ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​ប្រាប់​ថា ៖ អាការៈ​ធាត់​ជ្រុល​ពេក អាច​កាត់បន្ថយ​អាយុ​ដល់​ទៅ​១០​ឆ្នាំ​ – Kalib9 គំនិត | Kalib9
kalib9

ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​ប្រាប់​ថា ៖ អាការៈ​ធាត់​ជ្រុល​ពេក អាច​កាត់បន្ថយ​អាយុ​ដល់​ទៅ​១០​ឆ្នាំ​

បណ្ដា​វេជ្ជបណ្ឌិត បាន​ដឹង​អស់​ជាច្រើន​ឆ្នាំ​រួចមក​ហើយពី​ហានិភ័យ ​នៃ​សុខភាព​ដោយសារតែ​ឡើង​ទម្ងន់​កាយ​ជ្រុល​ហួសហេតុ​ពេក ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា ពេល​ដែល​ធាត់​ជ្រុល​ហួសហេតុ​ពេក អាច​កាត់បន្ថយ​អាយុ​រស់នៅ​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ។

ការសិក្សា​ស្រាវជ្រាវ​ដែល​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ Lancet បាន​ផ្តោត​ទៅលើ​ក្រុម​មនុស្ស​វ័យ​ចំណាស់​ដែល​មិន​ជក់បារី ដល់​ទៅ​៤​លាន​នាក់ ក្នុង​៣២​ប្រទេស ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ ២០១៥​។
ក្រុម​អ្នក​ជំនាញ​ឯកទេស​បាន​រក​ឃើញ​ថា អ្នក​ដែល​លើស​ទម្ងន់​កាយ​ជួន​ល្មម អាច​បាត់​បង់ជីវិត​១​ឆ្នាំ មុន​អាយុ​កំណត់ ហើយ​អ្នក​ធាត់​កម្រិត​មធ្យម​អាច​ខាត​អាយុ​រស់នៅ​រយៈពេល​៣​ឆ្នាំ។

លោក Emanuelle Di Angelantonio នៃ​សាកលវិទ្យាល័យ University of Cambridge ដែល​ដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​បាន​មានប្រសាសន៍ថា ករណី​ធាត់​ជ្រុល​ពេក អាច​ស្លាប់​មុន​អាយុ​កំណត់​រយៈពេល​១០​ឆ្នាំ​(​ឬ​ខាត​អាយុ​រស់នៅ​១០​ឆ្នាំ​)​។

ការស្រាវជ្រាវ​បាន​និយាយ​ប្រាប់​ថា ករណី​កើត​អាការៈ​ធាតុ​ គឺ​គ្រោះថ្នាក់​បំផុត​ចំពោះ​បុរស​ភេទ​ជាង​ស្ត្រីភេទ។ ក្រុម​អ្នក​ជំនាញ​ឯកទេស​បាន​ផ្សារភ្ជាប់​ការ​ពាក់ព័ន្ធ អាការៈ​កើត​ជំងឺ​ធាត់​នេះ​ទៅ​នឹង​ជំងឺ​បេះដូង អាការៈ​ដាច់​សរសៃឈាម​ខួរក្បាល​និង​មហារីក​៕