ទំលាយពីចំណុចគួរកត់សម្គាល់ នៅ​​ពេល​​បានជួប​គូ​ព្រេង​ពិត​របស់​អ្នក!​ – Kalib9 ចែកចាយ | Kalib9
kalib9

ទំលាយពីចំណុចគួរកត់សម្គាល់ នៅ​​ពេល​​បានជួប​គូ​ព្រេង​ពិត​របស់​អ្នក!​

អ្នក​និពន្ធ​​ច្រើន​ណាស់​បាន​សរសេរ​បទ​ចម្រៀង សៀវភៅ ឬ​ រឿងដែល​និយាយ​ទាក់​ទង​នឹង​តួរ​ឯក​ប្រុស​ស្រី​ជា​គូ​ព្រង​នឹង​គ្នាបាន​ជួប​គ្នា។ នៅ​ពេល​ដែល​គូព្រេង​ទាំងពីរ​បាន​ជួប​គ្នា ពួក​គេ​តែង​ស្រឡាញ់​គ្នាខ្លាំង មាន​ជំនឿ​លើ​គ្នា និង​ចែករំលែក​គ្នា​ទៅវិញទៅមក។ ពួក​គេ​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរក្នុង​ជីវិត និង​មើល​ឃើញ​តែ​ភាព​ស្រស់​បំព្រង។ តើអ្នក​ដឹង​ទេ​ថា ពេល​ណា​ដែល​អ្នក​បាន​ជួប​គូជីវិត​ពិត​ប្រាកដ​របស់​អ្នក? តើ​អ្នកធ្លាប់​មាន​អារម្មណ៍​ដូច​ខាង​ក្រោម​នេះ​ទេ? បើ​មាន​ គេ​ម្នាក់​នោះជា​គូ​របស់​អ្នក​ហើយ។

1. អ្នក​មើល​ឃើញ​ពិភព​លោក​ស្រស់​ស្អាត​ជានិច្ច
អ្នក​កាន់​តែ​មាន​គំនិត​វិជ្ជមាន​ចំពោះ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​អ្នក ពេល​អ្នក​បាន​ទាក់​ទង​ជា​មួយ​មនុស្ស​ពិតប្រាកដ​ម្នាក់​នោះ។ ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ អ្នក​កាន់​តែមាន​អារម្មណ៍រីករាយទៅ​ៗ ដែល​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​​អ្នកធ្វើ​ល្អ​ទៅ​អ្នក​ដ៏ទៃ។ អ្នក​នឹង​ក្លាយ​ជា​មនុស្សមានអធ្យាស្រ័យ និង រួសរាយ ព្រម​ទាំង​ចង់​ចែក​រំលែក​រឿង​វិជ្ជមាន​ទាំង​ឡាយ​ដែល​អ្នក​មាន។ អ្នក​កាន់​តែ​បើក​ចិត្ត​ទៅ​កាន់​ពិភព​លោក​ជាង​មុន។

2. អ្នក​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិន​ដែល​ធ្វើ​ពី​មុន​មក
អ្នក​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ពេល​ដែល​អ្នក​បាន​នៅ​ជា​មួយ​គេ។ អ្នក​ចាប់​ផ្តើម​ចង់​ដឹង​ពី​ចំណូល​ចិត្ត និង ការ​កំសាន្តរបស់​គេ​កាន់​តែ​ច្រើនឡើង ដូច្នេះអ្នកមាន​គោល​បំណង​សាក​ល្បង​ធ្វើ​អ្វី​ថ្មីៗ​។ អ្នក​នឹង​ចង់​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជា​មួយ​គេ ញ៉ាំ​អាហារ ដើរលេង មើល​កុន ឬ​ទៅ​ក្លឹប​ហាត់​ប្រាណ​ជា​មួយ​គ្នា។ អ្នក​មាន​គោល​បំណង​ពេញ​ទី​នឹង​ធ្វើ​អ្វីៗជា​មួយ​គេ ទោះ​បី​ពី​មុន​មក​អ្នក​មិន​ចូល​ចិត្ត​វា​ក៏​ដោយ។

3. អ្នក​ហ៊ាន​លះ​បង់​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់
អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​តែង​ធ្វើ​អ្វី​ដើម្បី​គាត់​ជានិច្ច មិន​ថា​តិច​ឬ​ច្រើន គឺ​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​គាត់។ អ្នក​តែង​ចង់​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត និង​មិន​គិត​ច្រើន ព្រោះ​ពេល​អ្នក​ឃើញ​គាត់​សប្បាយ​ចិត្ត អ្នក​ក៏​រីករាយ​។ អ្នក​ទាំង​ពីរ​ព្រួយ​បារម្ភពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។ អ្នក​នឹង​ចំណាយ​ពេល​ទិញ​របស់​ដែល​គាត់​ចូល​ចិត្ត ចំអិន​អាហារជូន​គាត់ ហើយ​ក៏​ចាំ​ញ៉ាំាជា​មួយគ្នា។

4. គេ​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​រឹង​មាំ
នៅ​ពេល​​អ្នក​បាន​ជួប​មនុស្ស​ដែលបំពេញ​ឲ្យ​អ្នក អ្នក​កាន់​តែ​​មានអារម្មណ៍​ជឿជាក់​លើ​ខ្លួន​ឯង និង​រឹង​មាំជាង​មុន។ ពេល​អ្នក​មាន​បញ្ហា អ្នក​មាន​អារម្មណ៍​ថា​បាន​ធូរ​ស្បើយ​ពេល​ដែល​បាន​និយាយ​និង​ពិភាក្សា​ជាមួយ​គេ ព្រោះ​គេ​បាន​លួង​លោម ផ្តល់​កម្លាំង​ចិត្ត និង​ឲ្យ​ដំបូន្មាន​ល្អ​ៗ​ដល់​អ្នក។ ក្រោយ​ទៅ​អ្នក​នឹង​កាន់​តែ​មាន​ភាព​រឹង​មាំ​ឡើង ហើយ​អាច​ដោះ​ស្រាយ និង ប្រឈម​នឹង​បញ្ហា​បាន​យ៉ាង​ប្រសើរ។

5. អ្នក​ញញឹម​រហូត​ពេល​ដែល​នៅ​ម្នាក់ឯង
ពេល​រក​ឃើញ​គូ​ពិត​ប្រាកដ អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍សប្បាយចិត្ត​ប្លែកទោះ​បី​ជា​អ្នក​មិន​បាន​នៅ​ជាមួយ​គេក៏​ដោយ។ អ្នក​តែង​គិត​ពី​គេ​ ហើយ​ការចងចាំ​ទាក់​ទង​នឹង​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ញញឹម​រហូត។ ជាពិសេស ពេល​គេ​ផ្ញើរ​សារ ឬទូរសព្ទ​មក​រក​ អ្នក​មាន​អារម្មណ៍​រំភើប ហើយ​ក៏​រីករាយ ដែល​អ្នក​ណា​ក៏​មើល​ដឹង​ដែរ។

ប្រភព៖ Lifehack  ដោយ៖ ហ៊ាង សុគន្ធារី