IT វ័យ​ក្មេង រៀន​​ត្រឹម​ថ្នាក់​បឋម តែ​ចេះ​សរសេរ​កូដ ៣ ភាសា(មាន​វីដេអូ) – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

IT វ័យ​ក្មេង រៀន​​ត្រឹម​ថ្នាក់​បឋម តែ​ចេះ​សរសេរ​កូដ ៣ ភាសា(មាន​វីដេអូ)

ការ​សរសេរ​កូដ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ សូម្បី​តែ​និស្សិត​ថ្នាក់​មហាវិទ្យាល័យ​ក៏​ត្អូញ​ដែរ ដោយសារ​ជា​ការងារ​ស្មុគ​ស្មាញ​ត្រូវ​ការ​ដោះ​ស្រាយ​ច្រើន។ តែ​បញ្ហា​​ទាំង​នោះ​បាន​ក្លាយ​​ជា​ងាយ​ស្រួល​ទៅ​វិញ​សម្រាប់ គង់ ប៊ុន​ថុង ដែល​​ជា​ក្មេង​ប្រុស​​ម្នាក់​រៀន​ត្រឹម​ថ្នាក់​​បឋម។

#រៀន​សរសេរ​កូដ តែ​ថ្ងៃ​ចុង​សប្ដាហ៍៖

ទោះ​រវល់​រៀន​សាលា​ភាសា​ខ្មែរ​ពេញ​ម៉ោង(ថ្នាក់​ទី ៧) និងថ្នាក់​ភាសា​​អង់គ្លេស​(ថ្នាក់​ទី ៥) តាំង​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ តែ ប៊ុន​ថុង ត្រូវ​រៀន​​ថ្នាក់​ភាសា​កុំព្យូទ័រ​មួយ​ទៀត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។

រៀន​នៅ​ថ្នាក់​សរសេរ​កូដ​វិបសាយ កម្រិត Junior ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ រូប​គេ​​អាច​យល់​ពី​គ្រឹះ​ភាសា​កូដ​បាន ហើយ​មាន​សមត្ថភាព​អាច​ចូល​រៀន និង​ប្រជែង​ជាមួយ​សិស្ស​ច្បង​ធំៗ​កម្រិត Senior ។ មិន​ត្រឹម​តែ​អាច​រៀន​ជាមួយ​និស្សិត​បាន​នោះ​ទេ ថែម​​ទាំង​ជា​សិស្ស​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ថ្នាក់​ផង​ដែរ។ រាល់​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ ប៊ុន​ថុង តែង​ធ្វើ​រួច​មុន​កំណត់​ទៅ​ទៀត។

#មក​រៀន​សរសេរ​កូដ ព្រោះ​លេង​ហ្គេម​ច្រើន​ពេក៖

ក្រោយ​ពេល​ទំនេរ​ពី​ការ​រៀន​សាលា​ចំណេះដឹង​ទូទៅ សិស្ស​ថ្នាក់​ទី ៥ រូប​នេះ​តែង​តែ​ចំណាយ​ពេល​លេង​ហ្គេម​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ។ នេះ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​គេ សម្រេច​ចិត្ត​យក​ទៅ​ដាក់​ឲ្យ​រៀន​ថ្នាក់​ភាសា​កុំព្យូទ័រនៅ​សាលា​ជំនាញ​ព័ត៌មានវិទ្យា​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

ប៊ុនថុង បាន​និយាយ​ថា៖ “ប៉ា​ គាត់​ឃើញ​​ខ្ញុំ​លេង​តែ​ហ្គេម គាត់​ក៏​ហាម​កុំ​លេង​ច្រើន​ពេក តែ​មក​ពី​ខ្ញុំ​ចូលចិត្ត​កុំព្យូទ័រ គាត់​ក៏​មក​ចុះ​ឈ្មោះ​ឲ្យ​រៀន​ថ្នាក់​សៅរ៍-អាទិត្យ​មួយ​ទៀត​កុំ​ឲ្យ​ទំនេរ​លេង​ហ្គេម​”។

#ពូកែ​​ឆ្ងល់​៖

ត្បិត​តែ ប៊ុន​ថុង ជា​ក្មេង តែ​​ចូលចិត្ត​សួរ ចេះ​ឆ្ងល់ កន្លែង​ណា​ដែល​មិន​ចេះ គេ​សួរ YouTube ឬ Google។ បើ​គាំង​មែន​ទែន សួរ​សិស្ស​ច្បង​ដែល​រៀន​ជាមួយ ឲ្យ​គេ​ជួយ​ប្រាប់។

ប៊ុន​ថុង ចំណាយ​ពេល​តែ ១ ឆ្នាំ​​ផ្លោះ​ចូល​ថ្នាក់ Senior មក​ទល់​ពេល​នេះ គេ​ចេះ​សរសេរ​កូដ​វិបសាយ​ដូច​ជា HTML, CSS, Javascript និង​ចេះ​បង្កើត​វិបសាយ ដោយ​មិន​សរសេរ​កូដ​​បាន​មួយ​ចំនួន​ផង​ដែរ​ដូច​ជា វិបសាយ​ស្វែង​រក​កន្លែង​ញ៉ាំ​អីនៅ​ភ្នំពេញ និង​វិបសាយ​អ្នក​គាំទ្រ​ក្លឹប​បាល់​ទាត់ Real Madrid​។

ក្រៅ​ពី​នេះ ក៏​អាច​បង្កើត​បាន​ហ្គេម​​មួយ​ សម្រាប់​លេង​ម្នាក់​ឯង​លើ​អនឡាញ ពេល​អផ្សុក​ទៀត​ផង​។

ប៊ុន​ថុង និង​គ្រួ​សារ​

#ថ្ងៃ​អនាគត

ប៊ុន​ថុង ចង់​ក្លាយ​ទៅ​ជា​អ្នក​អភិវឌ្ឍន៍​វិបសាយ(Web Developer) ហ្គេម និង​វិបសាយ​ទិញ-លក់​ឥវ៉ាន់​អនឡាញ។ ជាង​នេះ​ទៀត ដោយ​សារ​តែ​ឪពុក​គេ ជា​អ្នក​រកស៊ី​ទិញ-លក់​ម៉ូតូ រូប​គេ​ចង់​បង្កើត​ជា​ទីផ្សារ​អនឡាញ​មួយ ដើម្បី​ជួយ​សម្រួល​ការងារ​ទាំង​នោះ៕

#ចង់​ដឹង​ច្បាស់ ទស្សនា​វីដអូ​ខាង​ក្រោម៖

អត្ថបទ៖ រក្សា/SN

error: Content is protected !!