សញ្ញា ៨យ៉ាង បញ្ជាក់ថារាងកាយរបស់អ្នកអាចនឹងខ្វះជាតិប្រូតេអ៊ីន – Kalib9 ប្លែកៗ | Kalib9
kalib9

សញ្ញា ៨យ៉ាង បញ្ជាក់ថារាងកាយរបស់អ្នកអាចនឹងខ្វះជាតិប្រូតេអ៊ីន

យើងដឹងហើយថា ប្រូតេអ៊ីន មានសារៈសំខាន់ណាស់សម្រាប់សារពាង្គកាយរបស់យើងគ្រប់គ្នា។ ប្រសិនបើយើងខ្វះជាតិប្រូតេអ៊ីន សុខភាពរាងកាយនឹងមានបញ្ហា។ ការសិក្សាមួយបានបង្ហាញថា មនុស្សប្រហែលមួយពាន់លាននាក់ទូទាំងពិភពលោក មានបញ្ហាកង្វះប្រូតេអ៊ីន ជាពិសេសនៅអាហ្រ្វិចកណ្ដាល និងអាស៊ីខាងត្បូង ដែលមានកុមារលើសពី ៣០% ឯណោះ ទទួលបានប្រូតេអ៊ីនមិនគ្រប់គ្រាន់។

ចុះតើយើងដឹងយ៉ាងម៉េចបាន ថារាងកាយរបស់យើងមានការខ្វះខាតប្រូតេអ៊ីន? ខាងក្រោមនេះ គឺជារោគសញ្ញានៃកង្វះប្រូតេអ៊ីន ៖

១. ឃ្លានអាហារ

ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាឃ្លានអាហារ និងចំនីជាប់ជានិច្ច ទោះបីជាបានញ៉ាំឆ្អែតហើយក៏ដោយនោះ ជាសញ្ញាមួយបង្ហាញថា របបអាហាររបស់អ្នកសម្បូរទៅដោយជាតិស្ករ ដែលអាចផ្ដល់កាឡូរីអោយរាងកាយគ្រប់គ្រាន់ ប៉ុន្តែប្រូតេអ៊ីននៅក្នុងអាហារមានកម្រិតទាប បើប្រៀបធៀបនឹងទំហំកាឡូរីនោះ។

២. ខ្សោយសាច់ដុំ និង​ឈឺសន្លាក់

ប្រូតេអ៊ីនយ៉ាងច្រើនបំផុតក្នុងរាងកាយ ត្រូវបានផ្ទុកនៅក្នុងសាច់ដុំដែលវាមាននាទីជួយអោយសាច់ដុំរឹងមាំ។ ដូច្នេះកង្វះប្រូតេអ៊ីន នឹងធ្វើអោយសាច់ដុំខ្សោយ ឈឺចុកចាប់ និងស្វិត ហើយអាចបណ្ដាលអោយឈឺសន្លាក់ទៀតផង។

៣. បញ្ហាស្បែក និងក្រចក

កង្វះប្រូតេអ៊ីន អាចបណ្ដាលអោយក្រចករបស់អ្នកផុយ ឬក្នុងករណីខ្លះអាចមានបន្ទះសៗ និងចំណុចពណ៌ត្នោតនៅលើក្រចក។

ប្រូតេអ៊ីនមាននាទីផលិតកោសិកាស្បែកថ្មីដើម្បីជំនួសកោសិកាចាស់ៗដែលខូចទៅ។ កាលដែលរាងកាយរបស់យើងមានកង្វះប្រូតេអ៊ីន វានឹងធ្វើអោយស្បែកខូច ស្ងួត និងរលាក។

៤. ជ្រុះសក់

សរសៃសក់របស់យើងត្រូវបានបង្កើតឡើងពីលើសពី៩០% ដោយប្រូតេអ៊ីនម្យ៉ាង មានឈ្មោះថា កេរ៉ាទីន (Keratine)។ ក្នុងករណីអ្នកមិនបានទទួលជីវជាតិគ្រប់គ្រាន់ ដែលបណ្ដាលអោយខ្វះជាតិកេរ៉ាទីន នោះសក់របស់អ្នកនឹងស្ដើង ហើយមានពណ៌ស្លេក។

៥. ខ្លាញ់រុំថ្លើម

ខ្លាញ់រុំថ្លើម (Fatty liver) ជាសញ្ញាទូទៅបំផុតនៃកង្វះជាតិប្រូតេអ៊ីន ហើយ​បើអ្នកមិនបានព្យាបាលនោះទេ វានឹងវិវត្តទៅជាជម្ងឺដែលអាចធ្វើអោយថ្លើមរលាក និងចុះខ្សោយ។ ជម្ងឺខ្លាញ់រុំថ្លើមនេះ ក៏អាចកើតមានលើអ្នកផឹកស្រាច្រើន មនុស្សធាត់ និងក្មេងផងដែរ។

៦. ប្រឈមនឹងការបាក់ឆ្អឹង

វេជ្ជបណ្ឌិត Axe បានលើកឡើងថា​ ប្រូតេអ៊ីនមាននាទីជួយក្នុងការស្រូបយកជាតិកាល់ស្យូម និងជួយក្នុងមេតាបូលីសរបស់ឆ្អឹង។ កង្វះប្រូតេអ៊ីន នឹងកាត់បន្ថយភាពរឹងមាំរបស់ឆ្អឹង ហើយធ្វើអោយឆ្អឹងងាយបាក់។

៧. គេងមិនលក់

ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ វាអាចទាក់ទង​នឹងកង្វះប្រូតេអ៊ីន។ ប្រូតេអ៊ីនដែលបានមកពីអាហារ ទៅរំញោច ទ្រីបតូហ្វាន (Triptophan) ដែល​ជាអាស៊ីតអាមីណេមាននាទីអោយងងុយគេង។ អ្នកគួរតែទទួលទានអាហារសំបូរប្រូតេអ៊ីន នៅយប់បន្តិចកៀកនឹងពេលចូលគេង ដើម្បីអោយគេងលក់ស្រួលជាងមុន។

៨. ខ្សោយខួរក្បាល

ប្រូតេអ៊ីនជួយអោយខួរក្បាលរបស់អ្នកដំណើរការបានល្អ។ កង្វះប្រូតេអ៊ីននឹងធ្វើអោយការចងចាំចុះខ្សោយ ហើយពិបាកនឹងចាប់បាននូវអ្វីដែលថ្មី។

យោងតាម USDA ក្នុងមួយថ្ងៃ រាងកាយ​របស់យើងត្រូវការប្រូតេអ៊ីន ៥៦ក្រាម ចំពោះបុរស​ ៤៦​ក្រាម​ ចំពោះស្ត្រី និង​ក្មេងចន្លោះ ១៩ក្រាម​ ទៅ ៣ា៤ក្រាម ទៅតាមអាយុពួកគេ។ ប៉ុន្តែបរិមាណនេះអាចប្រែប្រួល  ប្រសិនបើអ្នកមានផ្ទៃពោះ ឬមានជម្ងឺ។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ អ្នកគប្បីទទួលទានសាច់ និងអាហារសម្បូរប្រូតេអ៊ីនអោយបានគ្រប់គ្រាន់ ដើម្បីកុំអោយរាងកាយរបស់យើងខ្វះប្រូតេអ៊ីន។

ប្រភព ៖ Brightside

 

error: Content is protected !!