មានដឹងថាទីក្រុងណាស្ទះចរាចរណ៍ជាងគេដែរឬទេ? – Kalib9 ប្លែកៗ | Kalib9
kalib9

មានដឹងថាទីក្រុងណាស្ទះចរាចរណ៍ជាងគេដែរឬទេ?

ការដើរកំសាន្ត និងការធ្វើដំណើរគឺជារឿងពីរដែលយើងតែងតែធ្វើនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ តាមទិន្នន័យបានបង្ហាញថាពួកយើងតែងតែចំណាយពេល៨ភាគនៃជីវិតរបស់យើងទៅលើការធ្វើដំណើរទៅសាលារៀន ឬក៏ទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ។

មានទីក្រុងខ្លះមានផ្លូវធំទូលាយ ហើយអាចបើកបរបានយ៉ាងទូលាយនៅរៀងរាល់ចុងសប្តាហ៍ដែលមិនធ្វើឱ្យមានការធុញទ្រាន់ដល់អ្នកធ្វើដំណើរឡើយ។ យ៉ាងណាមិញ ទីក្រុងខ្លះតែងតែពោពេញទៅដោយ ឡាន និងយានយន្តផ្សេងៗដែលធ្វើឱ្យចរាចរណ៍មានភាពកកស្ទះ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់អ្នកធ្វើដំណើរ។ ខាងក្រោមនេះជាទីក្រុងទាំង១០នៃកកស្ទះចរាចរណ៍បំផុត៖

១០. បាងកក ប្រទេសថៃ

បាងកកជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកចូលចិត្តទិញទំនិញមកពីទាំងពិភពលោក ប៉ុន្តែចំនួនដ៏ច្រើននៃប្រជាជនបានធ្វើឱ្យមានបញ្ហាយ៉ាងខ្លាំងសម្រាប់ចរាចរណ៍នៅក្នុងទីក្រុង។ ការកើនឡើងដ៏ច្រើននូវចំនួនយានយន្តនៅក្នុងទីក្រុងបាងកក ដោយសារតែការកែសម្រួលច្បាប់ពន្ធចំពោះអ្នកដែលទិញរថយន្តថ្មីកាលពីឆ្នាំ២០១២។ រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យប្រជាជនទិញឡានថ្មី ខណៈដែលហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានអភិវឌ្ឍបន្ថែមនោះទេ។

បច្ចុប្បន្ន នៅក្នុងទីក្រុងមានឡានប្រមាណ ៥លានគ្រឿង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវមានកម្រិតទទួលបានត្រឹមតែយានយន្ត២លានគ្រឿងតែប៉ុណ្ណោះ។ តាមរយៈការសិក្សារបស់ INRIX Inc. អ្នកធ្វើដំណើរក្នុងទីក្រុងបាងកក ត្រូវចំណាយពេលជាមធ្យមប្រមាណ ៦៤.១ម៉ោងនៅក្នុងការស្ទះចរាចរណ៍នាឆ្នាំ២០១៦។ ការស្ទះនេះធ្វើឱ្យអ្នកបើកបរខាងបង់សាំងជាច្រើន។

 

៩. ឡុងដុង ប្រទេសអង់គ្លេស

នៅក្នុងទីក្រុងឡុង ឡានក្រុង ឡានដឹកទំនិញ តាក់ស៊ី និងឡានទូទៅតែងតែជាប់ស្ទះចរាចរណ៍ជារៀងរាល់ព្រឹកដែលធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងក្នុងការទៅសាលា និងទៅធ្វើការ។

នៅឆ្នាំ២០០៣ ការបង់ប្រាក់សម្រាប់ការស្ទះចរាចរណ៍ត្រូវបានដាក់ចេញក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងវិញនៅក្នុងទីក្រុង។ ការបង់ប្រាក់នេះបានចាប់ផ្តើមឡើងដោយជោគជ័យ ដោយយានយន្តចាប់ផ្តើមធ្វើដំណើរនៅក្នុងល្បឿនជាមធ្យម 10.9mph ប្រៀបធៀបទៅកាលពីឆ្នាំមុខដែលពួកគេធ្វើដំណើរនៅក្នុងល្បឿនជាមធ្យម 8.8mph តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ នៅឆ្នាំ២០១៥ ល្បឿនជាមធ្យមសម្រាប់យានយន្តនៅក្នុងតំបន់នេះធ្លាក់ចុះមកនូវត្រឹមតែ 8.3mph តែប៉ុណ្ណោះ។ ដំណើរដ៏អាក្រក់នៃការធ្វើចរាចរណ៍នេះគឺកើតឡើងមកពីការកើនឡើងនូវការជួលឡាន Uber ការដឹកជញ្ជូនរបស់ Amazon និងការដំឡើងផ្លូវសម្រាប់អ្នកជិះកង់នៅក្នុងទីក្រុង។

 

៨. បុមបៃ ប្រទេសឥណ្ឌា

ការជាប់ស្ទះនៅក្នុងចរាចរណ៍នៅក្នុងទីក្រុងបុមបៃគឺជារឿងធម្មតាសម្រាប់អ្នកបើកបរទៅហើយ។ បើទោះបីជាទីក្រុងនេះធ្លាប់ល្បីថាជាកន្លែងដែលមានអ្នកគោរពច្បាប់នៃការបើកបរបានល្អក៏ដោយ ឥលូវនេះបានក្លាយជាទីក្រុងមួយដែលមានការកកស្ទះយ៉ាងអាក្រក់បំផុត។

មូលហេតុចំបងនៃការស្ទះចរាចរណ៍នៅក្នុងទីក្រុងនេះគឺការមិនគោរពច្បាប់ចរាចរណ៍ដូចជាការមិនគោរពភ្លើងសញ្ញា មិនគោរពផ្លូវអ្នកថ្មើរជើង ការបើកបញ្ចា្រស់ផ្លូវ ក៏ដូចជាការកើនឡើងនូវរថយន្តផ្ទាល់ខ្លួន និងការដ្ឋានពង្រីកផ្លូវផងដែរ។

 

៧. ប៉ីជីង ប្រទេសចិន

យោងតាមក្រុមហ៊ុន AutoNavi Software Co in. នៅឆ្នាំ២០១៥ អ្នកធ្វើដំណើរក្នុងទីក្រុងប៉ីជីងត្រូវចំណាយពេលជាមធ្យម៣២នាទីសម្រាប់ការស្ទះចរាចរណ៍នៅក្នុងការធ្វើដំណើរនៅក្នុងម៉ោងដែលរវល់បំផុត។ ផ្លូវ The Worker Stadium North គឺជាផ្លូវដែលស្ទះចរាចរណ៍ជាងគេបំផុតនៅក្នុងឆ្នាំ២០១៥ ដោយជាមធ្យមការស្ទះមានរយៈពេលសរុបជាង១៦២ម៉ោងគិតចាប់ពីខែមេសា ដល់ខែកក្កដា។

យោងទៅតាមរបាយការណ៍របស់ Wall Street Journal ល្បឿនក្នុងការធ្វើដំណើរជាមធ្យមក្នុងទីក្រុងប៉ីជីងគឺ 7.5mph ហើយមូលហេតុចំបងដែលធ្វើឱ្យមានការស្ទះចរាចរណ៍គឺចំនួនយានយន្តច្រើនពេក។ នៅក្នុង២០១០ មានឡានប្រមាណជាង៥លានគ្រឿងនៅលើផ្លូវនៃទីក្រុងនេះ និងចំនួនប្រជាជនប្រមាណ២០លាននាក់។ នៅឆ្នាំ២០១៥ រដ្ឋាភិបាលប៉ីជីងចាប់ផ្តើមរឹតបន្តឹងនៅលើការទិញឡានថ្មី និងចុះតម្លៃសម្រាប់ការធ្វើដំណើរតាមរថភ្លើងដើម្បីកាត់បន្ថយការកកស្ទះ។

 

៦. Los Angeles សហរដ្ឋអាមេរិក

នៅឆ្នាំ២០១៥ ការបើកបរនៅក្នុងតំបន់ Santa Ana ក្នុងរដ្ឋ Los Angeles ត្រូវចំណាយពេលជាមធ្យមប្រមាណ ៨១ម៉ោងសម្រាប់ការស្ទះចរាចរណ៍។ ហើយមូលហេតុចំបងនៃការស្ទះនេះគឺយានយន្តដ៏ច្រើនរបស់ប្រជាជនដែលរស់នៅទីនោះ។

 

៥. Luanda ប្រទេស Angola

Luanda គឺជារាជធានីរបស់ប្រទេស Angola ដែលមានប្រជាជនប្រមាណ៦លាននាក់រស់នៅ។ Luanda ជាកន្លែងមួយដែលចាត់ទុកជាទីក្រុងដែលត្រូវចំណាយយ៉ាងច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងការរស់នៅ ហើយប្រជាជនប្រមាណ៥៣ភាគរយរស់នៅក្នុងភាពក្រីក្រ។ បញ្ហាចរាចរណ៍ជាបញ្ហាចំបងនៅក្នុងទីក្រុងនេះដែលកើតឡើងដោយសារតែប្រព័ន្ធផ្លូវមិនធំទូលាយ។ ផ្លូវទាំងនោះកំពុងស្ថិតនៅក្នុងការជួសជុលឡើងវិញ។

 

៤. Cairo ប្រទេសអេស៊ីប

មានប្រជាជនច្រើនជាង១៩លានអ្នកកំពុងរស់នៅក្នុងតំបន់ទីប្រជុំជននៅ Cairo ដែលស្មើនឹងមួយភាគប្រាំនៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ។ ការកកស្ទះនៅក្នុងទីក្រុងនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលនាំឱ្យផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជន។

ការកកស្ទះកាន់តែយូរ ការខាតបង់ប្រេងសាំងកាន់តែច្រើន ហើយក៏មានការបះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដោយសារតែផ្សែងដែលចេញពីយានយន្ត នៅពេលដែលស្ទះនោះ។ ការផ្តល់ជំនួយជាប្រេងសាំងជាមូលហេតុចំបងនៃការស្ទះនេះ ដោយតម្លៃនៃប្រេងសាំងទាបធ្វើឱ្យប្រជាជនចាប់ផ្តើមទិញយានយន្តជិះច្រើន។

 

៣. Sao Paolo ប្រទេសប្រេស៊ីល

ទីក្រុង Sao Paolo នៅក្នុងប្រទេសប្រេស៊ីលជាកន្លែងដែលមានការកកស្ទះចរាចរណ៍ខ្លាំងបំផុតដែលអាចមានប្រវែងរហូតដល់ ១០០km ឬអាចដល់ ២០០km ក្នុងកំឡុងពេលអាកាសធាតុមិនសូវល្អ និងចុងសប្តាហ៍។

ទីក្រុងនេះជាទីក្រុងមានប្រជាជនរស់នៅច្រើនទី៧ជាមួយនឹងប្រជាជនចំនួន១១.៣លាននាក់។ ទីក្រុងនេះមានយានយន្តប្រមាណ៧លានគ្រឿង ហើយការកកស្ទះយូរនេះធ្វើឱ្យអ្នកធ្វើដំណើរខាតពេលវេលាយូរ មានការបំពុលខ្យល់ និងពិបាកក្នុងការរកស៊ីប្រកបរបរដែលពាក់ព័ន្ធនឹងល្បឿន និងពេលវេលា។ កំនើននៃចរាចរណ៍ក្នុងមួយឆ្នាំៗនៅ Sao Paolo មាន 7.5% ជាប្រចាំ។ ជាទូទៅប្រចាំថ្ងៃអ្នកធ្វើដំណើរត្រូវចំណាយពេលជាមធ្យម ៣ ទៅ៤ម៉ោងក្នុងការស្ទះចរាចរណ៍។

 

២. Dhaka ប្រទេសបង់ក្លាដែល

នៅក្នុងទីក្រុង Dhaka បញ្ហាកកស្ទះជាបញ្ហាដែលមិនអាចជៀសផុត។ ការកកស្ទះដ៏អាក្រក់នៅក្នុងទីក្រុងនេះកើតឡើងដោយសារតែការរៀបចំហេដ្ឋារចនាសម្ព័ន្ធមិនបានត្រឹមត្រូវ និងភាពកម្សោយនៃរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលតែងតែខូចខាតនៅពេលទឹកជំនន់ ព្រោះតែមិនមានលូគ្រប់គ្រាន់ មានផ្លូវតូចៗ និងមិនមានផ្លូវផ្សេងសម្រាប់វាង។ មានការលើកឡើងថា ទីក្រុងនេះត្រូវការផ្លុវបន្ថែមទៀតដើម្បីដោះស្រាយនូវបញ្ហាការកកស្ទះនេះ។

 

១. Lagos ប្រទេស Nigeria

ទីក្រុង Lagos គឺជាកន្លែងដែលស្ទះចរាចរណ៍ជាងគេបំផុតក្នុងពិភពលោកជាមួយនឹងចំនួនប្រជាជនប្រមាណជាង២១លាននាក់កំពុងរស់នៅ។ ការជួយកាត់បន្ថយនៃតម្លៃប្រេងសាំងជាមូលហេតុចំបងក្នុងការធ្វើឱ្យកកស្ទះនេះ។

ផ្លូវនៅក្នុងទីក្រុង Lagos មានកម្រិត និងមិនមានផ្លូវវាងក្រុងណាផ្សេងទៀតឡើយ។ ច្រើនប្រជាជនដ៏ច្រើនក៏ជាបញ្ហាដែលនាំឱ្យមានការកកស្ទះព្រោះតែការមិនបានអភិវឌ្ឍរចនាសម្ព័ន្ធបន្ថែមដើម្បីសម្រួលដល់ចំនួនប្រជាជនដែលកំពុងតែកើនឡើង។ ការធ្វើដំណើរក្នុងទីក្រុង Lagos នៅក្នុងម៉ោងដែលរវល់បំផុតអាចមានការកកស្ទះរហូតដល់៤ម៉ោងឯណោះ។

រៀបរៀងដោយ៖ ច្បាស់ណាស់

ប្រភព៖ Worldatlas

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!