគ្រោះ និងផ្តល់ជូនព័ត៌មានគ្រប់ស្ថានភាពជំងឺ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបង្កឲ្យមានផលប៉ះពាល់ ពិសេសដល់ទារកក្នុងផ្ទៃ។ ”

ប្រភព www.facebook.com/calmette.gov.kh/

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.