វាគួរឲ្យអស់សំណើច ប្រសិនបើអ្នកអានសៀវភៅ The Meaning of Wife – Kalib9 គំនិត | Kalib9
kalib9

វាគួរឲ្យអស់សំណើច ប្រសិនបើអ្នកអានសៀវភៅ The Meaning of Wife

វាគួរឲ្យអស់សំណើច ប្រសិនបើអ្នកអានសៀវភៅ The Meaning of Wife ដែលនិយាយអំពីស្ត្រី និងជីវិត អាពាហ៌ពិពាហ៌នៅសតវត្សទី២១។ វាមិនមែនជាការពិពណ៌នាវិជ្ជមានអំពីភរិយា និងអាពាហ៌ពិពាហ៌នោះទេ ប៉ុន្តែ វាប្រាប់អ្នកឲ្យដឹងថា លុយគឺជាបញ្ហាធំ។ លុយគឺជាអំណាច ហើយស្ត្រីនឹងទទួលរងឥទ្ធិពលពីវា ជាពិសេស នៅពេលពួកគេមិនអាចធ្វើការងារក្រៅផ្ទះ ហើយពឹងផ្អែកតែលើស្វាមី ឬក៏នៅពេលដែលពួកគេត្រូវនៅផ្ទះមើលកូន។

ប្រសិនបើអ្នកគឺជាស្ត្រីដែលមិនមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ពាក្យសាមញ្ញហៅថា «ស្ត្រីប្តីកាន់លុយ» ដូច្នេះ អ្នកគួរតែរកវិធីដោះស្រាយរឿងនេះ។ នេះមិនមែនមានន័យថា អ្នកត្រូវលែងលះ ឬកាត់ផ្តាច់ទំនាក់ទំនង មនោសញ្ចេតនាជាមួយស្វាមីនោះឡើយ។ វាមានន័យថា អ្នកគួរមានគណនីផ្ទាល់ខ្លួនមួយ ចាប់ផ្តើមស្វែងរក ចំណូលបន្តិចបន្តួច ហើយចាប់ផ្តើមបោះជំហានក្នុងការសន្សំប្រាក់ ដើម្បីឆ្ពោះទៅកាន់ឯករាជ្យភាពក្នុងការគ្រប់គ្រង ប្រាក់កាសដោយខ្លួនឯង។

ធ្វើដូចម្តេចដើម្បីក្លាយជាម្តាយដ៏ឯករាជ្យផ្នែកហិរញ្ញវត្ថុ ប្រសិនបើអ្នកមិនធ្វើការងារក្រៅផ្ទះ? គន្លឹះទាំងនេះ សម្រាប់អ្នកម្តាយនៅផ្ទះ ដែលដឹងច្បាស់ពីសារៈសំខាន់នៃភាពឯករាជ្យលើហិរញ្ញវត្ថុ ប៉ុន្តែមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច?

1. មានក្រេឌីតកាតជាឈ្មោះរបស់អ្នក៖ អ្នកប្រហែលជាគិតថាអ្នកមិនបាំបាច់ប្រើក្រេឌីតកាតទេ ព្រោះ គ្មានចំណូលផង។ ប៉ុន្តែ មានក្រេឌីតកាត អាចជួយអ្នក ដើម្បីទូទាត់វិក័យបត្រផ្សេងៗនៅពេលបន្ទាន់ ឬ នៅពេលដែលអ្នកត្រូវការឲ្យស្វាមី ឬនរណាម្នាក់ផ្ទេរប្រាក់មកឲ្យអ្នក។ ដូច្នេះ វាជាជម្រើសដ៏ល្អដែលអ្នកត្រូវ បើកក្រេឌីតកាតជាឈ្មោះរបស់អ្នក ដើម្បីងាយស្រួលបើកប្រាក់ ទិញគ្រឿងទេស សម្ភារៈក្នុងផ្ទះ ឬប្រើប្រាស់ ក្នុងករណីចាំបាច់ណាមួយ។

2. បើកគណនីធនាគារមួយដើម្បីសន្សំប្រាក់៖ ទោះបីជាអ្នកមានត្រឹម១០ដុល្លា ក៏អ្នកអាចបង្កើតគណនីធនាគារមួយ បានដែរ។ ពីព្រោះថា អ្នកប្រហែលជានឹងអាចលក់របស់របរចាស់ៗ ឬសន្សំបានប្រាក់ខ្លះ ហើយ ត្រូវការកន្លែងទុក។ អ្នកអាចនឹងមានការងារធ្វើ ឬមានប្រភពប្រាក់ចំណូលអសកម្មណាមួយ ដូច្នេះ ថ្ងៃណាមួយប្រាក់សន្សំទាំងនោះអាចនឹងជួយអ្នកបាន។

3. សិក្សាអំពីចំណូល និងចំណាយរបស់ប្តី៖ ប្រពន្ធគ្រប់រូបមិនមែនសុទ្ធតែត្រូវតាមដានពីចំណូល និងចំណាយ របស់ប្តីនោះឡើយ ប៉ុន្តែក្នុងនាមជាភរិយាមួយរូបគឺ ត្រូវរួមចំណែកគិតគូរពីចំណូល និងចំណាយក្នុងគ្រួសារ ដើម្បីកុំឲ្យចាយលើសចំណូល ដែលនាំឲ្យមានបំណុល ឬវិបត្តិហិរញ្ញវត្ថុទៅថ្ងៃអនាគត។ ប្រសិនបើអ្នកមិនអាច ដឹងទាំងស្រុង ក៏អ្នកគួរប៉ាន់ស្មានដឹង និងលៃលកចំណាយ ចំណូល និងការសន្សំប្រាក់ ដើម្បីគម្រោងអនាគត។

4. ចំណាយពេលមួយភ្លែតគិតអំពីចំណូលចិត្តរបស់អ្នក៖ តើមានអ្វីដែលអ្នកចូលចិត្តធ្វើ និងអាចរកប្រាក់ចំណូល បាន? ឧទាហរណ៍៖ ប្រសិនបើអ្នកចូលចិត្តការសរសេរ អ្នកប្រហែលជាអាចចាប់ផ្តើមសរសេរប្លុក ដើម្បី ទទួលបានប្រាក់ចំណូលអសកម្មខ្លះៗបានទៅថ្ងៃក្រោយ។

5. កុំទុកចោលជំនាញរបស់អ្នក៖ ប្រសិនបើធ្លាប់ធ្វើជាមេធាវី មុនពេលអ្នកមានកូន ហើយក្រោយមកអ្នកឈប់ធ្វើការ ដើម្បីមើលកូននៅផ្ទះ ដូច្នេះអ្នក អាចចាប់ផ្តើមស្ម័គ្រចិត្តផ្តល់ការប្រឹក្សាផ្នែកច្បាប់ណាមួយ។ ប្រសិនបើ អ្នកធ្លាប់ធ្វើការជាអ្នករត់តុ អ្នកអាចចាប់ផ្តើមធ្វើ វេនប្រចាំសប្តាហ៍បន្ថែម។ ប្រសិនបើអ្នកធ្លាប់ធ្វើជា ជំនួយការការិយាល័យ អ្នកគួរឆ្លៀតរកវិធីធ្វើការនេះពីផ្ទះមក ឬ អ្នកអាចស្ម័គ្រចិត្តប្រើជំនាញការិយាល័យរបស់អ្នក ដើម្បីបង្កើតជំនួញតូចមួយជាមួយនរណាម្នាក់។ អ្នកប្រហែលជាអាចចាប់ដៃគូជាមួយអ្នកម្តាយដែលមិនមាន ការងារក្រៅផ្ទះដូចគ្នា ដើម្បីបង្កើតមុខរបរតូចមួយ។

6. ⁣ទីផ្សារអនឡាញ ឬបណ្តាញសង្គម៖ ទោះបីជាទីផ្សារអនឡាញ និងនៅលើបណ្តាញសង្គម កំពុងកាន់តែតូចចង្អៀត តែមនុស្សនៅតែត្រូវការវាដើម្បីតភ្ជាប់ទំនាក់ទំនង។ អ្នកអាចប្រើប្រាស់ Etsy ដើម្បីលក់ ឬ ផ្គត់ផ្គង់របស់របរផ្សេងៗនៅលើទីផ្សារអនឡាញសកលលោក និងប្រើប្រាស់បណ្តាញសង្គម ដើម្បីណែនាំ ឬបង្ហាញផលិតផល ឬ សេវាកម្មរបស់អ្នក។

7. ពិភាក្សាជាមួយអ្នកជំនាញ៖ អ្នកអាចស្វែងរកអ្នកជំនាញដើម្បីពិភាក្សាអំពីការរៀបចំហិរញ្ញវត្ថុ តាមអនឡាញ តាមកម្មវិធីពិព័ណ៌ការងារ ឬទាក់ទងចូលក្រុមធនធានស្ត្រីជាដើម ដើម្បីទទួលបានព័ត៌មានអំពីការងារផ្សេងៗ។ វាសំខាន់ណាស់ដែលអ្នកត្រូវ មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ មុនពេលដែលបញ្ហាមកដល់។ ចូរចងចាំថា ប្រសិនបើអ្នកជាភរិយា គ្មានប្រាក់ចំណូល គ្មានកន្លែងត្រូវទៅ គ្មានជម្រើសណាផ្សេង ក្រៅពីលាដៃសុំលុយពីប្តី ទោះបីជាអាពាហ៌ពិពាហ៌រឹងមាំប៉ុណ្ណា ក៏នៅតែអាចមានបញ្ហាដែរ ៕